ទីក្រុងប្រ៊ុចសែល៖ ប្រទេសមហាអំណាចធំៗនៅទ្វីបអឺរ៉ុបដូចជាអង់គ្លេស បារាំង និងអាល្លឺម៉ង់ជាដើមបានប្រកាសកាលពីយប់មិញថាពួកគេចង់ចូលរួមចំណែកនៅក្នុងដំណើរការចរចាសន្តិភាពដែលផ្ដួចផ្ដើមឡើងដោយអាមេរិក និងរុស្ស៊ី។ ប៉ុន្តែពួកគេសូមគូសបញ្ជាក់ជំហររបស់ខ្លួនថាមានតែការចរចាគ្នាដែលប្រកបដោយភាពយុត្តិធម៌តែប៉ុណ្ណោះទើបអាចធានាសន្តិសុខ និងសន្តិភាពយូរអង្វែងសម្រាប់អ៊ុយក្រែន។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/32a70cbfe5b0a38c4d63aef668214be9.jpg)
សេចក្ដីថ្លែងការណ៍របស់គណៈកម្មការអឺរ៉ុបមានសេចក្ដីជាអាទិ៍ថា៖ វត្ថុបំណងរួមរបស់យើងត្រូវធ្វើឱ្យអ៊ុយក្រែនមានជំហររឹងមាំ។ អ៊ុយក្រែន និងអឺរ៉ុបត្រូវតែមានចំណែកនៅក្នុងការចរចា។ អ៊ុយក្រែនគួរណាស់ទទួលបានការធានាសន្តិសុខជាតិកម្រិតខ្ពស់។ ដើម្បីឱ្យមានសន្តិសុខរឹងមាំសម្រាប់តំបន់អន្តរអាត្លង់ទិច គេចាំបាច់ត្រូវតែធ្វើឱ្យអ៊ុយក្រែនមានសន្តិភាពដោយយុត្តិធម៌ និងយូរអង្វែង។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/105f1582c5b3c2918c10004c020f8654-1.jpg)
ក្រុមប្រទេសមហាអំណាចនៅអឺរ៉ុបទាំងប៉ុន្មាននេះប្រកាសថាខ្លួនត្រៀមខ្លួនរួចហើយដើម្បីជជែកគ្នាជាមួយក្រុមការងាររបស់អាមេរិកមុនពេលមានកិច្ចចរចាជាមួយរុស្ស៊ី។ រដ្ឋមន្ត្រីបារាំង អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងគណៈកម្មការអឺរ៉ុបបានជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែននៅទីក្រុងប៉ារីស ប្រទេសបារាំងកាលពីយប់មិញ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/c10ca4fd0af717aba397f22e1fe9feed.jpg)
កិច្ចជំនួបដែលរៀបចំគម្រោងតាំងពីច្រើនសប្ដាហ៍មកហើយនោះមានគោលដៅដាក់ចេញយុទ្ធសាស្ត្រការពារជាតិសម្រាប់ទ្វីបអឺរ៉ុប, ពិភាក្សាគ្នាពីការពង្រឹងជំហររបស់អ៊ុយក្រែន, រៀបចំផែនការសម្រាប់ការចរចាសន្តិភាពនាពេលខាងមុខ និងរៀបគម្រោងពិភាក្សាគ្នាជាមួយក្រុមការងាររបស់អាមេរិកនៅពេលជួបគ្នានៅទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់ខាងលិច នាចុងសប្ដាហ៍នេះ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/0de724397c74e5ab443d6f1e64ca6aa7-1.jpg)
ប៉ុន្តែជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលដែលរដ្ឋមន្ត្រីការពារជាតិអាមេរិកប្រកាសសេចក្ដីថ្លែងការណ៍បញ្ជាក់អំពីជំហររបស់រដ្ឋាភិបាលលោកត្រាំពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាអ៊ុយក្រែន។ ផ្ទុយពីជំហររបស់អឺរ៉ុប អាមេរិកយល់ថាទឹកដីអ៊ុយក្រែនដែលបានបាត់បង់ទៅរុស្ស៊ីរួមទាំងតំបន់គ្រីម៉េដែលរុស្ស៊ីដាក់បញ្ចូលជាទឹកដីខ្លួនតាំងពីឆ្នាំ២០១៤ផងនោះមិនអាចយកមកវិញទេ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/7fb18590449808b361d6f4c3dfc82df6.jpg)
អាមេរិកនិយាយដោយខ្លីថាទឹកដីអ៊ុយក្រែនមុនឆ្នាំ២០១៤មិនអាចយកមកវិញទេ ហើយគោលបំណងរបស់អ៊ុយក្រែនដែលចង់ចូលជាសមាជិកអង្គការណាតូក៏មិនអាចទៅរួចដែរ។ រដ្ឋមន្ត្រីអាមេរិកប្រកាសដូច្នេះក្រោយការសន្ទនាគ្នាតាមទូរស័ព្ទកាលពីយប់មិញរវាងលោកត្រាំ និងលោកពូទីន។ លោកទាំង២បានឯកភាពគ្នាថានឹងចាប់ផ្ដើមការចរចាគ្នាឆាប់ៗនេះ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/f6fe9e3d32209fdaa3c1348ae498c778-1.jpg)
តាមពិត ក្រុមប្រទេសមហាអំណាចនៅទ្វីបអឺរ៉ុបមិនបានដឹងតាំងពីដំបូងដៃថាមានការសន្ទនាគ្នានោះទេព្រោះអាមេរិកមិនបានប្រាប់ឱ្យដឹង។ ហេតុដូច្នេះ ពួកគេក៏ចាប់ផ្ដើមស្រឡាំងកាំងតែម្ដងនៅពេលរដ្ឋមន្ត្រីការពារជាតិអាមេរិកថ្លែងដូចខាងលើនេះ។ នេះបើយោងតាមក្រុមអ្នកការទូតដែលដឹងកិច្ចការផ្ទៃក្នុងនៃកិច្ចប្រជុំនោះបានបង្ហើបប្រាប់អ្នកសារព័ត៌មាន។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/1bc63e1e84c5a536f9cfc97eea0ca67d-4.jpg)
ចំពោះសំណួរថាតើបណ្ដាប្រទេសនៅអឺរ៉ុបអាចនឹងមានចំណែកនៅក្នុងការចរចាសន្តិភាពនេះទេ? អ្នកនាំពាក្យសេតវិមាន លោកស្រីខារ៉ូឡាញ លេវីត (Karoline Leavitt) ឆ្លើយតបថាលោកស្រីគ្មានបញ្ជីឈ្មោះប្រទេសនៅអឺរ៉ុបណា១ដែលត្រូវជម្រាបជូននៅពេលនេះទេ។ មានន័យថាស្រួលមិនស្រួល ពួកអឺរ៉ុបប្រហែលជាគេដាក់ឱ្យនៅពីក្រោយឆាកជាមិនខានឡើយ៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/1114712e2edb4a2a7b03d403a5b55e5e.jpg)
ចែករំលែកព័តមាននេះ