រាជធានីភ្នំពេញ ៖ យុវជនម្នាក់បើកម៉ូតូទៅបុកជាមួយរថយន្តសាំយ៉ុងពេញទំហឹងបណ្តាលឱ្យប្លោងចម្ងាយ១០ម៉ែត្រធ្លាក់បោកទៅលើផ្លូវរបួសបាក់ដៃ បាក់ជើងបន្ទាប់មកបានស្លាប់នៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧ និង៤០នាទីយប់ ថ្ងៃទី២៧ វិច្ឆិកា ២០១៤ នៅចំណុចក្លោងទ្វារវត្តភ្នៀតសមព្លី តាមផ្លូវអូរឌឹមកប់ស្រូវ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
យុវជនរងគ្រោះមានឈ្មោះ អ៊ុយ ម៉េងហ័ង អាយុ២០ឆ្នាំ ជាកម្មករធ្វើលូរ ស្នាក់នៅក្នុងសង្កាតគីឡូម៉ែត្រលេខ១ ខណ្ឌឬស្សីកែវ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកសង់សេ១០០ កូរ៉េ ពណ៌ក្រហមមួយគ្រឿង ពាក់ស្លាកលេខគ.៥៧៣៦ ដោយធ្វើដំណើរតែម្នាក់ឯងចេញពីវត្តភ្នៀត តាមផ្លូវអូរឌឹមកប់ស្រូវក្នុងទិសដៅពីលិច ទៅកើត ខណៈមកដល់ចំណុចកើតហេតុ ក៏បានជិះទៅបុកជាមួយរថយន្តសាំយ៉ុងពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2T-2056 ដែលបើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើង ចំពេញទំហឹងបណ្តាលឱ្យយុវជនជិះម៉ូតូប្លោងចម្ងាយ១០ម៉ែត្រធ្លាក់លើចិញ្ចើមផ្លូវ របួសបាក់ដៃ បាក់ជើង បន្ទាប់មកបានស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។
ក្រោយពេលកើតហេតុតៃកុងរថយន្តបានបើកទ្វាររថយន្តរត់គេចខ្លួន ចំណេកសពត្រូវបានសមត្ថកិច្ចទាក់ទងឱ្យក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចែករំលែកព័តមាននេះ