រាជធានីភ្នំពេញ ៖ មហាវិថីចោមចៅ ឬអតីតផ្លូវវេងស្រេងចាប់ផ្តើមធ្វើការជួសជុល និងស្ថាបនាពង្រីកបន្ថែមដែលធ្វើឱ្យវិស័យអចលនទ្រព្យនៅតាមតំបន់នេះផ្តើមសន្ទុះងើបផងដែរ ។ អ្នកជំនាញផ្នែកវិស័យដីធ្លីបានប៉ាន់ប្រមាណថា នៅពេលផ្លូវនេះផ្តើមស្ថាបនាពង្រីក និងធ្វើឱ្យស្អាតដូចនេះ តម្លៃដីធ្លី និងសកម្មភាពអចលនទ្រព្យនៅតាមតំបន់មួយនេះ នឹងមានសន្ទុះងើបឡើងខុសប្លែកពីពេលផ្លូវមិនទាន់ស្ថាបនា ។
លោកឌឹត ចណ្ណា ប្រធានក្រុមហ៊ុនអចលនទ្រព្យ VMC បានមានប្រសាសន៍ថា ជាការពិតណាស់នៅតំបន់ណាដែលមានការអភិវឌ្ឍន៍ផ្លូវ ឬពង្រីកផ្លូវវិស័យអចលនទ្រព្យនឹងមានសន្ទុះស្ទុះងើបឡើង ដោយសារតែជាតំបន់ដែលស្អាតល្អងាយស្រួលក្នុងការចេញ-ចូលធ្វើដំណើរមិនស្ទះចរាចរណ៍ ហើយជាពិសេសវិស័យផ្សេងៗនឹងផ្តើមបើកដំណើរការជាមួយគ្នាផងដែរ ដូចជាធនាគារ មន្ទីរពេទ្យ សាលារៀនជាដើម ។
លោកបន្តថា តាមពិតទៅតំបន់ហ្នឹងជាតំបន់មួយដែលល្អស្រាប់ទៅហើយ ព្រោះអីនៅតំបន់នេះសំបូរទៅដោយបណ្តុំរោងចក្រ សហគ្រាសច្រើន ហើយមនុស្សភាគច្រើនក៏ចូលចិត្តទៅរស់នៅតំបន់នេះដែរ ដោយសារតែពួកគាត់គិតថា វាងាយស្រួលក្នុងប្រកបមុខរបររបស់ពួកគាត់ ។ តែនៅពេលដែលមហាវិថីនេះ សាងសង់ហើយចឹង ការធ្វើដំណើររបស់ពួកគាត់ក៏កាន់តែងាយស្រួល ដូចនេះតំបន់នេះនឹងអាចមានមនុស្សមករស់នៅកាន់តែច្រើនដែលអាចធ្វើឱ្យវិស័យអចលនទ្រព្យមានការរីកចម្រើនខ្លាំងជាងមុន ។
លោកគីម ហ៊ាង អគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អីុស្ទេត ក៏បានឱ្យដឹងដែរថា ចំពោះមហាវិថីចោមចៅ ឬអតីតផ្លូវវេងស្រេងនេះ បើអ្នកមានអចលនទ្រព្យ ជាពិសេសផ្តោតទៅលើដីធ្លីនេះ បើចង់លក់ដូរ សូមកុំរង់ចាំផ្លូវនេះស្ថាបនាហើយនោះអី ។ ជាធម្មតាការឡើងថ្លៃតម្លៃដីធ្លីវាឡើងនៅអំឡុងពេលដែលគេកំពុងតែស្ថាបនាវា តែនៅពេលវាត្រូវបានស្ថាបនាហើយតម្លៃដីធ្លីបានឡើងដល់កំពុលបាត់ទៅហើយចឹង វានឹងអាចចុះវិញ ឬនៅទ្រឹង ។
ចែករំលែកព័តមាននេះ