ខេត្តស្វាយរៀង ៖ យុវជនម្នាក់បានរងរបួសធ្លាយពោះវៀនមួយទ្រេលចេញមកក្រៅ ដោយសារចោរស្រីដៃឆៅម្នាក់ បបួលយកទៅកន្លែងស្ងាត់ រួចចាក់មួយកាំបិតចុងស្រួច ប៉ុនប៉ងប្លន់យកម៉ូតូ និងខ្សែ.កមាស ក៏ប៉ុន្តែមិនបានសម្រេច ដោយសារអ្នកស្រុកឃើញ ក៏ព្រួតគ្នាព័ទ្ធចាប់ប្រគល់ឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៥ ធ្នូ នៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។
នគបាលក្រុងបាវិត បានឱ្យដឹងថា ចោរស្រីដៃឆៅនេះ ឈ្មោះ ខុន ស្រីឌី អាយុ២០ឆ្នាំ ជាកម្មការិនីរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន មានទីលំនៅក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត បានបបួលយុវជន រួន ភិរម្យ អាយុ១៧ឆ្នាំ ជាកម្មកររោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនដូចគ្នា មានទីលំនៅក្នុងភូមិគម្ពោធលៀប សង្កាត់ច្រកម្ទេស ក្រុងបាវិត ទៅកាន់កន្លែងស្ងាត់ ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុយុវជនរូបនេះចេញពីធ្វើការដោយជិះម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៣ បម្រុងត្រឡប់ទៅផ្ទះវិញ ស្របពេលនោះនាង ខុន ស្រីឌី បានចេញមកសុំជួលឱ្យឌុបទៅផ្សារក្នុងមណ្ឌលកម្សាន្តក្រុងបាវិត ដែលមានទីតាំងនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ដើម្បីរកទិញអីវ៉ាន់ និងឌុបបន្តទៅស្រុកចន្ទ្រា ដោយឱ្យឈ្នួល២មុឺនរៀល ។ ដោយយល់ថាជាស្ត្រីភេទ និងមានរូបរាងស្អាតបាតផង យុវជន រួន ភិរម្យ ក៏បានយល់ព្រមដោយគ្មានការព្រួយបារម្ភ ហើយក៏ដឹកនាងចេញពីតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ទៅកាន់មណ្ឌលកម្សាន្តតាមបំណង ។ ពេលនោះនាងបានចូលទៅទិញកាំបិតចិតបន្លែមួយ ដាក់ក្នុងកាបូប រួចមកឡើងជិះម៉ូតូវិញ និងឱ្យឌុបបន្តទៅស្រុកចន្ទ្រាទៀត ។
ជនរងគ្រោះបានជិះម៉ូតូចូលតាមផ្លូវតាព្រឹម តែពេលជនរងគ្រោះឌុបដល់ខាងត្បូងព្រៃចម្ការកូនគគីរ ស្ត្រីរូបនេះក៏ឱ្យយុវជន រួន ភិរម្យ បើកម៉ូតូត្រឡប់មកផ្លូវជាតិវិញ រួចជិះទៅតាមផ្លូវភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ។ ខណៈពេលបើកមកផុតផ្ទះអ្នកស្រុក និងដល់កន្លែងស្ងាត់ ស្រាប់តែស្ត្រីដៃឆៅរូបនេះ ដកកាំបិតចាក់ពោះ រួន ភិរម្យ មួយកាំបិត ធ្លាយចេញពោះវៀនមួយទ្រេលមកក្រៅ ភ្លាមនោះយុវជនរូបនេះក៏ឈប់ម៉ូតូ ចំណែកចោរស្រីដៃឆើត បានស្ទុះចូលមកក្នុងបំណងឆក់យកខ្សែ.កទម្ងន់៥ជី តែមិនបានសម្រេច ដោយសារគ្រានោះប្អូនប្រុសរបស់ជនរងគ្រោះ បានមកតាមក្រោយ និងឃើញហេតុការណ៍ ក៏ស្រែកឆោឡោឱ្យគេជួយ ។ ពេលនោះអ្នកស្រុកបានឮ ក៏នាំគ្នាចេញមកព័ទ្ធស្ទាក់ចាប់ស្ត្រីដៃឆៅរូបនេះបានភ្លាមៗប្រគល់ឱ្យនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃអង្គុញ ចំណែកយុវជនរងរបួសត្រូវបានហៅរថយន្តសាមុយដឹកទៅកាន់មន្ទីរពេទ្យបង្អែកជីភូ ដើម្បីសង្គ្រោះ ។
នេះជាលើកទីមួយហើយក្នុងទឹកដីខេត្តស្វាយរៀង ដែលមានស្ត្រីដៃឆើតតែម្នាក់ឯង ហ៊ានបបួលមនុស្សប្រុសយកទៅប្លន់ ដោយប្រើកាំបិតចាក់យ៉ាងសាហាវបែបនេះ ។ សមត្ថកិច្ចសន្និដ្ឋានថា ស្ត្រីរូបនេះពិតជារៀបផែនការប្លន់ទុកជាមុន និងបានតាមមើលជនរងគ្រោះយូរថ្ងៃណាស់មកហើយ ទើបធ្វើសកម្មភាពប្លន់។ នៅថ្ងៃនោះ ដោយសារមេឃមិនទាន់ងងឹត ក៏ប្រើល្បិចល្បួងជនរងគ្រោះឱ្យឌុបចុះឡើងរហូតព្រលប់ និងទៅដល់ផ្លូវស្ងាត់ ក៏ចាប់ធ្វើសកម្មភាពតែម្តង ៕
ចែករំលែកព័តមាននេះ