ខេត្តកណ្តាល ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ដោយសារប្រជាការពារភូមិម្នាក់ ប្រើប្រាស់កាំភ្លើងAK នគរបាលប៉ុស្តិ៍បាញ់ត្រូវចំចង្កាមួយគ្រាប់ ខណៈពេលមានក្រុមក្មេងឈ្លោះប្រកែករកវាយគ្នា ហើយប្រជាការពារភូមិនិងនាយរងប៉ុស្តិ៍ទៅអន្តរាគមន៍ឃាត់ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៤ កញ្ញា នៅភូមិលេខ៦ ឃុំពោធិ៍បាន ស្រុកកោះធំ ។
មន្ត្រីនគរបាលស្រុកកោះធំឱ្យដឹងថា ជនរងគ្រោះដោយគ្រាប់កាំភ្លើងAKស្លាប់នោះឈ្មោះ យ៉ុន យ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានលំនៅភូមិលេខ៥ ឃុំពោធិ៍បាន ស្រុកកោះធំ ។ ចំណែកប្រជាការពារដែលប្រើកាំភ្លើងAKរបស់នគរបាលប៉ុស្តិ៍ឈ្មោះ វែង ថា ភេទប្រុស អាយុ៤០ឆ្នាំ ជាប្រជាការពារភូមិលេខ៦ ឃុំពោធិ៍បាន ស្រុកកោះធំ ។
លោកមុយ ចាន់ពេជ្រ អធិការនគរបាលស្រុកកោះធំ ប្រាប់ឱ្យដឹងថា មូលហេតុដែលនាំឱ្យកើតមានការផ្ទុះអាវុធនេះគឺដោយសារតែមានក្រុមក្មេងឈ្លោះប្រកែករករឿងវាយកាប់ចាក់គ្នា ហើយកម្លាំងនគរបាលប៉ុស្តិ៍និងប្រជាការពារភូមិទៅអន្តរាគមន៍ឃាត់ ក៏មានការប្រវាយប្រតប់មកលើក្រុមសមត្ថកិច្ច ហើយរាលកៃកាំភ្លើងផ្ទុះត្រូវចំជនរងគ្រោះ ៕
ចែករំលែកព័តមាននេះ