ខេត្ដប៉ៃលិន ៖ ស្រ្ដីវ័យក្មេងម្នាក់ ត្រូវប្ដីហេងស៊យបោះបង់ចោលបន្ទាប់ពីឆ្អែតឆ្អន់ និងបានទៅរស់នៅជាមួយប្រពន្ធដើមវិញ ខណៈដែលនាងសម្រាលកូនទី២បានរយៈពេល១ខែ ដោយទុកឱ្យនាងនិងកូនទាំង២នាក់រស់នៅយ៉ាងលំបាកវេទនា កណ្ដោចកណ្ដែង ស៊ីអត់ស៊ីឃ្លាន រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ។ សព្វថ្ងៃនេះបានអ្នកភូមិចិត្ដបុណ្យឱ្យផ្ទះនាងស្នាក់នៅបណ្ដោះអាសន្ន ប៉ុន្ដែល្គឹកណាម្ចាស់គេត្រូវការវិញ នឹងឱ្យនាងនិងកូនទាំង២នាក់ចេញទៅរស់នៅកន្លែងផ្សេង ។
ស្រ្ដីដែលត្រូវប្ដីបោះបង់ចោលនេះឈ្មោះ ហ៊ុល យ៉ា អាយុ ២៩ឆ្នាំ ជាអ្នកដើរបោកខោអាវតាមផ្ទះ មានកូនប្រុស២នាក់ម្នាក់ឈ្មោះ រឿ រ៉ាន់ អាយុ ៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ រឿ រ៉ុង អាយុ ៧ខែ ។ នាងមានស្រុកកំណើតនៅស្រុកឯកភ្នំ ខេត្ដបាត់ដំបង ចំណែកប្ដីហេងស៊យឈ្មោះ រ៉េត រឿ អាយុ ៥៣ឆ្នាំ មានស្រុកកំណើតនៅខេត្ដកំពង់ចាម ទាំង២នាក់មករស់នៅខេត្ដប៉ៃលិនអស់រយៈពេល៦ឆ្នាំហើយ ដោយយកគ្នាជាប្ដីប្រពន្ធមិនបានរៀបការ និងរស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
សូមបញ្ជាក់ថា ស្រ្ដីរងគ្រោះនេះជាប្រពន្ធទី៤ ដែលប្រពន្ធទី១-ឈ្មោះ រម្យ អាយុជាង ៤០ឆ្នាំ មានកូន៤នាក់ (ប្រុស២នាក់ ស្រី២នាក់) រស់នៅខេត្ដកំពង់ចាម ប្រពន្ធទី២និងទី៣ រស់នៅខេត្ដកំពង់ចាមដែរ បានស្លាប់ដោយសារជំងឺ ។ ស្រ្ដីដែលត្រូវប្ដីហេងស៊យបោះបង់ចោលទៅរួមរស់ជាមួយប្រពន្ធទី១វិញនេះបានរៀបរាប់ថា នាងមានស្រុកកំណើតនៅខេត្ដបាត់ដំបង ឪពុកឈ្មោះ តុ ហ៊ុល ស្លាប់នៅអាយុ ៥៩ឆ្នាំ និងម្ដាយឈ្មោះ ម៉ៅ មុំ ស្លាប់នៅអាយុ ៥០ឆ្នាំ មានបងប្រុសម្នាក់ឈ្មោះ ហ៊ុល សេង អាយុ៣១ឆ្នាំ មានប្រពន្ធរស់នៅខេត្ដកំពង់ស្ពឺ ។ ក្រោយពេលឪពុកម្ដាយស្លាប់ នាងបានរសាត់អណ្ដែតមកស៊ីឈ្នួលកាច់ពោត និងដកដំឡូងមីឱ្យគេនៅខេត្ដប៉ៃលិនកាលពី៦ឆ្នាំមុន ។ ពេលមកស៊ីឈ្នួលធ្វើជាកម្មករបានរយៈពេល៣ទៅ៤ឆ្នាំ ក៏ស្គាល់បុរសម្នាក់ធ្វើជាជាងសិប្បកម្មនៅកន្លែងមួយ លុះពេលនាងស្នាក់នៅផ្ទះក្បែរផ្ទះបុរសរូបនោះក៏ស្គាល់គ្នាក្រោយមកក៏យកគ្នាជាប្ដីប្រពន្ធរួមរស់ជាមួយគ្នា ដោយមិនបានរៀបការអ្វីឡើយ។
បន្ទាប់ពីយកគ្នាជាប្ដីប្រពន្ធរួចមក បុរសជាប្ដីហេងស៊យនេះបានសារភាពប្រាប់ថា គាត់មានប្រពន្ធមុន៣នាក់រួចហើយ ដោយប្រពន្ធទី១បានឈ្លោះទាស់ទែងលែងលះគ្នា ក្រោយមកយកប្រពន្ធម្នាក់ទៀត តែនាងបានស្លាប់ដោយសារជំងឺ ហើយបន្ទាប់ពីប្រពន្ធទី២ស្លាប់ គាត់បានយកប្រពន្ធទី៣ម្នាក់ទៀតក៏ស្លាប់ដោយសារជំងឺដែរ តែមិនមានកូនទេ ។ ប្រភពព័ត៌មានដដែលបន្ដទៀតថា លុះពួកគេរួមរស់នៅជាមួយគ្នារហូតបានកូនប្រុសម្នាក់ ប្ដីរូបនេះក៏ឈប់ធ្វើជាជាងសិប្បកម្មព្រោះផឹកស៊ីអួទីនួខ្លាំងពេក ថៅកែដេញចេញអត់ឱ្យធ្វើការ ក៏ទៅស៊ីឈ្នួលកាច់ពោត និងដកដំឡូងមីជាមួយនាងដែរ ។ ក្រោយពីសម្រាលបានកូនប្រុសម្នាក់រួច នាងក៏មានទម្ងន់សម្រាលបានកូនប្រុសម្នាក់ទៀត ហើយប្ដីនាងបានបបួលនាងឱ្យទៅលេងស្រុកកំណើតរបស់គាត់ លុះទៅដល់ទីនោះ អ្នកភូមិបានបង្ហាញប្រពន្ធដើមឱ្យស្គាល់គ្នា ហើយប្រាប់នាងថា បុរសរូបនេះមិនបានលែងលះជាមួយប្រពន្ធទី១ទេ ។
នាង ហ៊ុល យ៉ា រៀបរាប់ទៀតថា ក្រោយពីស្ដាប់សម្ដីអ្នកភូមិរួចមក នាងរកនិយាយអ្វីលែងចេញ ព្រោះអ្វីៗបានជ្រុលហួសអស់ទៅហើយ ។ ទោះជាយ៉ាងណា នាងបានព្យាយាមទៅជួបជាមួយប្រពន្ធទី១របស់គាត់ ហើយគេក៏អត់មានរករឿងឈ្លោះទាស់ទែងអ្វីជាមួយនឹងនាងទេ ។ ពេលដែលនាងនៅលេងផ្ទះម្ដាយខាងប្ដីនោះអស់រយៈពេលពី២ទៅ៣ថ្ងៃ ស្រាប់តែប្ដីរបស់នាងបានជេរ និងបណ្ដេញនាងឱ្យត្រឡប់ទៅប៉ៃលិនវិញ ។ ពេលនោះនាងប្រាប់ថា អត់មានលុយកាក់អ្វីដើម្បីធ្វើដំណើរទេ ហើយប្ដីរបស់នាងឆ្លើយថា លក់កូនទាំង២នាក់នេះឱ្យគេទៅ ហើយយកលុយទៅវិញចុះ ។
គ្រាន់តែឮប្ដីតិរច្ឆាននិយាយដូច្នេះ ធ្វើឱ្យនាងតូចចិត្ដយ៉ាងខ្លាំង និងបានប្រាប់ទៅវិញថា ទោះបីជានាងធ្លាក់ខ្លួនតោកយ៉ាក រហូតដល់ដាច់បាយស្លាប់ក៏មិនមានឈ្មោះថាជាស្រីលក់កូនឱ្យគេដូចសត្វធាតុដែរ ។ ម៉្យាងទៀត ពូជពង្សវង្សត្រកូលរបស់នាងអត់មានអ្នកណាធ្លាប់រកស៊ីលក់កូនឱ្យគេទេ ហើយដោយសារប្ដីគម្រក់ម្នាក់នេះដុកដាន់ខ្លាំងពេក ធ្វើឱ្យនាងទ្រាំស្នាក់នៅទីនោះលែងបាន ក៏ទូរស័ព្ទប្រាប់ស្រ្ដីស្គាល់គ្នាម្នាក់ដែលជាម្ចាស់ផ្ទះនាងស្នាក់នៅរាល់ថ្ងៃ គេបានវេរលុយឱ្យនាងធ្វើដំណើរត្រឡប់មកខេត្ដប៉ៃលិនវិញ ដោយពេលនោះនាងទើបតែសម្រាលកូនទី២បានតែ១ខែប៉ុណ្ណោះ ។
ឥឡូវនេះ ប្ដីហេងស៊យរបស់នាងរស់នៅជួបជុំប្រពន្ធកូនដើមវិញ អស់រយៈពេល៥ទៅ៦ខែហើយ អត់ដែលផ្ញើលុយ សូម្បីតែមួយសេនឱ្យកូនទាំង២នាក់ក៏អត់មានដែរ ។ ថ្មីៗនេះទៀត ប្ដីរូបនោះបានទូរស័ព្ទមកជេរនាងម្ដង ដោយនិយាយចោទនាងថា មានប្រុសសហាយ និងយកប្ដីថ្មីម្នាក់ទៀត ហើយប្រាប់ទៀតថា អត់ត្រឡប់មករួមរស់ជាមួយនាងតទៅទៀតទេ គឺគេរស់នៅជាមួយប្រពន្ធដើមវិញ ព្រោះកូនធំៗអស់ហើយ ។ ធាតុពិតនាងអត់មានប្រុសឈ្មោល ឬប្ដីឯណាទេ គឺប្រឹងប្រែងរាល់ថ្ងៃដើរស៊ីឈ្នួលបោកខោអាវតាមផ្ទះឱ្យគេដើម្បីបានលុយចិញ្ចឹមកូនប្រុសទាំង២នាក់ ។
ស្រ្ដីរងគ្រោះបានបញ្ជាក់ទៀតថា មួយជីវិតនេះនាងឆ្អែតចិត្ដហើយក្នុងការយកប្ដីចិត្ដឯង ដោយអត់ស្គាល់សាវតារពិតប្រាកដ ជឿលង់នឹងពាក្យលួងលោមរបស់គេ ។ ទោះបីជាយ៉ាងណា អ្វីៗហួសអស់ទៅហើយមានតែប្រឹងតស៊ូដើម្បីខ្លួនឯងនិងកូនតូចៗ២នាក់ ។ ម៉្យាងទៀត ជារៀងរាល់ថ្ងៃនាងរស់នៅដោយអ្នកជិតខាងគេអាណិតអាសូរក៏ផ្ដល់ជាម្ហូបអាហារសម្រាប់ចិញ្ចឹមកូន២នាក់ផងដែរ ។
នាងបានរំលឹកដែរថា កាត់សក់ខុស១ខែ ធ្វើស្រែខុស១ឆ្នាំ តែយកប្ដីប្រពន្ធបើខុសគឺខុសមួយជីវិត ដូច្នេះយុវជនយុវនារីទាំងឡាយមុននឹងយកអ្នកណាម្នាក់មកធ្វើជាគូអនាគតត្រូវតែសម្លឹងមើលឱ្យច្បាស់ និងត្រូវស្គាល់សាវតារគេជាមុនសិន ដើម្បីកុំឱ្យទឹកភ្នែកជូតក្បាលជង្គង់ទៅថ្ងៃមុខ ដូចដែលនាងបានជួបនាពេលនេះ ៕
ចែករំលែកព័តមាននេះ