ខេត្តព្រៃវែង ៖ យុវជន២នាក់រងរបួសក្បាល និងដៃយ៉ាងធ្ងន់ធ្ងរ បណ្តាលមកពីជនពាលចូលមកចាប់ទាញក្បាលកាប់ដ៏សាហាវឃោឃៅមិនដឹងអំពីមូលហេតុធ្វើឲ្យផ្អើលមនុស្សពេញហាងកាហ្វេ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៨ ធ្នូ ២០១៤ នៅក្នុងហាងកាហ្វេ ស្ថិតនៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ៍។
បើតាមសមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះម្នាក់ឈ្មោះវ៉េត សារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិកោះចេក ឃុំកោះចេក ស្រុកពាមជរ៍ រងរបួសក្បាលផុងលលាដ៏ហូរឈាមស្រោចដងខ្លួន និងម្នាក់ទៀត ឈ្មោះស៊ី វិសាល ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ កន្លែងកើតហេតុខាងលើ រងរបួសកំភួនដៃខាងឆ្វេងដាច់សរសៃធ្ងន់ធ្ងរ ជាកូនប្រុសលោកមេប៉ុស្តិ៍រដ្ឋបាលឃុំស្វាយភ្លោះ។ ជនរងគ្រោះឈ្មោះវ៉េត សារិទ្ធ បានឲ្យដឹងថា រូបគេមិនដែលស្គាល់ជនពាលនោះទេ និងមិនដែលមានជម្លោះជាមួយអ្នកណាម្នាក់ឡើយ ហើយមុនពេលកើតហេតុរូបគេបានជិះម៉ូតូមកផឹកកាហ្វេនៅហាងជិតសាលាស្រុកពាមជរ៍ ជាមួយឈ្មោះស៊ី វិសាល និយាយគ្នាលេង ស្រាប់តែមានជនពាលម្នាក់ដើរចូលមកក្នុងហាងកាហ្វេ ហើយចាប់ក្បាលជាប់ និងយកកាំបិតបុ័ងតោកាប់ក្បាលមួយកាំបិត រួចយាកាប់មួយកាំបិតទៀត ពេលនោះឈ្មោះវិសាល ឃើញក៏ស្ទុះចូលមករង ក៏ត្រូវមួយកាំបិតចំកំភួនដៃឆ្វេងធ្ងន់ធ្ងរដែរ ធ្វើឲ្យផ្អើលអ្នកផឹកកាហ្វេស្រែកឆោឡោ ទើបជនពាលរត់គេចខ្លួនបាត់ភ្លាមៗ។ ពុំមានអ្នកណាបានស្គាល់ជននោះឡើយ ក្រោយមកក្រុមគ្រួសារជនរងគ្រោះ ក៏ហៅរថយន្តដឹកជនរងគ្រោះមកមន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះ។
ទាក់ទិនករណីខាងលើលោកនាយនគបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយភ្លោះ កំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសឲ្យខាងតែបាន ដោយដាក់ការសន្និស្ថានថា ជារឿងគំនុំ ហើយពេលជនរងគ្រោះមកផឹកកាហ្វេជននេះឃើញក៏ចូលទៅកាប់ប្រហារតែម្តង។ ទោះបីជាយ៉ាងណាក៏ដោយ រង់ចាំចាប់ខ្លួនជនបង្កបានសិន ទើបដឹងការពិត៕
ចែករំលែកព័តមាននេះ