ខេត្តកំពង់ឆ្នាំង ៖ យុត្តិធម៌ពិតជាមាន គ្រាន់តែវាស្ថិតនៅឆ្ងាយឬជិតតែប៉ុណ្ណោះ យ៉ាងណាមិញការក្រាញននៀលរបស់ប្រជាពលរដ្ឋដែលលើកគ្នាមកតវ៉ាសុំឱ្យតុលាការឃុំខ្លួនជនទំនើង៣នាក់ ដែលបង្ករបួសស្នាមដោយចេតនា ហើយត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ ប៉ុន្តែលោកស្រីចៅក្រមដោះលែងឱ្យនៅក្រៅឃុំនោះនៅវេលាថ្ងៃត្រង់ថ្ងៃទី២៣ មេសា តុលាការបានសម្រេចឃុំខ្លួនជនត្រូវចោទទាំង៣នាក់នោះវិញតាមសំណូមពរប្រជាពលរដ្ឋជាង៧០នាក់ និងតាមការស្នើសុំរបស់លោកព្រះរាជអាជ្ញាឱ្យប្ដូរចៅក្រមថ្មី បូកផ្សំនឹងការចោទប្រកាន់មួយករណីបន្ថែមទៀត ។
គួរបញ្ជាក់ថា ចាប់តាំងពីវេលាថ្ងៃត្រង់ថ្ងៃទី២២ មេសា មក ក្រោយពីលោកស្រី គឹម លុយ ជាចៅក្រមស៊ើបសួរនិងជាអនុប្រធានសាលាដំបូងខេត្ត បានសម្រេចមិនឃុំខ្លួនជនជាប់ចោទទាំង៣ គឺ១-ឈ្មោះសុង តារា ២-ឈ្មោះជន ឆៃយ៉ា និង៣-ឈ្មោះម៉ៅ ជ្រឹង ដែលពួកគេទាំង៣នាក់បានកាប់ជនរងគ្រោះ២នាក់ឱ្យរងរបួសធ្ងន់ គឺឈ្មោះភឺន ស៊ីណេត និងឈ្មោះមុំ សារីម កាលពីយប់ថ្ងៃទី១៨ មេសា ក្នុងពេលរាំធុងបាសជាន់ជើងគ្នានៅវត្តដំរីស ក្នុងភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស នោះមក ប្រជាពលរដ្ឋបាននាំគ្នាតវ៉ានិងនាំគ្នាឡោមព័ទ្ធព្រមទាំងដេកយាមជុំវិញសាលាដំបូងខេត្តពេញ១យប់ទល់ភ្លឺការពារជនត្រូវចោទមិនឱ្យចេញពីតុលាការបានឡើយ ។ ក្នុងនោះដែរសមត្ថកិច្ចនគរបាលនិងកងរាជអាវុធហត្ថក៏មិនបានរារាំងប្រជាពលរដ្ឋទាំងនោះ
ឡើយ ។
នៅព្រឹកថ្ងៃទី២៣ មេសា លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត សំណូមពរឱ្យលោកស្នងការនគរបាលខេត្តបញ្ជូនរថយន្តពន្លត់អគ្គិភ័យ១គ្រឿងដឹកទឹកយកមកដាក់មុខសាលាដំបូងខេត្តដើម្បីសម្រួលឱ្យប្រជាពលរដ្ឋប្រើប្រាស់ ហើយលោកស្នងការនគរបាលខេត្តក៏បានបញ្ជូនទឹកបរិសុទ្ធចំនួន១៥យួរឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលមកស្នាក់នៅនិងតវ៉ាក្នុងសាលាដំបូងខេត្តផងដែរ ។ នេះអាចបញ្ជាក់បានថា ទាំងសមត្ថកិច្ចនិងអាជ្ញាធរខេត្ត មានការសោកស្ដាយយ៉ាងខ្លាំងចំពោះលោកស្រីចៅក្រម គឹម លុយ ដែលមិនបានយល់ច្បាស់ពីសំណូមពររបស់ប្រជាពលរដ្ឋ ។
នៅព្រឹកថ្ងៃទី២៣ មេសា នោះដែរ ដោយពិនិត្យឃើញនូវភាពដ៏ចម្រូងចម្រាសនិងជំហរដាច់ខាតរបស់ប្រជាពលរដ្ឋសំណូមពរឱ្យតុលាការឃុំខ្លួនជនត្រូវចោទ និងយោងតាមមាត្រា៥៣នៃក្រមនីតិវិធីព្រហ្មទណ្ឌ លោក ពេញ វិបុល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានធ្វើលិខិតស្នើសុំដកហូតសំណុំរឿងព្រហ្មទណ្ឌលេខ១៧៥ចុះថ្ងៃទី២១ មេសា ឆ្នាំ២០១៤ ពីលោកស្រី គឹម លុយ វិញ ។ ជាមួយនេះបានធ្វើការចោទប្រកាន់ជនត្រូវចោទទាំង៣នាក់មួយករណីបន្ថែមទៀតតាមមាត្រា៤៨៩ ពីបទចរាចរណ៍អាវុធប្រហារផ្សេងៗដែលបង្ករបួសស្នាមដោយចេតនាដល់អ្នកដទៃ តាមច្បាប់នៃក្រមព្រហ្មទណ្ឌ ដើម្បីជាប្រយោជន៍នៃរដ្ឋបាលដ៏ល្អនៃយុត្តិធម៌ និងដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គម និងរក្សាបាននូវអាយុជីវិតជនជាប់ចោទទាំង៣នាក់ ព្រោះថាបើដោះលែងប្រជាពលរដ្ឋនឹងផ្ទុះកំហឹងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនត្រូវចោទ និងបានដាក់ជូនលោកប្រធានសាលាដំបូងខេត្តពិនិត្យសម្រេច ។
បន្ទាប់មកនៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២៣ មេសានោះ លោកពេញ វិបុល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានឱ្យអ្នកយកព័ត៌មានដឹងថា ការស្នើសុំដកហូតសំណុំរឿងពីលោកស្រីចៅក្រម គឹម លុយ មិនទាន់ត្រូវបានលោកប្រធានសាលាដំបូងខេត្តឯកភាពនៅឡើយទេ ។ ប៉ុន្តែការចោទប្រកាន់បន្ថែមតាមមាត្រាលេខ៤៨៩ ត្រូវបានលោកចៅក្រមស៊ើបសួរ ញូង ចន្ធី ចេញដីកាសម្រេចឃុំខ្លួនជនត្រូវចោទទាំង៣នាក់ជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្ត ដើម្បីធ្វើការស្រាវជ្រាវបន្ថែមសម្រាប់ជំនុំជម្រះផ្ដន្ទាទោសជនត្រូវចោទតាមបញ្ញត្តិច្បាប់ ។
ដំណោះស្រាយខាងលើនេះត្រូវបានប្រជាពលរដ្ឋដែលមកតវ៉ាសម្ដែងនូវទឹកចិត្តរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណលោកព្រះរាជអាជ្ញា ពេញ វិបុល លោកចៅក្រម ញូង ចន្ធី លោកអភិបាលខេត្ត លោកស្នងការនគរបាលខេត្ត និងមន្ត្រីសមត្ថកិច្ចដែលបានមកការពារពួកគាត់នៅក្នុងពេលតវ៉ា និងអ្នកសារព័ត៌មានដែលបានខិតខំផ្ដិតយករូបភាពនិងផ្សាយព័ត៌មានពីរឿងពិតដែលកើតឡើងជាបន្តបន្ទាប់ធ្វើឱ្យពួកគាត់ទទួលបាននូវយុត្តិធម៌នៅពេលនេះ ៕
ចែករំលែកព័តមាននេះ