ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ស សុខា សង្ឃឹមថា ៖ កីឡាករ​ឆ្នើម សួន ចាន់​ណា​រ៉ូ នឹង​មិន​ទៅ​ណា​ឆ្ងាយ​ពី​វិស័យ​បាល់ទះ​យើង​ឡើយ​

7 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សម្ដែង​ក្តី​សង្ឃឹមថា កីឡាករ​ឆ្នើម​ផ្នែក​បាល់ទះ​របស់កម្ពុជា លោក​សួន ចាន់​ណា​រ៉ូ…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សម្ដែង​ក្តី​សង្ឃឹមថា កីឡាករ​ឆ្នើម​ផ្នែក​បាល់ទះ​របស់កម្ពុជា លោក​សួន ចាន់​ណា​រ៉ូ នឹង​មិន​ទៅ​ណា​ឆ្ងាយ​ពី​វិស័យ​បាល់ទះ​យើង​ឡើយ ។

យោង​តាម​បណ្តាញ​សង្គម​ឯកឧត្តម ស សុខា នៅ​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៤ បាន​សរសេ​យ៉ាង​ដូច្នេះ​ថា ៖ សូម​អរគុណ​អ្នក​លើក​បាល់​ដ៏​ឆ្នើម សួន ចាន់​ណា​រ៉ូ ដែល​បាន​ចំណាយ​ពេលវេលា​ជា​ច្រើន​ឆ្នាំ​ក្នុង​វិស័យ​បាល់ទះ​កម្ពុជា​។

នៅ​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០២៤ នេះ កីឡាករ សួន ចាន់​ណា​រ៉ូ ប្រធាន​ក្រុម​ជម្រើសជាតិ​បាល់ទះ​បុរស​កម្ពុជា បាន​ប្រកាស​ចូល​និវត្តន៍​ពី​កីឡាករ​បាល់ទះ​អាជីព​។ ដំណឹង​នេះ​ ជា​រឿង​សោកសៅ​របស់​មហា​គ្រួសារ​បាល់ទះ​កម្ពុជា ប៉ុន្តែ​នៅ​ក្នុង​ពិភព​កីឡា មិន​មាន​អ្វី​ស្ថិតស្ថេរ​ជា​និរន្ត​នោះ​ឡើយ តែងតែ​មានការ​ចាប់ផ្ដើម​និង​បញ្ចប់​។

ឯកឧត្តម​បញ្ជាក់​ថា ​«បើ​ទោះជា ណា​រ៉ូ បាន​ចាក​ចេញពី​កីឡាករ​អាជីព​ក៏​ពិតមែន ប៉ុន្តែ​ស្នាដៃ​របស់​គាត់ ជាមួយ​មិត្ត​រួម​ជំនាន់​បាន​ជួយ​ឱ្យ​ទង់ជាតិ​កម្ពុជា រះ​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន ទាំង​ការ​ជួយ​ក្លិប​បាល់ទះ​វិសាខា និង​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ អ្វី​ដែល​គួរ​ឱ្យ​កត់​ស​ម្កាល់​នោះ រូប​គាត់​ជា​ផ្នែក​មួយ​ជួយ​ឱ្យ​ក្រុម​បាល់ទះ​បុរស​ជម្រើសជាតិ​កម្ពុជា ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ»​។

ឯកឧត្តម​បញ្ជាក់​ថា​៖«​មិន​ខុស​ពី​អ្នកគាំទ្រ​បាល់ទះ​ជាតិ និង​អន្តរជាតិ ខ្ញុំ​សង្ឃឹមថា សួន ចាន់​ណា​រ៉ូ នឹង​មិន​ទៅ​ណា​ឆ្ងាយ​ពី​វិស័យ​បាល់ទះ​យើង​ឡើយ គាត់​នឹង​សិក្សា​ស្វែង​យល់​ពី​វគ្គ​សិក្សា​នានា​បន្ថែម ដើម្បី​វិវត្តន៍​ខ្លួន​ទៅ​ជា​គ្រូបង្វឹក ឬ​ថ្នាក់ដឹកនាំ​ក្លិប​បាល់ទះ​ណាមួយ​នៅ​ថ្ងៃ​ខាង​មុខ»​។

ជាមួយ​គ្នា​នោះ​ដែរ​សូមកុំ​ភ្លេច​ចូលរួម​ទាំងអស់​គ្នា កម្មវិធី​ការ​ចូល​និវត្តន៍​របស់​កីឡាករ សួន ចាន់​ណា​រ៉ូ នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៤ ម៉ោង ៦:០០​ល្ងាច ខាង​មុខ​នេះ នៅ​ផ្សារ​ទំនើប ជីប ម៉ុង ២៧១ មេ​ហ្គា​ម៉​ល រាជធានី​ភ្នំពេញ​។ សូម​ជូនពរ សួន ចាន់​ណា​រ៉ូ បន្ត​ជោគជ័យ​ក្នុង​អាជីព​ថ្មី​ខាង​មុខ​កុំបី​ខាន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ