រាជធានីភ្នំពេញ ៖ សមាគមកំចាត់រោងរបេងកម្ពុជា បានទទួលរថយន្តវិទ្យុសាស្ត្រមួយគ្រឿងពីសមាគមកំចាត់រោគរបេងជប៉ុន កាលពីរសៀលថ្ងៃទី២៨ វិច្ឆិកា ២០១៣ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។ រថយន្តដែលផ្តល់ជូននេះ ដើម្បីឱ្យមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងយកទៅប្រើប្រាស់ ដើម្បីស្រាវជ្រាវស្វែងរកបងប្អូនប្រជាពលរដ្ឋដែលមានរោគរបេង និងដើម្បីធ្វើការព្យាបាលបានទាន់ពេលវេលាក្នុងគោលបំណងកាត់បន្ថយជំងឺរបេងនៅកម្ពុជាយើង ។
លោកម៉ៅ តាន់អ៊ាង នាយកមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានមានប្រសាសន៍ថា នេះជាលើកទី២ហើយសមាគមកំចាត់រោគរបេងជប៉ុនបានធ្វើការប្រគល់អំណោយដល់សមាគមកំចាត់រោគរបេងកម្ពុជា ដែលកាលពីឆ្នាំ២០០១ បានប្រគល់អំណោយស្រដៀងគ្នាដែរ ។ ការប្រគល់រថយន្តវិទ្យុសាស្ត្រនេះ គឺជាទុនមួយដល់សមាគមកំចាត់រោងរបេងសម្រាប់ធ្វើប្រតិបត្តិការដែលវាជាប្រភេទរថយន្តសម្រាប់ថតសួតជាលក្ខណៈឌីជីថល ដោយមិនប្រើហ្វីល ។
លោកបន្តថា រថយន្តនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់កម្ពុជាយើង ដោយសារតែពេលបច្ចុប្បន្ននេះ សមាគមកំចាត់រោគរបេងកម្ពុជា កំពុងតែតាមដានរកជំងឺរបេងបែបសកម្មនៅតាមសហគមន៍ ដូចនេះនៅពេលទទួលបានរថយន្តនេះនឹងធ្វើឱ្យពួកគេកាន់តែមានភាពងាយស្រួលក្នុងការតាមដានរកជំងឺរបេង ។
លោកទេសរដ្ឋមន្ត្រី ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន អង្គការ JICA វិទ្យាស្ថានស្រាវជ្រាវជំងឺរបេងប្រទេសជប៉ុន អង្គការមូលនិធិសកល ប្រយុទ្ធនឹងជំងឺអេដស៍-របេង និងគ្រុនចាញ់ USAID អង្គការ USCDC និងអង្គការសុខភាពពិភពលោក ព្រមទាំងអង្គការដទៃ និងសប្បុរសជននានា ដែលរាប់បញ្ចូលទាំងក្រុមហ៊ុន MARUHAN ដែលបាននិងកំពុងគាំទ្រដល់សកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ។ លោកថ្លែងថា រដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ JICA និងភ្នាក់ងារដទៃទៀត ក៏ដូចជាសមាគមនានានៃប្រទេសជប៉ុន បាននិងកំពុងជួយឧបត្ថម្ភយ៉ាងច្រើនដល់វិស័យសុខាភិបាល ដែលក្នុងនោះរាប់បញ្ចូលទាំងការពង្រឹងប្រព័ន្ធសុខាភិបាល ការងារសុខភាពមាតានិងទារក សុខភាពបន្តពូជ ការងារចាក់ថ្នាំបង្ការ ព្រមទាំងការងារប្រយុទ្ធនឹងជំងឺឆ្លងផ្សេងៗ ។ ចំពោះការងារកំចាត់ជំងឺរបេងជប៉ុន គឺជាភាគីមួយដ៏ចម្បងក្នុងចំណោមភាគីធំៗទាំងឡាយរបស់កម្មវិធីជាតិកំចាត់រោគរបេងនៃក្រសួងសុខាភិបាល ។
ចែករំលែកព័តមាននេះ