រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានគូសបញ្ជាក់ឲ្យដឹងថា ក្នុងឆ្នាំ២០២៤ មានគ្រោះអគ្គិភ័យកើតចំនួន១.០៣៥លើក បណ្ដាលឱ្យឆេះផ្ទះ៦៤៨ខ្នង តូបលក់ដូរ៦៥៥តូប និងមានមនុស្សស្លា.ប់១៤នាក់ រងរបួស៤៣នាក់ ។ បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា ចំនួននេះបានកើនឡើងច្រើនធៀបនឹងឆ្នាំ២០២៣ ប៉ុន្តែអត្រាអ្នកស្លា.ប់ក្នុងហេតុការណ៍ សរុបបានថយចុះគួរឱ្យកត់សម្គាល់ ។
បើធៀបឆ្នាំ២០២៣ លោកបណ្ឌិតរម្លឹកថា មានគ្រោះអគ្គិភ័យសរុប៧៦៦លើក កើន២៦៩លើក ប៉ុន្តែអ្នកស្លា.ប់មានទៅ៥៤នាក់ និងអ្នករបួស៩៦នាក់ ។ ក្នុងឆ្នាំកន្លងទៅនេះដែរ អ្នកនាំពាក្យបានសរុបបន្ថែមថា សមត្ថកិច្ចបានចេញអន្តរាគមន៍ទប់ស្កាត់មិនឱ្យគ្រោះអគ្គិភ័យឆេះរាលដាលក្លាយជាមហន្តរាយធ្ងន់ធ្ងរចំនួន៧២៦លើក ។
ចំណែកករណី៣០៩លើកទៀតត្រូវអាជ្ញាធរមូលដ្ឋាន ក្រុមបង្ការ និងពន្លត់អគ្គិភ័យសហការជាមួយប្រជាពលរដ្ឋ រួមគ្នាពន្លត់បានទាន់ពេលវេលា ។ ត្រង់ចំណុចនេះក្នុងនាមក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានសម្ដែងការដឹងគុណ និងកោតសរសើរចំពោះការបំពេញភារកិច្ចប្រកបដោយឆន្ទៈលះបង់ខ្ពស់របស់អាជ្ញាធរ និងកម្លាំងគ្រប់ប្រភេទ រួមទាំងការចូលរួមសហការយ៉ាងល្អរបស់បងប្អូនប្រជាពលរដ្ឋ ។
សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានក្រសួងមហាផ្ទៃជាសេនាធិការ ដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានបង្កើនការយកចិត្តទុកខ្ពស់ណាស់ចំពោះការពង្រឹងសមត្ថភាពបង្ការ និងសង្គ្រោះ ដោយបានបញ្ជាទិញរថយន្តពន្លត់អគ្គិភ័យប្រភេទថ្មីទំនើបៗ និងបានពង្រឹងការហ្វឹកហាត់ជំនាញដល់កម្លាំងពន្លត់ជាប្រចាំ ខណៈរាជរដ្ឋាភិបាលនីតិកាលកន្លងទៅ ក៏បានប្រគល់រថយន្តពន្លត់អគ្គិភ័យឱ្យគ្រប់បណ្ដាក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេសផងដែរ ។
ជាក់ស្តែងក្នុងឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានបង្វឹកជំនាញបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ និងចេញវិញ្ញាបនបត្របញ្ជាក់ដល់ក្រុមបង្ការ និងពន្លត់អគ្គិភ័យកាតព្វកិច្ចសរុបចំនួន៤.០៩៧នាក់ ស្មើនឹង២៥៧ក្រុម លើ១០៧គោលដៅ និងបានចុះពិនិត្យ និងចេញវិញ្ញាបនបត្របញ្ជាក់គុណភាពនៃប្រព័ន្ធបង្ការ ពន្លត់ អគ្គិភ័យចំនួន១១៣គោលដៅ ព្រមទាំងបានចុះផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការបង្ការ និងពន្លត់អគ្គិភ័យចំនួន២.៤០៨គោលដៅទូទាំងប្រទេស ។
សូមបញ្ជាក់ដែរថា ករណីអគ្គិភ័យនេះដែរ កាលពីពេលថ្មីៗនេះ ពោល គឺនាដើមឆ្នាំ២០២៥នេះតែម្ដង មានហេតុការណ៍គ្រោះអគ្គិភ័យកើតឡើងជាបន្តបន្ទាប់ ដូចជា ករណីឆេះផ្ទះ ឆេះឃ្លាំង ឆេះក្លឹបកម្សាន្ត ឆេះរោងចក្រ ឃ្លាំងសាំង ឆេះព្រៃ ។ គ្រោះនេះបានបណ្តាលឱ្យមនុស្សស្លា.ប់ និងរងរបួសមួយចំនួនរួចទៅហើយ ៕
ចែករំលែកព័តមាននេះ