ខេត្តរតនគិរី ៖ អ្នកទោសម្នាក់ ក្នុងចំណោម៦នាក់ដែលហែកគុករត់ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានម្នាក់មកវិញ កាលពីវេលាម៉ោង១១យប់ថ្ងៃទី២៤ តុលា នៅក្នុងផ្ទះសំណាក់អង្គរជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ហើយក្រោយពីចាប់ខ្លួនអ្នកទោសរូបនោះ ត្រូវបញ្ជូនទៅពន្ធនាគារខេត្តរតនគិរីទាំងយប់ ។
អ្នកទោសដែលចាប់បាននោះឈ្មោះ ស៊ី ណូយ ជាប់ចោទករណីប្រើអំពើហិង្សា ។
សូមបញ្ជាក់ថា អ្នកទោសចំនួន៧នាក់ បានព្យាយាមរត់ចេញពីពន្ធនាគារភ្នំស្វាយ កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី២៣ តុលា ។ ទោះបីជាយ៉ាងណា ត្រូវបានប្រធានពន្ធនាគារមកទាន់ ក៏ចាប់ខ្លួនបានម្នាក់មកវិញ រីឯ៦នាក់ទៀតរត់រួចដោយសុវត្ថិភាពបាត់ស្រមោល ។ យោងតាមប្រភពព័ត៌មានពីលោកឧត្តមសេនីយ៍ត្រី ទីន សុវណ្ណី ប្រធានពន្ធនាគារភ្នំស្វាយ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់ទ្បាបានសៀក ក្រុងបានលុង ឱ្យអ្នកយកព័ត៌មានដឹងនៅព្រឹកថ្ងៃកើតហេតុថា អ្នកទោសក្នុងបន្ទប់មួយនេះមានចំនួន១២នាក់ ហើយនៅវេលាទៀបភ្លឺម៉ោងប្រមាណជាង៣ លោកបានចូលទៅក្នុងពន្ធនាគារ ស្រាប់តែប្រទះឃើញអ្នកទោសពីរបីនាក់ រត់ចេញតាមចម្រឹងបង្អួច ដែលកាត់ដាច់ចំនួន២ដើម ។
ពេលនោះលោកបានស្រែកហៅកម្លាំងមកជួយក៏ចាប់ខ្លួន បានអ្នកទោសម្នាក់វិញ ហើយទៅពិនិត្យមើលក្នុងបន្ទប់បាត់អ្នកទោសចំនួន៦នាក់ ។ តាមសម្តីរបស់លោកប្រធានពន្ធនាគារបានបង្ហាញថា ប្រសិនបើលោកមកមិនទាន់សកម្មភាពអ្នកទោសរត់ទេ ក្នុងបន្ទប់ទាំង១២នាក់ច្បាស់ជារត់រួចទាំងអស់មិនខានទ្បើយ ។ លោកប្រធានពន្ធនាគារនិយាយថា អ្នកទោសទាំង៦នាក់រួមមាន៖
១-ឈ្មោះ ចាន់ សារស់ ជាមេខ្លោង ករណីលួច (ធ្លាប់ចាប់ខ្លួនបាននិងហែកគុករត់ចេញញឹកញាប់) ។
២-ឈ្មោះ ផាន់ សុភ័ក្ត្រ ករណីលួច
៣-ឈ្មោះ ស៊ី ណូយ ករណីប្រើអំពើហិង្សា
៤-ឈ្មោះ សាស់ សារ៉េត ករណីលួច
៥-ឈ្មោះ អ៊ុន ចាន់ធូ ករណីលួច
៦-ឈ្មោះ លឹម ស៊ីថា ប្រើប្រាស់សារធាតុញៀន ៕
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ