ខេត្ដឧត្ដរមានជ័យ ៖ ប្រតិភូថៃ លោក ណាក់រុងសាក់ ភុងសាក់ អភិបាលស្រុកភូសិង្ហ លោកក្រឺឆៃ ផងផែវ អភិបាលស្រុកឃុនហាន ក្នុងខេត្ដស៊ីសាកេត លោកសាវ៉ាត់ ឆៃ មេបញ្ជាការកងវរលេខ២៣ ទាហានឈតខ្មៅបានដឹកនាំគណៈប្រតិភូប្រមាណ ១០០នាក់ធ្វើដំណើរតាមរថយន្ដចូលតាម ច្រកទ្វារអន្ដរជាតិជាំសាង៉ាំ មកជួបអាជ្ញាធរកម្ពុជាដែលមានលោកវណ្ណ កុសល អភិបាល ស្រុកត្រញំងប្រាសាទ លោកយឹម ផាន់ណា អភិបាលស្រុកអន្លង់វែង ដើម្បីទំនាក់ទំនង គ្នាលើបញ្ហាផ្នែកសេដ្ឋកិច្ច និងមុខទំនិញ ផ្សេងៗរបស់ប្រជាពលរដ្ឋទាំងពីរប្រទេស ។ ពិធីនោះមានការចូលរួមពីមន្ដ្រីរាជការ ថ្នាក់មេបញ្ជាការ មេបញ្ជាការរង កងកំលាំងទាំង សងខាងយ៉ាងច្រើនកុះករនៅក្នុងបិរវេណសាលាស្រុកអន្លង់វែងកាលពីថ្ងៃទី១៨ ឧសភា កន្លងទៅ ។
លោកវណ្ណ កុសល អភិបាលស្រុកត្រញំង ប្រាសាទឱ្យកោះសន្ដិភាពដឹងថា បន្ទាប់ពីមានការផ្ទុះអាវុធជាច្រើនកន្លែងនៅតាមខ្សែ បន្ទាត់ព្រំដែនរវាងកងកំលាំងប្រដាប់អាវុធ កម្ពុជានិងទាហានសៀមមកគេសង្កេត ឃើញក្រុមទាហានសៀមថ្នាក់មេបញ្ជាការ បានទាក់ទងជាមួយថ្នាក់មេបញ្ជាការកងទ័ពកម្ពុជាជាញឹកញាប់ធ្វើយ៉ាងណាមិនឱ្យ កើតមានបញ្ហាជាថ្មីទៀត។ រីឯអាជ្ញាធរស្រុក ខេត្ដខាងភាគីសៀមតែងតែចូលមកទាក់ទងជាមួយអាជ្ញាធរកម្ពុជាជាញឹកញាប់ ដោយមានគោលបំណងលើកស្ទួយការដោះដូរផ្នែក សេដ្ឋកិច្ចរវាងប្រជាពលរដ្ឋទាំងពីរប្រទេស ជាពិសេសរឹតចំណងសាមគ្គីភាពរវាង ប្រទេសទាំង២ដែលជាប្រទេសនៅភូមិផង របងជាមួយគ្នាឱ្យមានសុខ សន្ដិភាព ចៀសវាងការប្រឈមមុខដាក់គ្នា ។
លោកអភិបាលស្រុកត្រញំងប្រាសាទបន្ដ ទៀតថា លោកអភិបាលស្រុកភូសិង្ហ និង លោកអភិបាលស្រុកឃុនហាន បានដឹកនាំ គណៈប្រតិភូ ក្នុងនោះមានមន្ដ្រីរាជការគ្រប់ស្ថាប័នព្រមទាំងថ្នាក់មេបញ្ជាការកងកំលាំង ប្រដាប់អាវុធ និងកីឡាករបាល់ទះ កីឡាករបាល់ទាត់មកប្រកួតគ្នាជាមិត្ដភាពរវាង ប្រទេសទាំងពីរនៅតាមខ្សែបន្ទាត់ព្រំដែន។ ក្នុងការប្រកួតកីឡានោះគឺខាងកម្ពុជាទទួលបានជ័យជំនះ ។ ទោះជាយ៉ាងណាក្ដី ការឈ្នះ ឬចាញ់វាមិនសំខាន់ទេ អ្វីដែលសំខាន់នោះ គឺ ចង់បានសុខសន្ដិភាពរវាងប្រទេសទាំងសងខាង ដើម្បីឱ្យប្រជាពលរដ្ឋអាចប្រកបមុខរបរដោះដូរផ្នែកសេដ្ឋកិច្ចទៅវិញទៅមក ។នាឱកាសនោះភាគីកម្ពុជា និងភាគីសៀម បានជូនកាដូឱ្យគ្នាទៅវិញទៅមកទុកជាអនុស្សាវរីយ៍ផងដែរ
ចែករំលែកព័តមាននេះ