ខេត្តក្រចេះ ៖ កំណាត់ផ្លូវក្រាលកៅស៊ូប្រវែងជាង៤០០ម៉ែត្រដែលលាតសន្ធឹងស្របតាមច្រាំងទន្លេមេគង្គ ក្នុងឃុំថ្មគ្រែ ស្រុកចិត្តបុរី បានរងនូវការបាត់ស្រុតចូលទៅក្នុងទន្លេឮដូចផ្គរលាន់ កាលពីវេលាម៉ោង១រសៀលថ្ងៃទី១ វិច្ឆិកា មិនមានការប៉ះពាល់ធ្ងន់ធ្ងរដល់លំនៅឋានរបស់ប្រជាពលរដ្ឋនៅម្តុំនោះទេ បុ៉ន្តែកំពុងចោទជាបញ្ហាផ្លូវធ្វើដំណើរទៅវិញ ។ ទោះបីជាបែបណា ផ្ទះតូចៗដែលនៅតាមច្រាំងទន្លេ ក៏រុះចេញជាបន្ទាន់ដែរ ។
ផ្លូវក្រាលកៅស៊ូមួយខ្សែនេះជាផ្លូវសេសសល់ពីសម័យសង្គមរាស្ត្រនិយមមានប្រវែងជាង៣០គីឡូម៉ែត្រ ភ្ជាប់ទីរួមខេត្តក្រចេះឆ្ពោះទៅកាន់ស្រុកសំបូរ ដែលមានទីតាំងនៅស្របមាត់ច្រាំងទន្លេមេគង្គ និងជាផ្លូវសម្រាប់ធ្វើដំណើរឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានធំៗមួយចំនួនក្នុងខេត្តដូចជា រមណីយដ្ឋានតំបន់ទេសចរណ៍អន្លង់ផ្សោត រមណីយដ្ឋានទឹកជួរ ទន្លេមេគង្គកាំពី និងព្រះវិហារវត្តសសរ១០០ ។ ទីតាំងផ្លូវកៅស៊ូដែលរងនូវការបាក់ស្រុតមួយកន្លែងនេះ ជាទីតាំងលក់ក្រឡានដ៏ល្បីរបស់ប្រជាពលរដ្ឋនៅក្នុងឃុំថ្មគ្រែ ដោយពួកគាត់តែងដាក់តុតូចធំលក់តម្រៀបត្រៀបត្រានៅសងខាងផ្លូវ និងជាចំណតរថយន្តរបស់ភ្ញៀវទេសចរសម្រាប់ឈប់ទិញក្រឡានផងដែរ ។ យ៉ាងណាក៏ដោយ ឧប្បត្តិហេតុបានកើតឡើងនៅពេលរសៀល គឺមិនមានអ្នកទិញ និងអ្នកលក់ក្រឡានច្រើនទេ ទើបឧប្បត្តិហេតុបាក់ស្រុតផ្លូវធ្លាក់ចូលទន្លេនេះមិនបង្កការយាយីធ្ងន់ធ្ងរណាមួយដល់សុវត្ថិភាពពលរដ្ឋ ។
បន្ទាប់ពីមានឧប្បត្តិហេតុភ្លាមៗ កងកម្លាំងនគរបាលជាច្រើននាក់បានចុះទៅដល់ទីតាំងច្រាំងដែលបាក់នេះ ដោយដាក់ពង្រាយខ្សែសុវត្ថិភាព និងបញ្ចៀសចរាចរណ៍ឱ្យអ្នកធ្វើដំណើរជិះតាមផ្លូវវាងខាងក្រោយភូមិវិញ ។ អ្នករស់នៅម្តុំនោះនិយាយប្រហាក់ប្រហែលគ្នាថា កន្លងមកច្រាំងមួយកន្លែងនេះបានប្រឈមនឹងការបាត់ស្រុតបន្តិចម្តងៗ តែមិនធ្ងន់ធ្ងរដូចពេលនេះទេ ។ ដោយការបាក់ស្រុតផ្លូវច្រាំងនេះត្រូវពួកគាត់អះអាងថា បណ្តាលមកពីការធ្វើអាជីវកម្មបូមខ្សាច់ បូមក្រួសក្នុងលក្ខណៈទ្រង់ទ្រាយធំពាសពេញទន្លេយ៉ាងអនាធិបតេយ្យ និងតាមមាត់ច្រាំងនៅជុំវិញទីប្រជុំជនខេត្ត ។ អាជ្ញាធរមូលដ្ឋានបញ្ជាក់ថា ស្ថានភាពបាក់ស្រុតផ្លូវជាតិ និងច្រាំងចូលក្នុងទន្លេ បានធូរស្រាលវិញនៅថ្ងៃទី២ វិច្ឆិកា បន្ទាប់ពីមានការបាក់ស្រុតបន្តិចម្តងៗ សរុបមានចម្ងាយជាង៤០០ម៉ែត្រ និងខូចខាតធ្ងន់ធ្ងរជាង១០០ម៉ែត្រ គឺត្រូវបាក់ស្រុតផ្លូវចូលក្នុងទន្លេមានទទឹងជាង១០ម៉ែត្រ ក្នុងនោះលំនៅឋានតូចធំដែលតាំងលំនៅតាមបណ្តោយច្រាំងទន្លេចំនួន៧គ្រួសារត្រូវបានរុះរើចេញជាបន្ទាន់ផងដែរ ។
លោកវរសេនីយ៍ឯក ហន ប៉ូច ស្នងការរងកណ្តាលសណ្តាប់ធ្នាប់ខេត្តឱ្យដឹងថា ក្រោមបទបញ្ជារបស់លោកអភិបាលខេត្ត និងក្រោមការដឹកនាំផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការនគរបាលខេត្ត បានដឹកនាំកម្លាំងនគរបាលចំណុះឱ្យស្នងការដ្ឋានចំនួនជាង១០០នាក់ចុះទៅជួយរុះរើលំនៅឋានតូចធំដែលមានទីតាំងនៅជាប់ច្រាំងទន្លេ និងងាយប្រឈមនឹងការបាក់ស្រុតនោះទៅកាន់តំបន់មានសុវត្ថិភាព ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុ ។
តបទៅតាមសំណូមពររបស់អ្នកភូមិដែលបានស្នើឱ្យអាជ្ញាធរជួយជួសជុលផ្លូវមួយខ្សែសម្រាប់ប្រើប្រាស់វិញ លោកស្រេង ស្រស់ ប្រធានមន្ទីរសាធារណការខេត្ត ឱ្យដឹងនៅថ្ងៃទី២ វិច្ឆិកាថា ចំណុចផ្លូវដែលរងនូវការខូចខាតដោយការបាក់ស្រុតនេះ គឺអាជ្ញាធរមិនអាចស្តារ ឬជួសជុលឡើងវិញបានទេ ខណៈដែលស្ថានភាពនៃការខូចខាតគឺធ្ងន់ធ្ងរ និងការបាក់ស្រុតមានជម្រៅជ្រៅ ។ លោកប្រធានមន្ទីរបញ្ជាក់ថា អាជ្ញាធរបានត្រៀមទីតាំងផ្លូវវាងមួយខ្សែសម្រាប់ធ្វើដំណើរជាធម្មតាជំនួសផ្លូវដែលបាត់ស្រុតចូលទន្លេនេះ ហើយក៏នឹងចាប់ផ្តើមឈូសឆាយនៅថ្ងៃ៣ វិច្ឆិកា នេះតែម្តង ៕
ចែករំលែកព័តមាននេះ