ខេត្តកំពង់ឆ្នាំង ៖ ដូចការគ្រោងទុក កាលពីព្រឹកថ្ងៃទី១៨ តុលា ២០១៤ ព្រះអនុគណស្រុកបរិបូរណ៍ លោកអភិបាលស្រុក និងមន្ត្រីធម្មការស្រុកជាច្រើនរូប បាននិមន្ត និងអញ្ជើញទៅចូលរួមប្រជុំដើម្បីសុំអញ្ជើញស្ត្រីដែលបានអះអាងថា កើតមកជាពង និងជាចិញ្ចៀនឱ្យចេញពីវត្តព្រះឥន្ទកោសី ហៅវត្តដំរីកូន ស្ថិតក្នុងភូមិព្រៃព្រាល ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ព្រោះតែខ្លាចប៉ះពាល់ដល់វិស័យព្រះពុទ្ឋសាសនា ។
ជុំវិញការប្រជុំខាងលើនេះ ព្រះសង្ឃព្រះនាម យ៉ង់ វណ្ណាន ដែលគង់ក្នុងវត្តព្រះឥន្ទកោសី( វត្តមានលោកតែមួយអង្គនេះ) បានមានសង្ឃដិកា សុំឱ្យញោមស្រី ជា អ៊ីត បានស្នាក់នៅក្រោយវត្តនេះវិញ ដែលពេលនេះកំពុងធ្វើផ្ទះមួយខ្នងអោយស្នាក់នៅហើយ ។ អស់លោកជាមន្ត្រីធម្មការ ជាអាជ្ញាធរស្រុក នៅឆ្ងាយមិនដឹងទេ តែអាត្មា នៅទីនេះជាប់ជាមួយប្រជាពលរដ្ឋ គឺបានដឹងច្បាស់ណាស់ពីអ្វីដែលជាសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយអស់លោកមកថាដេញគឺដេញភ្លាម អញ្ចឹងគ្នារកកន្លែងម៉េចទាន់ ម្យ៉ាងវិញទៀតក្នុងច្បាប់ព្រះពុទ្ធសាសនាក៏មិនបានហាមឃាត់មិនឱ្យបុគ្គលណាមានជំនឿអរូបិយបែបនេះដែរ ។
លោក ថាន់ សារុំ អភិបាលរងស្រុកបរិបូរណ៏ បានមានប្រសាសន៍ថា មិនមែនគេមិនឱ្យជឿនោះទេ ជឿអីក៏ជឿចុះ តែសុំឱ្យស្ត្រីរូបនោះចាកចេញពីវត្ត ព្រោះវត្តជាកន្លែងសម្រាប់ពុទ្ធបរិស័ទមកគោរពបូជាព្រះពុទ្ធសាសនា ហើយរឿងថា សុំឱ្យគាត់នៅក្រោយវត្តក៏មិនបានដែរ ព្រោះឆ្ងាយតែពីសាលាឆាន់ដែលគាត់កំពុងស្នាក់នៅប្រហែល៥០ម៉ែត្រប៉ុណ្ណោះ ដូចជាដូចទេ បើបានចេញហើយសុំឱ្យគាត់ទៅស្នាក់នៅទីណាដែលឆ្ងាយពីវត្ត ឬបើមិនអញ្ចឹងទៅផ្ទះគាត់ក៏ល្អដែរ។ ហើយបើមិនចេញតាមការអញ្ជើញ របស់អាជ្ញាធរទេនោះ អាជ្ញាធរស្រុក និងខេត្តនឹងមានវិធានការតាមផ្លូវច្បាប់ជាមិនខាន ។
ដោយសារតែមិនអាចប្រឆាំងនឹងអាជ្ញាធរបាន នៅព្រឹកថ្ងែទី ១៩ តុលានេះ គេឃើញស្ត្រីរូបនោះបានព្រមរើសម្ភារៈរបស់ខ្លួនវិលត្រឡប់ទៅលំនៅឋានវិញទាំងក្តីមួហ្មង និងសោកស្តាយ ។
សូមរំឮកបន្តិចថា ស្ត្រីឈ្មោះ ជា អ៊ីត អាយុ៤២ឆ្នាំ រស់នៅចម្ងាយជាង១គីឡូម៉ែត្រពីវត្តខាងលើ កាលពីព្រឹកថ្ងៃទី៨ តុលា ជាថ្ងៃចេញវស្សា បានអះអាងថា ខ្លួនមានបារម៉មីមកសណ្ឋិត ហើយបានឱ្យប្តី និងកូន ព្រមជាមួយអ្នកជិតខាងជូនគាត់ទៅវត្ត ដោយនិយាយថា «ជូនមាតាទៅប្រោសពល» ។ បន្ទាប់មកកើតបានចិញ្ចៀន២វង់នៅថ្ងៃបន្តបន្ទាប់គ្នា និងបានបង្ហាញពងមួយគ្រាប់ដោយអះអាងថា កើតកាលពីជាង៣ខែមុន ធ្វើឱ្យផ្អើលភ្លូកទឹកភ្លូកដី តែក្រោយមកបានសាបបន្តិចវិញ ព្រោះគេឈប់ជឿ ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ