មីនប្រឆាំងមនុស្សចំនួនជាង១,៧ម៉ឺនគ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល ឆ្នាំ២០២៤
រាជធានីភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានបញ្ជាក់ថា ឆ្នាំ២០២៤ កន្លងនេះ ផ្ទៃដីមានមីន…
រាជធានីភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានបញ្ជាក់ថា ឆ្នាំ២០២៤ កន្លងនេះ ផ្ទៃដីមានមីន…
រាជធានីភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានបញ្ជាក់ថា ឆ្នាំ២០២៤ កន្លងនេះ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ២៧៣ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ដោយរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួនប្រមាណជាង ១,៧ ម៉ឺនគ្រាប់ មីនប្រឆាំងរថក្រោះជាង ២០០គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួនជាង ៩ ម៉ឺនគ្រាប់ ហើយអត្រាគ្រោះថ្នាក់បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលសកម្មភាពកម្ចាត់មីន (MACC) ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា កម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៨-២០២៥ ដែលបាននាំមកនូវសមិទ្ធផលយ៉ាងធំធេងសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ដែលជាកត្តាមួយដ៏សំខាន់ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ។
ឯកឧត្តម លី ធុជ គូសបញ្ជាក់បន្ថែមទៀតថា ការងារចំពោះមុខក្នុងឆ្នាំ២០២៥ និងជាឆ្នាំចុងក្រោយ នៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ កម្ពុជាបាននឹងកំពុងរៀបចំកំណត់នូវគោលដៅថ្មី «ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម» ដើម្បីអាចធានាបាននូវការរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍជាតិប្រព្រឹត្តទៅបានប្រកបដោយសុវត្ថិភាពខ្ពស់គ្រប់ទីកន្លែង ។
ឯកឧត្តម លី ធុជ បន្តទៀតថា ដើម្បីគាំទ្រដល់គោល ដៅថ្មីនេះ អាជ្ញាធរមីន កំពុងរៀបចំនូវឯកសារគោលសំខាន់មួយ គឺសេចក្តីព្រាង នៃគោលនយោបាយជាតិសកម្មភាពមីន (NMAP) ២០២៦-២០៣៥ និងកំពុងប្រមូលធាតុចូលជាបន្ត បន្ទាប់ពីគ្រប់ភាគីពាក់ព័ន្ធ ដោយឈរលើមូលដ្ឋាននៃការវិវត្តសកម្មភាពមីននាពេលបច្ចុប្បន្ន និងរួមបញ្ចូលគ្នាទាំងគោល នយោបាយបាយ និងយុទ្ធសាស្ត្រ ក្នុងឯកសារតែមួយ ។
ជាមួយគ្នានោះ ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណផងដែរ ជូនចំពោះប្រតិបត្តិករបោសសម្អាតមីនទាំងអស់ ដែលបានគាំទ្រដល់ភាពជាប្រធាន និងជាម្ចាស់ផ្ទះរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឬ «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន» ដោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ដោយឃើញពីករណីគ្រោះថ្នាក់អ្នកដោះមីននាដើមឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ បានជំរុញឱ្យអង្គភាពដោះមីនទាំងជាតិ-អន្តរជាតិ ត្រូវពង្រឹងការអនុវត្តវិធានការដែលមានស្រាប់ដល់ប្រតិបត្តិករដោះមីនទាំងអស់ ដើម្បីឱ្យមានការប្រុសប្រយ័ត្នខ្ពស់ និងចៀសវាងកុំឱ្យមានឧបទ្ទេវហេតុការគ្រោះថ្នាក់ណាមួយ ៕
ចែករំលែកព័តមាននេះ