ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅ​លេង​ស្រុក ហាម​ផឹក​ហួសហេតុ​ ទុក​ឱ្យ​ឪពុក​ម្តាយ​សង​លុយ​តាម​ក្រោយ

8 ខែ មុន
  • ភ្នំពេញ

នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ម្តង​ៗ កំណើន​ទទួលទាន​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​កើនឡើង​។ តាម​ស្តង់ និង​កន្លែងលក់ដូរ​គ្រឿង​ស្រវឹង​នានា បាន​ត្រៀម​ក្នុង​ស្តុក​ជា​ស្រេច​នូវ​ស្រា​បៀរ​ និង​សុរា ដើម្បី​លក់​ចេញ​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នេះ​។ គេ​សង្កេត​ឃើញ​តាម​ភូមិ តាម​ស្រុក​នីមួយ​ៗ ពលរដ្ឋ​បាន​ជួបជុំ​គ្នា​លេងល្បែង​ប្រជាប្រិយ…

នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ម្តង​ៗ កំណើន​ទទួលទាន​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​កើនឡើង​។ តាម​ស្តង់ និង​កន្លែងលក់ដូរ​គ្រឿង​ស្រវឹង​នានា បាន​ត្រៀម​ក្នុង​ស្តុក​ជា​ស្រេច​នូវ​ស្រា​បៀរ​ និង​សុរា ដើម្បី​លក់​ចេញ​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នេះ​។

គេ​សង្កេត​ឃើញ​តាម​ភូមិ តាម​ស្រុក​នីមួយ​ៗ ពលរដ្ឋ​បាន​ជួបជុំ​គ្នា​លេងល្បែង​ប្រជាប្រិយ ​និង​ការ​កម្សាន្ត​សប្បាយ តាម​ទម្លាប់​ភូមិ​ឃុំ​របស់​ខ្លួន ។ ជាមួយ​គ្នា​នេះ គេ​កម្រ​ចោល​គ្រឿង​ស្រវឹង​ណាស់​។​សុរា ស្រា​បៀរ ទឹកត្នោតជូរ គឺ​គ្រឿង ស្រវឹង​ដែល​ពលរដ្ឋ ពិសេស​យុវជន​កម្ពុជា​ទទួលទាន​។

ដោយសារ​ពល​រេ​ដ្ឋ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​បែប​នេះ ទើប​នៅ​ពេល​ចូល​ឆ្នាំ ឬ​ជិត ចូល​ឆ្នាំ​ម្តង​ៗ សិល្បករ តែងតែ​ផលិត​រឿង​កំប្លែង​នានា​មក​សម្តែង ឬ​និទាន​ជូន​ទស្សនិក​ជន​សប្បាយ​រីករាយ​។

ពលរដ្ឋ​ជា​ច្រើន​ទំនងជា​បាន​ស្តាប់​និង​បាន​ទស្សនា​ហើយ​នូវ​ការ​កំប្លែង ដែល​ឪពុក​ម្តាយ ដើរ​យក​លុយ​សង​គេ ក្រោយ​ចូល​ឆ្នាំ​ចប់ ជំនួស​កូន​ខ្លួន​។ កូន​ៗ​បាន​ដើរ​ជំពាក់​លុយ​គេ​ថ្លៃ​ទិញ​ស្រា​បៀរ​មក​ផឹក​ក្នុង​ឱកាស​ចូល​ឆ្នាំ​។ លុះ​ចូល​ឆ្នាំ​ចប់ ឪពុក​ម្តាយ​ដើរ​សង​គេ​ជំនួស​។

រឿង​កំប្លែង​ច្រើន​តំណាល​ថា ពេល​ចូល​ឆ្នាំ​កូន​យក​ប្រាក់​១០​ម៉ឺន​រៀល​ជូន​ម្តាយ​ឪពុក តែ​ចូល​ឆ្នាំ​ចប់ ម្តាយ យក​លុយ​១០០​ឬ​២០០​ដុល្លារ ដើរ​សង​គេ​ជំនួស​កូន​ដែល​បាន​ទិញ​ស្រា​បៀរ​គេ​ជំពាក់​។
សាច់​រឿង​នេះ​ផលិត​មក​ដើម្បី​សើច​សប្បាយ​ប៉ុន្តែ​ទំនង​អាច​មានការ​ពិត​។ ការ​ពិត​ដោយសារ តែ​ពលរដ្ឋ ពិសេស​យុវជន​តែ​ម្តង បាន​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​លើសលប់​នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី​ម្តង​ៗ​។


លោក​ណា​រ៉ា យុវជន​ម្នាក់​រស់នៅ​ខេត្តកំពង់ចាម នៅ​ពេល​សួរ​ថា​ធ្លាប់​ទទួលទាន​គ្រឿង​ស្រវឹង ហើយ​ជំពាក់ គេ​ឱ្យ​ម្តាយ​ជា​អ្នក​សង​ទ? យុវជន​វ័យ​២៥​ឆ្នាំ​រូប​នេះ​បាន​សើច​និង​បដិសេធ​ថា​មិន​ធ្លាប់​ទេ​។

ណា​រ៉ា​បានដឹង​ពី​រឿង​កំប្លែង​នោះ ហើយ​គាត់​បាន​និយាយ​ទំនង​អាច​ជា​ការ​ពិត​។ ដ្បិត​ចូល​ឆ្នាំ​ម្តង​ៗ ទាំង​លោក ទាំង​គេ គឺ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​ណាស់​។ «នៅ​ក្នុង​ពេល​ទៅ​ស្រុក​៤​ឬ​៥​ថ្ងៃ​ចូល​ឆ្នាំ​នេះ ថ្ងៃ​ណា​ក៏​ផឹក​ដែរ​។ ឆ្នាំ​ខ្លះ​មិន​បាន​ទៅ​វត្ត​ទេ គឺ​នាំ​គ្នា​អង្គុយ​ផឹក​ពី​ព្រឹក​ដល់​យប់​តែ​ម្តង​»​។
តាម​ណា​រ៉ា ថា​ក្រុម​របស់​គាត់​អាច​ទទួលទាន​ស្រា​បៀ​មិន​តិច​ជាង​១០​កេស​នោះ​ទេ នៅ​ក្នុង​ឱកាស​ចូល​ឆ្នាំ បី​ឬ​បួន​ថ្ងៃ​នោះ​។ «​យូរ​ៗ​ពួក​យើង​បាន​ជួប​គ្នា​ម្តង​ដូច្នេះ​គ្មាន​អ្វី​ក្រៅពី​អង្គុយ​ផឹក​នោះ​ទេ​។ អ្នកចូលរួម​ផឹក មាន​មិត្ត​ភ័ក្តិ អ្នក​ភូមិ និង​បងប្អូន​»​។

កាលពី​ពេល​ថ្មី​ៗ​នេះ មាន​របាយការណ៍​មួយ​បង្ហាញ​ថា​កម្ពុជា​ជាប់​លេខ​រៀង​ទី​៣ មាន​ពលរដ្ឋ​ផឹកស្រា​ច្រើន នៅ​ក្នុង ពិភពលោក​។ តាម​របាយការណ៍​របស់ Wisevoter ឃើញ​ថា​កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​៣ ដែល​មាន ប្រជាជន​ផឹកស្រា​ច្រើន​ជាងគេ និង​លេខ​រៀង​ទី​៣៦​នៅ​ក្នុង​ចំណោម​ប្រទេស​នៅ​លើ​ពិភពលោក ខណៈ​ឡាវ​វិញ ឈរ​នៅ​លេខ​រៀង​ទី​១​ក្នុង​តំបន់​អាស៊ាន និង​លេខ​រៀង​ទី​១៨​នៅ​លើ​ពិភពលោក បន្ទាប់​មក​ប្រទេស​វៀតណាម ឈរ​នៅ​លេខ​ទី​២​ក្នុង​តំបន់​អាស៊ាន និង​លេខ​រៀង​ទី​២៨ នៅ​លើ​ពិភព​លោ ក​។ ចំណែក​ប្រទេស អាស៊ាន​ដែល​មាន​ប្រជាជន​ផឹកស្រា​ទាប​ជាងគេ គឺ​ប្រទេស​ព្រុយ​ណេ បន្ទាប់​មក​មាន​សាំង​ហ្គា​ពួរ ម៉ា​ឡេ​ស៊ី និង​ប្រ​ទេ​ឥណ្ឌូ​នេ​ស៊ី​។

កាលពីដើម​ឆ្នាំ ២០២៤ ក្រសួងសុខាភិបាល បាន​ចេញ សេចក្តី​ប្រកាស​ព័ត៌មាន អំពី​ផល​ប៉ះពាល់​នៃ​ការ​ទទួលទាន​គ្រឿង​ស្រវឹង ដែល​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ដល់​សុខភាព ព្រោះ​ការ​ទទួលទាន​គ្រឿង​​ស្រវឹង នឹង​ធ្វើ​ឱ្យ​មាន​ជំងឺ​ជា​ច្រើន ៖ ដូច​ជា ក្រិន​ថ្លើម ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ មាន​បញ្ហា​ផ្លូវចិត្ត អសមត្ថភាព​ផ្លូវភេទ ជំងឺ​សរសៃឈាម និង​បេះដូង ធ្វើ​ឱ្យ​ទារក​លូតលាស់​មិន​ប្រក្រតី លើសឈាមលើស​អាស៊ីត លើស​ជាតិ​ស្ករ មហារីក​បំពង់ក បំពង់​អាហារ ថ្លើម ពោះវៀន សុដន់ និង​មហារីក​ឈាម​ជាដើម ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ