រាជធានីភ្នំពេញ ៖ ស្ត្រីវ័យក្មេងមានផ្ទៃពោះម្នាក់បានដាច់ចិត្តចង.កធ្វើអត្តឃាតនៅក្នុងបន្ទប់ផ្ទះជួល ព្រោះមានវិបត្តិស្នេហា ហើយដោយសារតែពុំមានអ្នកណាដឹង រហូតដល់សពជះក្លិនស្អុយទើបនាំគ្នាទៅបើកទ្វារមើល ឃើញស្ត្រីរូបនេះចង.កស្លាប់មិនដឹងតាំងពីពេលណាបាត់ទៅហើយ ។ ហេតុការណ៍នេះធ្វើឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១១ វិច្ឆិកា នៅក្នុងបន្ទប់ជួលលេខ៣ ដីឡូត៍លេខ៥០២ តាមបណ្តោយផ្លូវលេខ៤៤៦ ក្នុងភូមិ៥ ក្រុមទី៣៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់ឱ្យដឹងថា នារីដែលធ្វើអត្តឃាតនេះឈ្មោះ លីនណា អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងឫស្សី ឃុំតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានមកជួលបន្ទប់ស្នាក់នៅតែម្នាក់ឯងទេ ។ ការចង.កសម្លាប់ខ្លួននេះ ពុំមានអ្នកណាម្នាក់ដឹងថាបានកើតឡើងនៅពេលណាឡើយ ព្រោះស្ត្រីរងគ្រោះស្នាក់នៅក្នុងបន្ទប់ជួលនេះតែម្នាក់ឯង ។ មន្ត្រីរូបនោះបន្តថា មុនពេលមានការភ្ញាក់ផ្អើលនេះ មានក្មេងៗមួយក្រុមនាំគ្នារត់លេងនៅខាងមុខបន្ទប់នោះ ក៏បានធុំក្លិនស្អុយប្លែកភាយចេញពីក្នុងបន្ទប់ ហើយក៏បានទៅប្រាប់ចាស់ៗដែលនៅជិតនោះ ។ ក្រោយពីក្មេងៗប្រាប់ដូច្នោះ ក៏បាននាំគ្នាមកមើល និងយកដៃទៅគោះទ្វារក៏របើក និងបានប្រទះឃើញស្ត្រីរងគ្រោះចង.កជាប់នឹងចម្រឹងបង្អួច ដែលមានសភាពហើមស្អុយទៅហើយ ។
នៅពេលកម្លាំងមានសមត្ថកិច្ចចុះមកធ្វើកោសល្យវិច័យបានពិនិត្យឃើញថា ស្ត្រីវ័យក្មេងនេះពិតជាបានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ប្រហែលជា៣ទៅ៤ថ្ងៃមកហើយ ។ នៅក្នុងបន្ទប់កើតហេតុនោះគេបានរកឃើញមានកូនសៀវភៅកត់ត្រាតូចមួយដែលនាងបានសរសេររៀបរាប់ថា ការធ្វើអត្តឃាតនេះដោយសារតែការស្រឡាញ់បុរសម្នាក់ដែលតែងតែភូតកុហក និងបោកប្រាស់នាង និងបានសរសេរចុះថ្ងៃទី៩ វិច្ឆិកា ថា នាងបានយកកូននៅក្នុងផ្ទៃរបស់នាងទៅជាមួយផងដែរ ថែមទាំងបានផ្តាំទៅបុរសជាទីស្រឡាញ់នោះថា ឱ្យរស់នៅបានសុខទៅចុះ ។ ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យរួចហើយ សពត្រូវបានប្រគល់ជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕
ចែករំលែកព័តមាននេះ