ការសិក្សាមួយបានបង្ហាញថា បណ្តាបុរស-ស្ត្រីដែលធ្វើការនៅក្នុងការិយាល័យកំពុងប្រឈមខ្លាំងនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ ខណៈពួកគេអង្គុយធ្វើការជាប់រហូតដល់៤ម៉ោងក្នុងមួយពេល ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា បុគ្គលដែលចំណាយពេលច្រើនជាង៦ម៉ោងក្នុង១ថ្ងៃអង្គុយឥតងើបនឹងជួបហានិភ័យខ្ពស់ពីប្រភេទជំងឺរ៉ាំរ៉ៃមានដូចជា ជំងឺមហារីក ទឹកនោមផ្អែម និងជំងឺបេះដូងជាដើម ។
លោកសាស្ត្រាចារ្យ Richard Rosenkranzអ្នកដឹកនាំការសិក្សាមកពីសាកលវិទ្យាល័យ Kansas State University សហរដ្ឋអាមេរិកបានថ្លែងថា បុគ្គលដែលអង្គុយកាន់តែយូរ ការប្រឈមបញ្ហាសុខភាពមានកាន់តែធំផងដែរ ។ លោកបន្តថា ៖ «ក្នុងចំណោមអ្នកចូលរួមពិសោធន៍ យើងបានពិនិត្យឃើញអ្នកដែលអង្គុយមិនងើបច្រើនម៉ោង អត្រាប្រឈមកើតមានជំងឺរ៉ាំរ៉ៃកើនឡើងខ្ពស់ ។ សម្រាប់ក្រុមដែលអង្គុយច្រើនជាង៨ម៉ោងក្នុងមួយថ្ងៃ ជាក់ច្បាស់ណាស់អត្រាប្រឈមគឺមានខ្ពស់ជាងគេ»។ លោកសាស្ត្រាចារ្យបន្ថែមថា លទ្ធផលនៃការសិក្សាលើកនេះ មិនត្រឹមតែជាការបញ្ជូនសញ្ញាប្រកាសអាសន្នទៅកាន់បណ្តាអ្នកធ្វើការក្នុងការិយាល័យប៉ុណ្ណោះទេ តែថែមទាំងជាសញ្ញាទៅកាន់អ្នកប្រកបមុខរបរដូចជា បើកបរតាក់ស៊ី រថយន្តដឹកទំនិញផងដែរ ។ និយាយជារួម រាល់ការងារដែលតម្រូវឱ្យអង្គុយច្រើនម៉ោងគឺសុទ្ធតែជាសញ្ញាគ្រោះថ្នាក់ដល់សុខភាព ។
ដោយឡែក ការសិក្សាលើកមុនក៏បានរកឃើញផងដែរថា អ្នកអង្គុយមើលទូរទស្សន៍៦ម៉ោងក្នុងមួយថ្ងៃថយអាយុអស់៥ឆ្នាំធៀបទៅនឹងអ្នកមិនមើលឬមើលតិចជាង ។ មានការពន្យល់ថា អង្គុយយូរអាចនាំឱ្យទំហំចង្កេះរីកធំ កម្រិតខ្លាញ់កូឡេស្តេរ៉ូល ខ្លាញ់ Triglycerides និងកម្រិតស្ករក្នុងឈាមកើនខ្ពស់ ៕
ចែករំលែកព័តមាននេះ