រាជធានីភ្នំពេញ ៖ ក្មេងប្រុសម្នាក់មានអាយុទើបតែមួយខួបកន្លះបានរមៀលធ្លាក់តាមប្រលោះជញ្ជាំងផ្ទះចូលទៅក្នុងប្រឡាយទឹកស្អុយដែលកំពុងហូរត្របាញ់បណ្តាលឱ្យលិចស្លាប់ក្នុងប្រឡាយទឹកស្អុយនោះ ដោយរកសពមិនទាន់ឃើញនៅឡើយទេ ។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៧ និង ៣០នាទីយប់ ថ្ងៃទី១៩ តុលា ២០១៤ នៅចំណុចក្រុមទី៧ ភូមិសមាគមន៍ព្រះច័ន្ទក្រហម ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ក្មេងប្រុសរងគ្រោះមានឈ្មោះ សួស ដេវិដ អាយុមួយខួបកន្លះ ។ ម្តាយក្មេងរងគ្រោះឈ្មោះ សិុនកូសាំងស៊ី អាយុ៣៤ឆ្នាំ មុខរបរកាត់ដេរ មានប្តីឈ្មោះ សួស សុភា អាយុ៣៣ឆ្នាំ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គឺក្មេងប្រុសរងគ្រោះបានវាលេងជាមួយបងស្រីនៅលើផ្ទះដែលមានទំហំ ៤ ម៉ែត្រ គុណនិង៦ម៉ែត្រ សង់នៅលើប្រឡាយទឹកស្អុយ ។ ខណៈពេលដែលកំពុងវាលេងនោះស្រាប់តែកុមាររងគ្រោះនិងបងស្រីបានរមៀលទៅប៉ះនិងជញ្ជាំងសង្ក័សីដែលពុកផុយទៅហើយនោះ ក៏ធ្វើឱ្យជញ្ជាំងសង្ក័សីនោះរបើកធ្លាក់ក្មេងប្រុស រងគ្រោះនិងបងស្រីរពីលើផ្ទះ ហើយភ្លាមៗត្រូវម្តាយឃើញទាន់ក៏ហក់ទៅចាប់ជើងកូនស្រីជាប់មិនបណ្តាលឱ្យមានរបួសអ្វីទេ តែជាអកុសល ក្មេងប្រុសរងគ្រោះបានធ្លាក់ចូលប្រឡាយទឹកស្អុយនោះលិចបាត់រកសពមិនឃើញនោះទេ ។
ក្រោយពេលកើតហេតុប្រជាពលរដ្ឋនៅភូមិខាងលើដែលសុទ្ធសឹងជាអ្នកមានជីវភាពក្រីក្រ នោះបានសហការគ្នាចុះត្រាំក្នុងទឹកស្អុយដោយមិនខ្ពើមរអើមនិងក្លិនស្អុយនោះទេ ដើម្បីរាវ រកសពក្មេងប្រុសរងគ្រោះនោះតែរកមិនឃើញនោះទេ ។ នៅក្នុងហេតុការណ៍នេះផងដែរគេឃើញអាជ្ញាធរមូលដ្ឋានមកជួួយអន្តរាគមន៍យ៉ាងណាក៏ដោយក៏នៅតែរកសពក្មេងប្រុសនោះមិនឃើញដដែល ដែលធ្វើឱ្យម្តាយឪពុកក្មេងរងគ្រោះយំហើមភ្នែកព្រោះតែអាណិតកូនដែលបានស្លាប់ លិចបាត់សពក្នុងទឹកស្អុយនោះ។
គួរបញ្ជាក់ផងដែរថា គ្រួសារសពកុមាររងគ្រោះខាងលើនេះគឺមានជីវភាពទីទាល់ក្រ ដែលបានមកសង់ផ្ទះនៅលើប្រឡាយទឹកស្អុយ ។ ហើយពេលនេះក៏កាន់តែធ្វើឱ្យគ្រួសារមួយនេះជួបទៅនឹងការលំបាកមួយគ្រាទៀតខណៈដែលកូនជាទីស្រលាញ់បានស្លាប់បាត់បង់ជីវិត ដោយសារតែជញ្ជាំងផ្ទះពុកផុយ នោះ។
ចែករំលែកព័តមាននេះ