រាជធានីភ្នំពេញ ៖ យុវជន៣នាក់ត្រឡប់មកពីផឹកស៊ីស្រវឹងនាំគ្នាជិះម៉ូតូមកចូលរាំលេងកម្សាន្តនៅក្នុងក្លឹបកម្សាន្តប្លូ ស៊ូម តែត្រូវបានសន្តិសុខយាមនៅក្នុងក្លឹបមិនអនុញ្ញាតឱ្យចូលក៍ធ្វើឱ្យក្រុមយុវជននោះខឹងបង្កជាកំហឹងស្រែកជេរទៅក្រុមសន្តិសុខ រហូតឈានទៅវាយតប់គ្នាទៅវិញទៅមកបណ្តាលយុវជនទាំងបីនាក់នោះរងរបួសបែកមុខបែកមាត់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទី នៅចំណុចមុខក្លឹបកម្សាន្តប្លួ ស៊ូម តាមផ្លូវ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
យុវជនរងគ្រោះទាំងបីនាក់នោះរួមមានទី១.ឈ្មោះ កែវ លីហេង អាយុ២០ឆ្នាំ ,ទី២.ឈ្មោះកែវ ហួត អាយុ២០ ឆ្នាំ និងទី៣.ឈ្មោះ កែវ វាសនា អាយុ២០ឆ្នាំ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតគឺមានយុវជនបីនាក់ បានជិះម៉ូតូសង់កូរ៉េ មួយគ្រឿង ចេញមកពីកន្លែងផឹកស៊ី សំដៅមកចូលរាំលេងកម្សាន្តនៅក្នុងក្លឹប ប្លូ ស៊ូម ខណៈមកដល់មុខក្លឹបត្រូវក្រុមសន្តិសុខយាមនៅក្លឹប មិនអនុញ្ញាតឱ្យចូលដោយសារតែយុវជនទាំងបីនាក់នោះស្លៀកសំលៀកបំពាក់ចាស់ៗនិង ពាក់ស្បែកជើងផ្ទាត់ ។ បន្ទាប់ពីក្រុមសន្តិសុខបានហាមឃាត់មិនឱ្យចូលក៏បានធ្វើឱ្យយុវជនទាំងអស់នោះមានកំហឹង ហើយក៏បានស្រែកជេរក្រុមសន្តិសុខ ធ្វើឱ្យក្រុមសន្តិសុខអស់ការអត់ធ្មត់ បានដេញវាយទៅលើក្រុមយុវជននោះ តែក្រុមយុវជនទាំងនោះបានវាយបកមកវិញ ។ ក្នុងការវាយតប់គ្នាទៅវិញទៅមកបានមួយសន្ទុះ គេឃើញក្រុមយុវជនទាំងបីនាក់ខាងលើបានរងរបួសបែកមុខបែកមាត់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកអន្តរាគមន៍ ដោយនាំខ្លួនទាំងក្រុមសន្តិសុខ និងក្រុមយុវជនទាំងបីនាក់នោះទៅកាន់អធិការដ្ឋានខណ្ឌសែនសុខ ដើម្បីធ្វើការដោះស្រាយគ្នា ហើយក្រុមយុវជនទាំងនោះពុំបានដាក់ពាក្យបណ្តឹងនោះទេដោយសារគិតថាក្រុមខ្លួនមានកំហុសដែរ។
ចែករំលែកព័តមាននេះ