ខេត្តមណ្ឌលគិរី ៖ កំណាត់ឈើប្រណីតប្រភេទនាងនួនចំនួន៥៤ដុំធំៗ ត្រូវមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខណ្ឌមណ្ឌលគិរីចុះបង្ក្រាបបាននៅក្បែរចំណុចច្រករបៀងង៉ាំដី ស្ថិតនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ដែលការចុះបង្ក្រាបនេះធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ព្រឹកថ្ងៃទី៤ ធ្នូ ២០១៣។
ប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើបានឱ្យដឹងថា ឈើនាងនួនដែលជំនាញបង្ក្រាបបាននេះមានចំនួន៥៤កំណាត់ និងមានមុខកាត់ចាប់ពី២០សង្ទីម៉ែត្រគុណ២០សង្ទីម៉ែត្រ ប្រវែង១.៨ម៉ែត្រ មុខកាត់៣០សង្ទីម៉ែត្រគុណ៣០សង្ទីម៉ែត្រ ប្រវែង២.២ម៉ែត្រ ប៉ុន្តែគេនៅមិនទាន់ដឹងពីចំនួនម៉ែត្រគូបនៅឡើយទេ ព្រោះមន្ត្រីជំនាញកំពុងធ្វើការបន្ត។
ប្រភពបន្តថា ឈើទាំងនោះជំនាញបានប្រើរយៈពេលបីថ្ងៃក្នុងការបង្ក្រាប ដោយនៅថ្ងៃទី១ ធ្នូ ចាប់បានចំនួន២២កំណាត់នៅចម្ងាយប្រមាណជាង១០០ម៉ែត្រពីប៉ុស្តិ៍ច្រករបៀងង៉ាំដី និងនៅព្រឹកថ្ងៃទី៤ ធ្នូ កម្លាំងជំនាញបានបន្តរុករកឃើញកំណាត់ឈើប្រណីតនៅក្នុងអូរព្រំដែនចំនួន៣២កំណាត់បន្ថែមទៀតដែលឈ្មួញបានទម្លាក់ចូលត្រៀមលើកឆ្លងទៅលក់ឱ្យក្រុមថៅកែវៀតណាម ហើយត្រូវមេព្រៃចុះចាប់ទាន់ពេល តែទោះជាយ៉ាងណាប្រភពបានបញ្ជាក់ថា ទម្រាំតែកម្លាំងជំនាញទៅដល់ទីនោះ កំណាត់ឈើមួយចំនួនត្រូវគេបញ្ជូនចូលទៅទឹកដីប្រទេសវៀតណាមរួចខ្លះទៅហើយ៕
ចែករំលែកព័តមាននេះ