រាជធានីភ្នំពេញ ៖ មន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងកាលពីថ្ងៃទី៨ តុលា ថា មានបេក្ខជនចំនួនជាង៦៨.០០០នាក់ នឹងចូលរួមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិលើកទី២នៅតាមមណ្ឌលប្រឡងជាង១០០ ត្រូវជាជាង២០០០បន្ទប់ នៅទូទាំងប្រទេស ដែលត្រូវប្រព្រឹត្តទៅនាថ្ងៃទី១៣-១៤ តុលា ឆ្នាំ២០១៤ ។
យោងតាមក្រសួងអប់រំយុវជននិងកីឡា បានឲ្យដឹងថា ក្រសួងនឹងអនុវត្តគោលការណ៍ដូចកាលប្រឡងលើកទី១ នាសម័យប្រឡងថ្ងៃទី៤-៥ សីហា ឆ្នាំ២០១៤ ដែរក្រោមពាក្យស្លោកថា «អ្នកចេះជាប់ អ្នកមិនចេះធ្លាក់»មានន័យថា ការប្រឡងលើកទី២នេះប្រព្រឹត្តទៅដូចលើកទី១ដែរ ។
ក្រសួងអប់រំបានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយគ្រប់ដំណាក់កាលប្រព្រឹត្តទៅនៃដំណើរការប្រឡង ។ កាលពីការប្រឡងលើកទី១មានបេក្ខជនជាង៩ម៉ឺននាក់ បានចូលរួមប្រឡងនៅទូទាំងប្រទេស ហើយមានបេក្ខជនចំនួន១១នាក់ជាប់និទ្ទេសល្អប្រសើរ(A) ។ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ត្រូវបានដកស្រង់សម្តីដោយទូរទស្សន៍ជាតិកម្ពុជា(TVK) កាលពីពេលថ្មីៗនេះថា ក្នុងកំណែទម្រង់សម្រាប់ការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិលើកទី១កន្លងទៅនេះគេឃើញមកហើយថា មានសិស្សជាង២៣.០០០នាក់បានប្រឡងជាប់ក្នុងចំណោមបេក្ខជនជាង៩០.០០០នាក់ ស្មើនឹង២៥,២៧% ។ លោករដ្ឋមន្ត្រីបានលើកឡើងថា ជាការជាក់ស្តែងអ្នកដែលចេះគឺប្រឡងជាប់ពិតមែន ហើយការពង្រឹងគុណភាពនេះមានសារសំខាន់ណាស់ដើម្បីអាចបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពបាន ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា បើយើងមានសិស្សដែលមានចំណេះដឹងពិតប្រាកដនៅពេលគាត់ចូលទៅរៀននៅកម្រិតឧត្តមឬមហាវិទ្យាល័យ មិនត្រឹមតែទទួលបានសញ្ញាបត្រទេ ពួកគេអាចទទួលបានការបណ្តុះបណ្តាលមួយដែលក្រោយពីរៀនចប់គាត់នឹងក្លាយទៅជាអ្នកឯកទេសពិតប្រាកដ ។ ដូច្នេះ នៅពេលដែលសេដ្ឋកិច្ចកម្ពុជាត្រូវការអ្នកដែលមានឯកទេសក្នុងវិស័យផ្សេងៗ យើងត្រូវការធនធានមនុស្សដែលមានជំនាញផ្សេងៗ ។ ប្រសិនបើគ្មានធនធានមនុស្សដែលប្រកបដោយគុណភាពចំណេះដឹងពិតប្រាកដទេ ប្រទេសកម្ពុជាមិនអាចអភិវឌ្ឍបានទេ ។ លោករដ្ឋមន្ត្រីបន្តថា ការអភិវឌ្ឍនាដំណាក់កាលថ្មីនេះទាមទារឲ្យមានសមត្ថភាពពិតប្រាកដក្នុងការទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា ដើម្បីពង្រីកវិស័យសេដ្ឋកិច្ចនៅកម្ពុជា បង្កើតសាខាសេដ្ឋកិច្ចថ្មី បង្កើនប្រាក់ចំណូលចូលរដ្ឋនិងយកប្រាក់ចំណូលនេះបើកប្រាក់បៀវត្សនិងដំឡើងប្រាក់បៀវត្សផងដែរ ។ នេះជាកំណែទម្រង់មួយថ្មីដែលយើងខិតខំធ្វើយ៉ាងណាឲ្យធានាបានចីរភាពនៃការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពនេះ ។
ទាក់ទងនឹងលទ្ធផលនៃការប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៣-២០១៤ នេះមានចំនួនតិច បើប្រៀបធៀបនឹងឆ្នាំសិក្សាដែលមិនទាន់មានការកែទម្រង់ក្នុងនោះជាពិសេសការប្រឡងលើកទី២នេះបែបណាដែរ0x017d7លោករដ្ឋមន្ត្រីក្រសួងអប់រំលើកឡើងថា បើគេពិនិត្យលើលទ្ធផលប្រឡងកាលពីឆ្នាំ១៩៦០-១៩៧០ឃើញថា អត្រាដែលជាប់ចំនួន២៥%នេះក៏ដូចសម័យនោះដែរ តែក្រសួងក៏ត្រូវគិតពីអនាគតរបស់យុវជនកម្ពុជាផងដែរ។ ដូច្នេះបានជាសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញនូវសេចក្តីសម្រេចឲ្យក្រសួងអប់រំរៀបចំការប្រឡងលើកទី២ទៀតព្រោះយើងគិតពីអនាគតរបស់យុវជនយើង បើគាត់ធ្លាក់តើពួកគាត់ត្រូវទៅណា ? លោករដ្ឋមន្ត្រីបានថ្លែងថា ក្រសួងបានផ្តល់ឱកាសដល់គាត់ម្តងទៀតឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ហើយគាត់អាចបន្តការរៀនសូត្រនៅសាកលវិទ្យាល័យបានផងដែរ ។ ក្រសួងបានរៀបចំឯកសារត្រៀមចំនួន៤មុខរួមមាន គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា ។
សិស្សត្រូវខិតខំរៀនសូត្រ ព្រោះក្រៅពីមុខវិជ្ជាចំនួន៤នេះនៅមានមុខវិជ្ជាអក្សរសាស្ត្រ ខ្មែរ ប្រវតិ្តវិទ្យា និងភាសាបរទេស សរុបចំនួន៧មុខវិជ្ជាដូចគ្នានឹងការប្រឡងលើកទី១ដែរ ស្តង់ដាដូចគ្នាមានន័យថា មានការចូលរួមសង្កេតការណ៍ពីអង្គការសង្គមស៊ីវិល និងអង្គភាពប្រឆាំងអំពើពុករលួយដដែល ធានាបាននូវការមិនបែកធ្លាយវិញ្ញសា និងការយកគ្រឿងអេឡិចត្រូនិកចូលក្នុងបន្ទប់ប្រឡង ។ ក្រសួងអប់រំបានបញ្ជាក់ថា ការប្រឡងនេះមានការរឹតបន្តឹងចំពោះការមើលគ្នា និងលួចមើលសំណៅឯកសារ បើបេក្ខជនណាមើលគ្នា ឬយកសំណៅឯកសារនិងគ្រឿងអេឡិចត្រូនិកចូលក្នុងបន្ទប់ប្រឡងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ ។ កំណែទម្រង់នេះគឺហាមមិនឲ្យមើលគ្នា ដោយឡែកប្រធានវិញ្ញាសាមិនតឹងទេក្រសួងអនុវត្តស្តង់ដាដូចប្រឡងលើកទី១ដែរ។ការប្រឡងលើកទី១ ប្រធានវិញ្ញាសាមានកម្រិតធូរស្រាលជាងកាលពី៥ឆ្នាំកន្លងទៅ ដោយសារតែក្រសួងចង់ឲ្យសិស្សខំរៀនខ្លួនឯង ហើយវិញ្ញាសានៅពេលនេះមិនតឹងពេកទេព្រោះវាជាកំណែទម្រង់ឆ្នាំដំបូងនិងកាត់បន្ថយពី១០មុខវិជ្ជាមក៧មុខវិជ្ជា ។
លោករដ្ឋមន្ត្រីក្រសួងអប់រំបានថ្លែងថាក្រសួងបានផ្សព្វផ្សាយពីការរឹតបន្តឹងសម្រាប់ការប្រឡងឆ្នាំនេះ តែសិស្សមិនស្តាប់ឬមិនជឿដោយគេយល់ថា ក្រសួងមិនហា៊នធ្វើតែឆ្នាំនេះយើងអនុវត្ត ។ ការប្រឡងលើកទី២សម័យប្រឡងថ្ងៃទី១៣-១៤តុលា ឆ្នាំ២០១៤នេះ យើងនឹងបន្តអនុវត្តតទៅទៀតនូវរបៀបដូចលើកទី១ដែរ ហើយក្រសួងខិតខំធ្វើយ៉ាងណាឲ្យបានតាមស្តង់ដា ។ តួនាទីគ្រឹះស្ថានអប់រំឬក្រសួងអប់រំបណ្តុះបណ្តាលហើយ សិស្សអាចចេញទៅរកការងារបានធ្វើ ហើយមិនប៉ះពាល់នឹងវិស័យឯកជន ឬសាលាឯកជនទេដែលថាកាលណារឹតបន្តឹងសិស្សធ្លាក់ច្រើនពេកសាលាឯកជនគ្មានសិស្សរៀន ។ តួនាទីរបស់គ្រឹះស្ថាននីមួយៗត្រូវទទួលខុសត្រូវចំពោះសិស្ស ព្រោះនៅពេលណាបណ្តុះបណ្តាលហើយមិនអាចរកការងារបានធ្វើទេគេពិតជាថា គ្រឹះស្ថាននោះគ្មានគុណភាព ។
លោករដ្ឋមន្ត្រីបានលើកឡើងថា នៅពេលលទ្ធផលប្រឡងធ្លាក់ដូចលើកទី១ដែរ ក្រសួងអប់រំនឹងលើកទឹកចិត្តដល់សិស្សនិងមានគ្រូឧទ្ទេសទៅបង្រៀនដល់សិស្សក្រីក្រតាមរាជធានី-ខេត្តទូទាំងប្រទេស ។ សិស្សដែលប្រឡងលើកទី២នឹងទទួលបាននិទ្ទេសដូចលើកទី១ដែរ គឺបើបេក្ខជនបានទទួលពិន្ទុច្រើនបាននិទ្ទេសល្អ ។ ការប្រឡងនេះបើមិនបានរៀននឹងធ្លាក់ តែបើខំរៀនចេះនឹងប្រឡងជាប់ ។ មានកត្តាជាច្រើនដែលជះឥទ្ធិពលលើការបង្រៀនរបស់គ្រូនិងការរៀនរបស់សិស្ស។ នៅពេលដាក់ចេញនូវកំណែទម្រង់ការប្រឡងនេះយើងបានរកឃើញថា ការបង្រៀនភាសាខ្មែរ ប្រវត្តិវិទ្យា គណិតវិទ្យា មានកត្តាសិស្ស កត្តាគ្រូ បរិស្ថាន សន្តិសុខសាលា តែកត្តាសំខាន់គឺសិស្សនិងគ្រូ ។ សិស្សដែលជាប់និទ្ទេសA ជាសិស្សក្រីក្រ និងមធ្យមដូចគេដូចឯងដែរ។ក្រសួងអប់រំបានលើកឡើងទៀតថា ក្រៅពីដំឡើងប្រាក់ខែដល់លោកគ្រូ អ្នកគ្រូ នឹងដាក់ចេញនូវកំណែទម្រង់ក្នុងការបណ្តុះបណ្តាលគ្រូឲ្យបានល្អដោយផ្តោតលើចំណេះដឹង និងឯកទេសរបស់លោកគ្រូ អ្នកគ្រូតែម្តង ៕
ចែករំលែកព័តមាននេះ