រាជធានីភ្នំពេញ ៖ លោក ហីុ ណារិន អធិការនគរបាលខណ្ឌមានជ័យ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការចោទប្រកាន់ថាបានប្រព្រឹត្តល្មើសច្បាប់ចំនួន៨ករណី ពាក់ព័ន្ធនឹងការកិបកេងលុយចំនួនជាង២៧០០លានរៀល នេះបើយោងតាមគេហទំព័ររបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលចេញផ្សាយនៅថ្ងៃទី ១ តុលា ២០១៤ នេះ ។
តាមគេហទំព័រដដែលនេះបានឱ្យដឹងថា ករណី៨ចំណុចដែលអង្គភាពប្រឆាំងអំពើពុករលួយធ្វើការចោទប្រកាន់ទៅលើការប្រព្រឹត្តខុសច្បាប់របស់ លោក ហីុ ណារិន នោះរួមមានទី១.ការបើកយកប្រាក់ខែមន្រ្តីដែលអវត្តមាន ពីឆ្នាំ២០០៦ ដល់ឆ្នាំ ២០១៤ និងមន្រ្តីនគរបាលដែលអសកម្ម ពីឆ្នាំ ២០០៦ដល់២០១៤ ,ទី២. ការតម្រូវឱ្យប្រជាពលរដ្ឋបង់លុយក្នុងការធ្វើសៀវភៅស្នាក់នៅ(ក២) មួយក្បាលចំនួន៥មឺុនរៀល សៀវភៅគ្រួសារមួយក្បាលចំនួន៥មឺុនរៀល និងចុះឈ្មោះសមាជិកថ្មីចំនួន២មឺុនរៀល ,ទី៣. ការតម្រូវឱ្យមន្រ្តីក្រោមឱវាទទិញអាវចំនាំងផ្លាត និងស្រោមកាំភ្លើងវែង ,ទី៤។ ការកេងយកប្រាក់ឧត្ថមកម្លាំងហ្វឹកហាត់ការពារបាតុកម្ម ,ទី៥.ការតម្រូវឱ្យមេល្បែងស៊ីសង ម្ចាស់អាជីវកម្ម រោងចក្រ និងមន្រ្តីមួយចំនួនបង់ប្រាក់រៀងរាល់ខែ ,ទី៦.ការទាមទារលុយពីម្ចាស់ម៉ូតូ ដែលចាប់ទុកដោយសារអត់មានពន្ធ និង ការលក់ម៉ូតូដែលម្ចាស់មិនដោះស្រាយ , ទី៧.ការប្រមូលលុយផាកពិន័យលើសកំណត់ពីម្ចាស់ម៉ូតូ ដែលធ្វើចរាចរណ៍ដោយគ្មានស្លាកលេខ មួក កញ្ចក់ និងទី៨. ការតម្រូវឱ្យបង់លុយ ពីវិវាទគ្រោះថ្នាក់ចរាចរណ៍។
ដោយផ្អែកតាមព័ត៌មានដែលទទួលបានពីសាក្សីដែលជាមន្ត្រីនគរបាល និងប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌមានជ័យក៏ដូចជាចម្លើយសារភាពផ្ទាល់របស់លោក ហ៊ី ណារិន ថាបានប្រព្រឹត្តល្មើសច្បាប់មែនដោយបានកិបកេងទឹកប្រាក់ជាង២៧០០លានរៀល សម្រាប់ជាប្រយោជន៍ផ្ទាល់ខ្លួន ។
ចែករំលែកព័តមាននេះ