ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​​ប្រជា​ជន​ប្រកាស​ជំហរ​ចរចា​ ខណៈ​បក្ស​សង្គ្រោះ​ជាតិ​ប្រកាសធ្វើ​​បាតុ​កម្ម

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បញ្ហា​នយោបាយ​​ដែល​កំពុង​​​ជាប់​គាំង​​ក្រោយ​​​ការ​បោះ​ឆ្នោត​ជ្រើស​​តាំង​តំណាង​រាស្ត្រ​​នីតិ​កាល​ទី​៥​កន្លង​មក​​ ត្រូវ​បាន​​មើល​ឃើញ​ថា​​ គណ​បក្ស​ដឹក​នាំ​រដ្ឋា​ភិបាល​​ចេះ តែ​ដើរ​ទៅ​មុខ​​ រី​ឯ​គណ​បក្ស​ប្រឆាំង​​នៅតែ​ប្រកាស​ធ្វើ​​ពហិការ​មិន​ចូល​​នៅ​ក្នុង​សភា​​ ខណៈ​​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​​​ (គ.ជ.ប) ​ប្រកាស​ថា​ គណ​បក្ស​សង្គ្រោះ​ជាតិ​​​​ទទួល​បាន​៥៥​អាសនៈ ឯ​គណ​បក្ស​

រាជធានីភ្នំពេញ ៖ បញ្ហា​នយោបាយ​​ដែល​កំពុង​​​ជាប់​គាំង​​ក្រោយ​​​ការ​បោះ​ឆ្នោត​ជ្រើស​​តាំង​តំណាង​រាស្ត្រ​​នីតិ​កាល​ទី​៥​កន្លង​មក​​ ត្រូវ​បាន​​មើល​ឃើញ​ថា​​ គណ​បក្ស​ដឹក​នាំ​រដ្ឋា​ភិបាល​​ចេះ តែ​ដើរ​ទៅ​មុខ​​ រី​ឯ​គណ​បក្ស​ប្រឆាំង​​នៅតែ​ប្រកាស​ធ្វើ​​ពហិការ​មិន​ចូល​​នៅ​ក្នុង​សភា​​ ខណៈ​​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​​​ (គ.ជ.ប) ​ប្រកាស​ថា​ គណ​បក្ស​សង្គ្រោះ​ជាតិ​​​​ទទួល​បាន​៥៥​អាសនៈ ឯ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ​ ។​

​ទោះ​បី​ជា​មាន​ការ​ចរចា​​គ្នា​រវាង​គណ​បក្ស​ទាំាង​ពីរ​ដែល​មាន​អាសនៈ​ក្នុង​រ​ដ្ឋ​សភា​​ជា​ច្រើន​លើក​មក​ហើយ​ក្តី​​ ក្នុង​គោល​បំណង​​ដោះ​ស្រាយ​ការ​​​ជាប់​គាំង​នយោ​បាយ​ ក៏​លទ្ធ​ផល​នៃ​ការ​ចរចា​មិន​ទទួល​បាន​​អ្វី​ជា​ផ្លែ​ផ្កា​​នៅ​ឡើយ ។ កាល​ពី​​​ល្ងាច​ថ្ងៃ​ទី​​២៥ វិច្ឆិកា មន្ត្រី​ជាន់​ខ្ពស់​​រ​បស់​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​​ លោក​​ឧប​នាយក​​រដ្ឋ​មន្ត្រី​​ ស ខេង រដ្ឋ​មន្ត្រី​​​ក្រសួង​​មហា​​ផ្ទៃ​ ​បាន​ថ្លែង​ក្នុង​ជំនួប​ទ្វេ​ភាគី​​​ជាមួយ​​លោក ម៉ាក់ ហ្គោដ​ឌីង ឯក​អគ្គ​រាជ​ទូត​​​ចក្រ​ភព​អង់​គ្លេស​​​​​​នៅ​ទី​ស្តី​ការ​ក្រសួង​ថា គណ​បក្ស​ប្រជា​​​ជន​កម្ពុជា​​ប្រកាស​​ជំហរ​ជា​ថ្មី​ក្នុង​ការ​ចរចា​​ជាមួយ​គណ​បក្ស​សង្គ្រោះ​ជាតិ​​​ ដើម្បី​ដោះ​ស្រាយ​​បញ្ហា​នយោ​បាយ​​​ក្រោយ​ការ​បោះ​​ឆ្នោត ។

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​​បញ្ជាក់​ថា​ រដ្ឋា​ភិបាល​មិន​បិទ​សិទ្ធិ​សេរី​ភាព​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​​​​ក្នុង​​ការ​ធ្វើ​បាតុកម្ម​​​នាពេល​ខាង​មុខ​ និង​ការ​ចរចា​​គ្នា​នោះ​​ទេ ប៉ុន្តែ​​រដ្ឋា​ភិបាល​​ត្រូវ​តែ​ចូល​រួម​ក្នុង​ការ​ថែ​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​​សង្គម​ ចៀស​វាង​អំពើ​ហិង្សា​ណា​មួយ​​កើត​ឡើង​ជា​យថា​ហេតុ ។​ ចំពោះ​សភាព​ការណ៍​នយោបាយ​នៅ​កម្ពុជា​វិញ​ លោក​ឯក​អគ្គ​រាជ​ទូត​ចក្រ​ភព​អង់គ្លេស​​ បាន​លើក​ឡើង​ថា​ ប្រទេស​កម្ពុជា​​​មាន​ការ​វិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​​​​ ដោយ​កម្ពុជា​កំពុង​តែ​ឈរ​​លើ​មាគ៌ាយ៉ាង​​ល្អ ពិសេស​ការ​ចូល​​​រួម​យ៉ាង​​ផុល​ផុស​​ពី​សំណាក់​យុវជន​​ក្នុង​ការ​​ចូល​រួម​ក្នុង​ឆាក​​នយោ​បាយ​នៅ​កម្ពុជា ។​​ ​

លោក​​ឯក​អគ្គ​​រាជ​ទូត​ចប់​អាណត្តិ​រូប​នេះ​ ក៏​បាន​​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ស្ថាន​ភាព​នៃ​​ការ​បោះ​ឆ្នោត​​នៅ​កម្ពុជា​​ថា ប្រកប​ដោយ​​សេរី​ និង​គ្មាន​អំពើ​ហិង្សា​​ដែល​ជា​ប្រវត្តិ​សាស្ត្រ​មួយ​សម្រាប់​កម្ពុជា ។ លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ស ខេង បាន​គូស​បញ្ជាក់​ប្រាប់​លោក​ឯក​អគ្គ​រាជ​ទូត​ចក្រ​ភព​អង់​គ្លេស​ថា បញ្ហា​នយោ​បាយ​ដែល​សេស​សល់​ រដ្ឋាភិ​បាល​ត្រូវតែ​ដោះស្រាយ​ដោយ​សន្តិ​វិធី​ ព្រោះ​ថា​ការ​ដោះស្រាយ​ដោយ​សន្តិ​វិធី​នេះ​ជា​គន្លឹះ​មួយ​សំខាន់​ណាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ធ្វើ​ឱ្យ​មាន​ស្ថិរ​ភាព​នៅក្នុង​ប្រទេស ។​ ទាក់​ទិន​នឹង​ការធ្វើ​បាតុ​កម្ម​របស់​គណបក្ស​ប្រឆាំង​ដែល​គ្រោងនឹង​ធ្វើ​​នៅ​ខេត្ត​សៀម​រាប​នាថ្ងៃទី​១០ ធ្នូ​ ខាង​មុខ​នេះ​ រដ្ឋាភិបាល​មិន​បិទ​សិទ្ធិ​សេរីភាព​នោះ​ទេ ។​

លោក​ឧបនាយក​រដ្ឋ​មន្ត្រី​បាន​ជម្រាប​ដល់​​លោក​ឯក​អគ្គ​រាជទូត​អង់​គ្លេស​ថា សំណើ​របស់​គណ​បក្សប្រឆាំង​ក្នុង​ការរៀបចំ​យន្ត​ការ​ក្នុង​រដ្ឋ​សភា​ គឺ​គណបក្ស​ប្រជាជន​បាន​ឯក​ភាព បុ៉ន្តែ​ជា​​លទ្ធ​ផល​ចុង​ក្រោយ​គណបក្សប្រឆាំង​មិន​បាន​ទទួល​យក​​ទេ ។​ គណបក្ស​សង្គ្រោះ​ជាតិ​មាន​តែ​យោបល់​ តែ​មិន​ផ្សារភ្ជាប់​នឹង​សកម្ម​ភាព​របស់​គាត់ ។​ លោក​ ស ខេង​ សង្កត់​ធ្ងន់​ថា គណបក្ស​ប្រជាជន​​កម្ពុជា​បើក​ទ្វារ​ចំហ​សម្រាប់​ការ​ចរចា​ជាមួយ​គណបក្ស​ប្រឆាំងជា​និច្ច​ ហើយ​គោល​ជំហរ​របស់​គណបក្សប្រជាជន​​កម្ពុជា​ គឺ​ការ​ចរចា​ជាគន្លឹះ​សម្រាប់​ធ្វើ​ឱ្យ​កម្ពុជា​មាន​ស្ថិរ​ភាព​ និង​សន្តិ​ភាព​ ។​

យោង​តាម​​សេចក្តី​ប្រកាស​ព័ត៌​មាន​​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ចុះ​ថ្ងៃទី​២៥ វិច្ឆិកា ​ពី​គម្រោង​រៀបចំ​កម្មវិធី​​ប្រមូល​ផ្តុំ​មហា​ជន ​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៣ ​​រួម​មាន​ការជួប​ជុំ​នៅ​ខេត្ត​សៀម​រាប ​​កម្មវិធី​ថ្នាក់​ដឹក​នាំ​ចុះ​ទៅតំបន់​​ប្រាសាទ​ព្រះវិហារ​ ចូល​តំបន់​​ព្រៃ​ឡង់ ក្នុង​ខេត្ត​កំពង់​ធំ និង​​​ការជួបជុំ​ធ្វើ​​បាតុ​កម្ម នៅ​ទី​លាន​ប្រជា​ធិប​តេយ្យ​ ក្នុង​រាជ​ធានី​ភ្នំពេញ​ ។ តាម​សេចក្តី​ប្រកាស​​ព័ត៌​មាន​បាន​ឱ្យ​ដឹង​​ទៀត​ថា ​​នៅ​ថ្ងៃ​ទី​១០ ធ្នូ ​​ឆ្នាំ​២០១៣​​ ថ្នាក​់​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​មហា​ជន ​នឹងរៀបចំ​ទិវា​អប​អរ​សាទរ​​ទិវា​សិទ្ធិ​មនុស្ស​​អន្តរជាតិ ​នៅខេត្ត​សៀម​រាប ​។ ​ចំណែក​នៅ​ថ្ងៃ​ទី​១១ ​ធ្នូ ​​ថ្នាក​់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​នឹងទៅ​តំបន់​ប្រាសាទ​​ព្រះវិហារ ។ ​នៅថ្ងៃ​ទី​១២ ធ្នូ ​ថ្នាក​់​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ទៅ​តំបន់​​ព្រៃ​ឡង់ ​ខេត្តកំពង់​ធំ ​និង​នៅថ្ងៃទី​១៥ ធ្នូ ​​នឹងរៀប​ចំ​មហា​​បាតុកម្ម​នៅ​ទី​លា​នប្រជា​ធិប​តេយ្យ នៅរាជ​ធានី​ភ្នំពេញ ​។ ​គណ​​បក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​​ប្រកាស​ដែរ​ថា​ ចាប់​​ពីថ្ងៃទី​១៥ ធ្នូ ​​ទៅ គណ​បក្ស​សង្គ្រោះ​ជាតិ​នឹងធ្វើ​មហា​បាតុ​កម្ម​រៀង​រាល់​ថ្ងៃ​អាទិត្យ ។ ​

ទាក់​ទង​នឹង​ការលើក​ឡើង​របស់​​លោក​ឧប​នាយក​រដ្ឋ​​មន្ត្រី​ ស ខេង ថា​ គណ​បក្ស​ប្រជាជន​​កម្ពុជា​បើក​ទ្វារ​ចំហ​សម្រាប់​គណ​បក្ស​សង្គ្រោះ​ជាតិ ក្នុងការចរចា​គ្នា​ដោយ​សន្តិ​វិធី ​និង​ការ​ធ្វើ​បាតុ​កម្ម​​​របស់​គណ​បក្ស​​​សង្គ្រោះជាតិ​​​​ធ្វើ​ឱ្យ​​វឹក​វ​​រ​ដល់សង្គម​ជាតិ អាប់​ឱន​កេរិ៍្ត​ឈ្មោះ​នោះ​ កោះ​សន្ដិ​ភាព​​​មិន​អាច​ទាក់​ទង​​រក​ការ​បំភ្លឺ​​​​ឆ្លើយ​​​​តប​ពីមន្ត្រី​គណបក្ស​សង្គ្រោះជាតិ​​បាន​ទេ ដោយ​​​សារ​ទូរស័ព្ទ​ចូល​​ហើយ​ គ្មាន​អ្នក​ទទួល​ ។ ​មុននេះ​ មន្ត្រីជាន់ខ្ពស់​​ក្រសួង​ទេ​ស​ចរណ៍​​ក៏​បាន​បង្ហាញ​​ពីការ​បារម្ភ​​ទាក់​ទិន​នឹង​ការ​​ធ្វើ​​បាតុ​កម្ម​របស់​​​គណ​បក្ស​​ប្រឆាំង​​​​នៅ​ខេត្ត​​សៀម​រាប​​​​ដែរ​​​​​ ដែល​អាច​នឹង​​រំខាន​ដល់​សក្តា​នុ​ពល​​​ទេ​ស​ចរណ​៍​របស់​ជាតិ ៕