ខេត្តព្រះសីហនុ ៖ យុវជនវ័យក្មេងម្នាក់បានដួលម៉ូតូរងរបួសបែកមុខបែកមាត់ទាំងព្រឹក បន្ទាប់ពីជិះម៉ូតូម្នាក់ឯងក្នុងល្បឿនលឿនឆ្លងកាត់ទីទួលបន្ថយល្បឿនបង្កឱ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរនោះមកចោមរោមមើល។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង១៥នាទីព្រឹក ថ្ងៃទី១០ វិច្ឆិកា ២០១៤ ត្រង់ចំណុចមុខរោងចក្រស្រាបៀរអង្គរ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ជុំវិញករណីគ្រោះថ្នាក់ចរារណ៏ដែលបង្កឡើងដោយខ្លួនឯងនេះពុំត្រូវបានបង្ហាញអំពីអត្តសញ្ញាណនោះទេដោយសារតែក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានមិត្តភក្តិដឹកយកចេញពីកន្លែងកើតហេតុភ្លាមៗដែរ ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ ចំពោះករណីនេះ ត្រូវបានអ្នកឃើញហេតុការណ៏ហាក់ពុំមានការអាណិតអាសូរបន្តិចសោះឡើយ ដោយសារតែយុវជនរងគ្រោះបើកបរមានលក្ខណៈព្រហើនបើកបរលឿន គ្មានការប្រុងប្រយ័ត្ន បើទោះបីជាកន្លែងកើតហេតុគេធ្វើទួលបន្ថយល្បឿនក៏ដោយ នេះសំណាងហើយដួលតែម្នាក់ ចុះបើបុកជាមួយអ្នកដ៏ទៃវាទៅជាយ៉ាងណា នេះចាត់ទុកជាមេរៀនសំរាប់យុវជនដែលចូលចិត្តជិះម៉ូតូលឿន គ្មានការប្រុងប្រយ័ត្ន។
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៏ជាច្រើនបាននិយាយដូចៗគ្នាថា នៅមុនកើតគេបានឃើញម៉ូតូយុវជនម្នាក់ជិះម្នាក់ឯងម៉ាក អ៊ែ ប្លែត(ជិះដៃ០១) ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះ មិនដឹងប្រញ៉ាប់ទៅណាទេ រហូតមកដល់ចំណុចកើតហេតុមុខរោងចក្រស្រាបៀរអង្គរដែលខាងរោងចក្រធ្វើទួលឱ្យគ្រប់យានយន្តទាំងអស់បន្ថយល្បឿនបែរជាយុវជនរងគ្រោះបង្កើនល្បឿនធ្វើឱ្យម៉ូតូលោតទួលហោះផ្លោងដូចគេចោល ដួលទាំងមនុស្ស ទាំងម៉ូតូ សំណាងហើយពុំមានគ្រោះថ្នាក់ដល់ជិវិត និងអ្នកដ៏ទៃ រងគ្រោះត្រឹមតែបែកមុខបែកមាត់ចាត់ទុកជាមេរៀន៕
ចែករំលែកព័តមាននេះ