ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងអប់រំពង្រឹងការអនុវត្តវិន័យតាមដានអវត្តមានសិស្សក្នុងទិវានៃក្តីស្រឡាញ់

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់ ​(១៤​កុម្ភៈ​) នៅ​តាម​គ្រឹះ ស្ថានសិក្សា​សាធារណៈ និង​ឯកជន ក្រសួង​អប់រំ យុវជន និង​កីឡា…

រាជធានី​ភ្នំពេញ ៖ ដើម្បី​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់ ​(១៤​កុម្ភៈ​) នៅ​តាម​គ្រឹះ ស្ថានសិក្សា​សាធារណៈ និង​ឯកជន ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ណែនាំ​ឱ្យ​ពង្រឹង​ការ​អនុវត្ត​វិន័យ​ឱ្យ​បាន​ម៉ឺងម៉ាត់ ដោយ​តាមដាន​អវត្តមាន​របស់​សិស្សានុសិស្ស​ជាប់​ជា​ប្រចាំ ។

ការ​ណែនាំ​នេះ​របស់​ក្រសួង​អប់រំ បន្ទាប់​ពីពេល​កន្លង​មក​មាន​យុវជន​មួយ​ចំនួន​តូច បាន​ភ្លើតភ្លើន​ភ្លេច​ការ​សិក្សា​នៅ​ទិវា​នៃ​ក្តី​ស្រឡាញ់ ។តាម​សេចក្ដីណែនាំ​របស់​ក្រសួង​អប់រំ យុវជននិង​កីឡា នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៥ បានលើក​ឡើង​ថា ក្រសួង​អប់រំ​បាន​សង្កេត​ឃើញ​ថា សិស្សានុសិស្ស​មួយ​ចំនួន​តូច​យល់​ច្រឡំ​ថា ថ្ងៃ​១៤ កុម្ភៈ ជា​ថ្ងៃ​បុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍ ។

ទិវា​នេះ ពុំ​មែន​ជា​ប្រពៃណី​របស់​ជនជាតិ​ខ្មែរ​យើង​ទេ ។ យុវជន​មួយ​ចំនួន​តូច​ភ្លើតភ្លើន​ភ្លេច​ការ​សិក្សា បាត់បង់​សេចក្តី​ថ្លៃថ្នូរ​ជា​បុគ្គល និង​ក្រុម​គ្រួសារ ដោយ​ប្រាសចាក​វប្បធម៌ និង​ប្រពៃណី​ជាតិ​របស់​ខ្មែរ ។ដើម្បី​បន្ត​ពង្រឹង​ការ​អនុវត្ត​បទបញ្ជាផ្ទៃក្នុង នៅ​គ្រប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ធ្វើការ​ណែនាំ​ដូច​តទៅ ៖

១-​ត្រូវ​ផ្សព្វផ្សាយ​អំពី​អត្ថន័យ​ទិវា​នៃ​ក្តី​ស្រឡាញ់ ដល់​សិស្សានុសិស្ស​ឱ្យ​បាន​ទូលំទូលាយ គ្រប់​មធ្យោបាយ និង​គ្រប់​រូបភាព ដើម្បី​ជៀសវាង​ការ​យល់​ច្រឡំ ដែល​នាំ​ឱ្យ​ប្រាសចាក​វប្បធម៌ និង​ប្រពៃណី​ជាតិ​របស់​ខ្មែរ ។២-​ត្រូវ​ពង្រឹង​ការ​អនុវត្ត​វិន័យ​ឱ្យ​បាន​ម៉ឺងម៉ាត់ ដោយ​តាមដាន​អវត្តមាន​របស់​សិស្សានុសិស្ស​ជាប់​ជា​ប្រចាំ ។៣-​ត្រូវ​បញ្ជ្រាប​ការ​អប់រំ​សីលធម៌ តាម​មុខ​វិជ្ជា​នីមួយ​ៗ ។៤-​ត្រូវ​ជំរុញ​ដំណើរការ​របស់​ក្រុមប្រឹក្សា​យុវជន ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា ដោយ​អនុវត្ត​សកម្មភាព​“​មិត្ត​អប់រំ​មិត្ត​” ។

៥-​ត្រូវ​ទំនាក់ទំនង​ជាមួយ​មាតាបិតា ឬ​អាណាព្យាបាល​សិស្ស និង​សហគមន៍ ដើម្បី​ផ្តល់​និង​ទទួល​ព័ត៌មាន​នានា ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​មិន​ប្រក្រតី ។៦-​ត្រូវ​រួម​សហការ​គ្នា​ទប់ស្កាត់ អប់រំ ណែនាំ និង​កែ​លម្អ​ឱ្យ​បាន​ទាន់​ពេលវេលា ។ ៧-​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​-​ខេត្ត គណៈ​គ្រប់គ្រង​សាលារៀន និង​គ្រប់​ភាគី ពាក់ ព័ន្ធ បន្ត​ពង្រឹង​ការ​អនុវត្ត​ប្រកាស​ស្តីពី​បទបញ្ជាផ្ទៃក្នុង​សម្រាប់​គ្រឹះស្ថាន​បឋម​សិក្សា និង​ប្រកាស​ស្តី​ពី​បទបញ្ជាផ្ទៃក្នុង​សម្រាប់​គ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះ​ទូទៅ​សាធារណៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ