រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ឈ្មោះហៃ សៀន អាយុ៥៨ឆ្នាំ មានទីលំនៅក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌទួលគោក បានស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈពេលកំពុងអង្គុយលើម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខៀវ ពាក់ស្លាកលេខកណ្តាល១E-៨៧៤៥ ត្រូវរថយន្តម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២A-៣៤២៥ រេចង្កូតមកបុកផ្ទប់នឹងបង្គោលភ្លើងមួយដើម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង២០នាទីព្រឹក ថ្ងៃទី១៣ វិច្ឆិកា នៅខាងមុខស្ថានីយប្រងឥន្ធនៈសូគីមិច ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុបុរសរងគ្រោះបានមកអង្គុយលើម៉ូតូដើម្បីរង់ចាំទទួលកូនរបស់គាត់ចេញពីធ្វើការនៅលើចិញ្ចើមផ្លូវ ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកសាំងយ៉ុងធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងរេចង្កូតទៅបុកបុរសរងគ្រោះផ្ទប់នឹងបង្គោលភ្លើងស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងប្រហែលជាដោយសារតែអ្នកបើកបររថយន្តងោកមួយភាំងទើបបានរេចង្កូតទៅបុកបុរសរងគ្រោះយ៉ាងដូច្នេះ។ រថយន្តបង្ក និងម៉ូតូរបស់ជនរងគ្រោះរងការខូចខាតយ៉ាងដំណំ ចំណែកបង្គោលភ្លើងមួយដើមនោះក៏រងការខូចខាតផងដែរ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ