ខេត្ដកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋដែលបានមកតវ៉ាដល់សាលាដំបូងខេត្ដកាលពីព្រឹកថ្ងៃទី២២ មេសា បានក្រាញននៀលមិនដកថយត្រឡប់ទៅលំនៅឋានវិញទេ ដោយបានដេកយាមជនសង្ស័យចំនួន៣នាក់ នៅក្នុងបរិវេណសាលាដំបូងខេត្ដ មួយយប់ទល់ភ្លឺ (យប់ថ្ងៃទី២២ មេសា) ។ ពួកគាត់និយាយថា បើជនសង្ស័យទាំង៣នាក់ដែលបានបង្កហិង្សាដោយចេតនាមិនត្រូវបានឃុំខ្លួនទេ ពួកគាត់នៅតែសំណូមពរដល់សាលាដំបូងកុំដោះលែងជនទាំង៣នាក់នេះឱ្យសោះ បើទោះបីយប់មិញ (ថ្ងៃទី២២ មេសា) ពួកគាត់បានទទួលលិខិតដាក់ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នរបស់លោកស្រីចៅក្រមក្ដី ។
ប្រជាពលរដ្ឋដែលបានលើកគ្នាមកតវ៉ាមានជាង៥០នាក់មកពីភូមិចំនួន២ គឺភូមិជីប្រង និងភូមិឆកកណ្ដោល ឃុំជៀប ស្រុកទឹកផុស ។ ពួកគាត់មកនេះគឺសំណូមពរកុំឱ្យសាលាដំបូងខេត្ដដោះលែងជនទាំង៣នាក់ដែលមាន ១-ឈ្មោះ សុង តារា ២- ឈ្មោះ ជន ឆៃយ៉ា និង៣-ឈ្មោះ ម៉ៅ ជ្រឹង ។ ពួកគេទាំង៣នាក់នេះបានកាប់ជនរងគ្រោះ២នាក់ឱ្យរងរបួសធ្ងន់គឺឈ្មោះ ភឺន ស៊ីណេត និងឈ្មោះ មុំ សារីម កាលពីយប់ថ្ងៃទី១៨ មេសា ក្នុងពេលរាំធុងបាស់ជាន់ជើងគ្នានៅក្នុងវត្ដដំរីស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ហើយត្រូវបានប្រជាការពារសហការជាមួយមន្ដ្រីនគរបាលមូលដ្ឋានចាប់ខ្លួនបាន ។
លោក យក់ ច័ន្ទបូរិន មេភូមិឆកកណ្ដោលដែលដឹកនាំប្រជាពលរដ្ឋមកតវ៉ាបានឱ្យដឹងថា ជនទាំង៣នាក់គឺប្រជាការពារភូមិជាអ្នកចាប់ផ្ទាល់ដៃ ក្រោយពីពួកគេកាប់ជនរងគ្រោះ២នាក់ឱ្យរបួសធ្ងន់រួចមក ។ ពេលនេះ ជនរងគ្រោះម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិនដឹងថាស្លាប់ ឬរស់ផង ហេតុអី្វក៏ដោះលែងជនជាប់ចោទទាំង៣នាក់ទៅវិញ តើយុត្ដិធម៌នៅឯណា ? បើប្រជាការពារភូមិប្រឹងប្រែងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋចាប់ជនល្មើសបានរួចបញ្ជូនទៅសាលាដំបូងខេត្ដ បែរជាដោះលែងវិញ តើបង្កើតប្រជាការពារមកធ្វើអ្វី ? បើនិយាយពីសម្ភារដែលជាអាវុធវិញមាន ដាវសាមូរ៉ៃម៉ូដថ្មីៗមកពីប្រទេសថៃ មានកាំបិត ដំបង កណ្ដៀវ កណ្ដៀវមុខពីរមកពីប្រទេសថៃ ដែលប្រជាការពារដកហូតបានយ៉ាងច្រើនតាំងពីបង្កើតប្រជាការពារមក ។
រឿងនេះ ប្រជាពលរដ្ឋសំណូមពរដល់លោករដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ និងប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មេត្ដាជួយអន្ដរាគមន៍ ផ្ដល់យុត្ដិធម៌ដល់ប្រជាពលរដ្ឋជាជនរងគ្រោះផង ព្រោះពួកគាត់ដឹងច្បាស់ណាស់នូវប្រវត្ដិជនដៃដល់ទាំង៣នាក់នេះ ដែលទៅធ្វើការតែនៅប្រទេសថៃទេ លុះពេលចូលមកភូមិម្ដងៗតែងមានរឿងកាប់ចាក់គ្នារាល់លើក ។ លោក ពេញ វិបុល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដ ឱ្យដឹងថា ជនទាំង៣នាក់ត្រូវចោទប្រកាន់ពីបទប្រើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ដែលតាមបញ្ញត្ដិច្បាប់ពួកគេអាចជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ ។ សំណុំរឿងនេះបានបញ្ជូនទៅលោកស្រី គឹម លុយ ចៅក្រមស៊ើបសួរដើម្បីកសាងសំណុំរឿងបន្ដតាមនីតិវិធី ហើយការសម្រេចយ៉ាងណាៗនោះវាជាឆន្ទានុសិទ្ធិរបស់លោកស្រីចៅក្រមស៊ើបសួរ ។
លោកស្រី គឹម លុយ ចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះ មិនអាចសុំការបំភ្លឺបានទេរហូតមកដល់ព្រឹកថ្ងៃទី២៣ មេសា តែលោកស្រីបានចេញដីកាដោះលែងឱ្យជនទាំង៣នាក់នេះនៅក្រៅឃុំ ដោយដាក់ឱ្យជាប់កាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ ហើយពួកគេបានលិខិតនេះកាន់ក្នុងដៃម្នាក់មួយៗ ។ ទោះបីជាបែបនេះក្ដី ព្រះរាជអាជ្ញាបានបដិសេធក្នុងលិខិតនោះផងដែរ។ ទោះជាបែបនេះក្តី ប្រជាពលរដ្ឋមិនសុខចិត្ដ និងបានយាមមិនឱ្យជនទាំង៣នាក់នេះចេញពីសាលាដំបូងទេ ហើយរហូតទល់ភ្លឺថ្ងៃទី២៣ មេសា ក៏ជនទាំង៣នាក់នោះមិនហ៊ានចេញដែរ ព្រោះខ្លាចមានបញ្ហាកើតឡើង ។ ចំណែកមន្ដ្រីនគរបាល និងកងរាជអាវុធហត្ថនៅយាមការពារខ្លាចក្រែងមានអំពើហិង្សាកើតឡើង ។ ប្រជាពលរដ្ឋ ក្រោយពីដឹងថាលោកស្រីចៅក្រមបានចេញលិខិតដោះលែងជនជាប់ចោទឱ្យនៅក្រៅឃុំមក ពួកគាត់មានប្រតិកម្មយ៉ាងខ្លាំង និងបាននាំគ្នាទៅមុខការិយាល័យលោកស្រី ចៅក្រម ធ្វើការតវ៉ាយ៉ាងខ្លាំងថា ដាច់ខាតមិនឱ្យតុលាការដោះលែងជនជាប់ចោទឡើយ ។ ទោះបីក្នុងពេលនោះ មានលោកព្រះរាជអាជ្ញារងម្នាក់ បានមករករឿងបណ្ដេញពួកគាត់ឱ្យចេញក្រៅរបងតុលាការមិនឱ្យឡូឡារករឿងក្នុងតុលាការខេត្ដក្តី ក៏ក្រុមប្រជាពលរដ្ឋបានតវ៉ាវិញថា ពួកគាត់មិនចេញទៅណាទេ បើតុលាការមិនឃុំខ្លួនជនជាប់ចោទទាំង៣នាក់នេះ ប្រសិនបើគេយកកាំភ្លើងមកបាញ់ពួកគាត់ឱ្យស្លាប់នៅក្នុងតុលាការក៏សុខចិត្ដដែរ ។
ក្រុមប្រជាពលរដ្ឋនិយាយថា នៅព្រឹកនេះ (២៣ មេសា) នឹងមានប្រជាពលរដ្ឋមកបន្ថែមជាច្រើននាក់ទៀត ព្រោះពួកគាត់ដាច់ខាតត្រូវតែឱ្យជនជាប់ចោទបង្កហិង្សានោះជាប់ពន្ធនាគារ ហើយពេលនេះមិនដឹងថា ជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្លាប់ ឬរស់ផង ៕
ចែករំលែកព័តមាននេះ