ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីបូជាស.ពឬរំលាយស.ពរួមគ្នាតាមបែបប្រពៃ​ណី​អ្នកស្រុកអង្គរធំ

21 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ពិធីបុណ្យ​បូជាសព ឬ​រំលាយសព​រួម​គ្នា តាម​បែប​ប្រពៃណី​ទំ​នៀម​ទម្លាប់​ពី​បុរាណ បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​អធិកអធម នៅ​ក្នុងភូមិ​តា​ប្រុ​ក ឃុំ​លាងដៃ​ស្រុក​អង្គរធំ ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ ពិធីបុណ្យ​បូជាសព ឬ​រំលាយសព​រួម​គ្នា តាម​បែប​ប្រពៃណី​ទំ​នៀម​ទម្លាប់​ពី​បុរាណ បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​អធិកអធម នៅ​ក្នុងភូមិ​តា​ប្រុ​ក ឃុំ​លាងដៃ​ស្រុក​អង្គរធំ ខេត្តសៀមរាប ដែល​មាន​ចំនួន​អ្នក​ស្លាប់​យក​មក​ធ្វើបុណ្យ​រួម​គ្នា​មាន ២៩សព ក្នុង​នោះ​ប្រុស១៤​សព ចាប់ពី​អាយុ៣៦​ឆ្នាំ​ឡើង​ទៅ​ដល់៩៤​ឆ្នាំ និង​ស្រី១៥​សព ចាប់ពី​អាយុ ៥១​ឆ្នាំ​ឡើង​ទៅ​ដល់ ៨៧​ឆ្នាំ ។

មានការ​កត់​សម្គាល់ថា នៅ​ក្នុងតំបន់អង្គរ​​​​​​​​​ពោ​ពេញ​ទៅ​ដោយ​មរតក​រូបី និងអរូបីជា​​ដើម មាន​ដូច​ជា ប្រាសាទបុរាណ វត្តអារាម​​ធម្មជ​ាតិ​ ប្រជាជន ស្នាដៃ​សិល្បៈ ​និង​​​​ទំ​​​នៀម​​​​​​​ទម្លាប់​ប្រ​ពៃ​ណី​ផ្សេង​ៗ ។
ជាក់ស្តែង​ដូច​ជា ពិធី​បូជាសព ឬ​រំលាយសព​រួម​គ្នា​នេះ បាន​រៀបចំ​ឡើង​ដោយ​ប្រជាជន​រស់​នៅ​ក្នុងភូមិ​តា​ប្រុ​ក ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​​​​សៀមរាប ហើយ​ទំនៀម​បែប​នេះ មាននៅ​តែ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ខេត្តសៀមរាប​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ពិធីបុណ្យ​បូជាសព ឬ​រំលាយសព​រួម​គ្នា​នេះ បាន​ធ្វើ​ឡើង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៦ ថ្ងៃ​៧ និង​ថ្ងៃ​៨ ខែកុម្ភៈ ឆ្នាំ​២០២៥ ក្នុង​បរិវេណ​សាលាឆទាន ស្ថិត​នៅ​ភូមិ​តា​​​​​​ប្រុ​ក ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀម​រាប។

តាម​ការ​បញ្ជាក់​របស់​ព្រឹទ្ធាចារ្យ​លោកតា រ៉េន នៅ​ក្នុងភូមិ​តា​ប្រុ​ក ឃុំ​លាងដៃ ស្រុកអង្គរ​​ធំ ខេត្តសៀមរាប បាន​បញ្ជាក់​ថា ពិធី​បូជា​សព ឬ​រំលាយសព​រួម​គ្នា តាម​បែប​ប្រពៃណី​ទំនៀមទម្លាប់​ពី​បុរាណ​នេះ គឺ​បាន​បន្ត​ធ្វើ​ត​ៗ​មក​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ដែល​មាន​ប្រវត្តិ​នៅ​លើ​ទឹកដី​អង្គរ​ជា​យូរលង់​ណាស់​មក​ហើយ បាន​ក្លាយទៅជា​សរណ​វត្ថុ​ដ៏​សំខាន់​ប្រចាំជីវិត ប្រចាំចិត្ត​នៃ​ពុទ្ធសាសនិក​ខ្មែរ ។ រហូត​បង្កើត​បាន​ប្រពៃណី​ទំនៀមទម្លាប់​បុណ្យ​ទាន​ជា​ច្រើន​ទុកជា​ភស្តុ​តាង តំណាង​ការ​គោរព​ស្រឡាញ់​របស់​ខ្លួន បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ​រៀង​ដរាប​​​​មក​ដល់​បច្ចុប្បន្ន​នេះ ។

ក្នុង​ចំណោម​បុញ្ញកម្ម​ទាំងឡាយ​នោះ «បុណ្យ​​​បូជាសព ឬ​បុណ្យ​រំលាយសព​» ត្រូវ​បាន​ចាត់​ទុក​​​ជា​ពិធី​កម្ម​មួយ​ដ៏​សំខាន់ មាន​អត្ថន័យ​ផ្សារ​ភ្ជាប់​ជាមួយ​ព្រះពុទ្ធ​សាសនា និង​ប្រពៃណី​ ទំនៀម​ទម្លាប់​ខ្មែរ ដែល​កើត​មាន​តាំងពី​យូរលង់​ណាស់​មក​ហើយ ។ លោកតា​ព្រឹទ្ធាចារ្យ​បន្ត​ទៀតថា ក្នុង​សម័យ​ដើម​«​បុណ្យ​បូជាសព ឬ​បុណ្យ​រំលាយ​សព​» ធ្វើ​ឡើង កំណត់​រយៈពេល​៣​យប់​៤​ថ្ងៃ និង​ជួនកាល​មាន​រហូត​ដល់​៧​យប់​៧​ថ្ងៃ​ក៏​មាន ។

តាម​ទំនៀម​គេ​ច្រើន​ធ្វើបុណ្យ​នេះ ភ្ជាប់​ជា​​​មួយនឹង​បុណ្យ​ព្រះ​មេរុ​បូជាព្រះសព​ព្រះ​ចៅ​អធិ​ការ​​​វត្ត ឬ​បុណ្យ​បញ្ចុះ​ខណ្ឌសីមា​ឆ្លង​ព្រះ​វិហារ និង​ឆ្លងកុដិ សាលាឆទាន​ជាដើម ដោយហេតុ​នោះ​ហើយ ទើប​កម្រ​នឹង​ធ្វើ​ណាស់ ។ ​គេ​ច្រើន​ធ្វើបុណ្យ​នេះ​ឡើង​នៅ​ខែ​ផល្គុន ឬ​ខែមាឃ ក្នុង​រដូវប្រាំង គឺ​នៅ​បន្ទាប់​ពី​បងប្អូន​ប្រជា​កសិករ​យើង​ប្រមូល​ភោគផល​ស្រូវ​រួចរាល់ ។

ប្រជាជន​ដែល​រស់នៅ​ក្នុងភូមិ​ផង​របងជា​​​មួយ​គ្នា បាន​ព្រមព្រៀង​គ្នា​ជ្រើសរើស​ពេល​វេលា និង​រៀបចំ​ធ្វើបុណ្យ​នេះ​ឡើង​ទៅ​តាម​ហោរាសាស្ត្រ ឬ​ហៅ​ថា គ្រូ​ទស្សន៍​ទាយ ។ ម្យ៉ាងទៀត​នៅ​ពេល​ថ្ងៃ​រៀបចំ​បុណ្យ​ជិត​ចូល​មក​ដល់ ចាស់ទុំ​ជំនុំ​ស្រុក តែង​ប្រកាស​ហៅ​កូនចៅ​សាច់ ញាតិ​នៅ​ទី​ជិត​ក្តី​ឆ្ងាយ​ក្តី ឱ្យទៅ​ប្រជុំ​គ្នា​ដើម្បី​រៀបចំ​បូជា​ទៅ​តាម​ទំនៀមទម្លាប់ បាន​​រៀបចំ​មាន​រចនា​លម្អ​ដោយ​ផ្កា​ភ្ញី​លតា​វល្លិ​ចម្រុះ​​​​ពណ៌ មាន​តាក់តែង​ជា​រាជ​វ័ត​ព័ន្ធ​ ព័ទ្ធ​ដោយ​ខ្សែ​សីមា និង​រៀបចំ​រាន​ទេវតា​គ្រប់​ទិស​ទាំង​៨ ។ តាម​ទំនៀម​ពិធីបុណ្យ​នេះ ប្រារព្ធ​ធ្វើ​រយៈពេល​៣​យប់​៤​ថ្ងៃ ឬ​ច្រើន​ថ្ងៃ​ជាង​នេះ​ក៏​មាន អាស្រ័យ​តាម​សទ្ធា និង​កម្លាំង​ធនធាន​របស់​អ្នក ស្រុក ឬ​បងប្អូន​សាច់ញាតិ ។

ពិធីបុណ្យ​បូជាសព ឬ​បុណ្យ​រំលាយសពរួម​​​គ្នា​នេះ មាន​ជា​លំដាប់លំដោយ​តាំងពី​ការក្រុង​​​​ពលី សុំ​ទឹកដី​ទីកន្លែង​ធ្វើបុណ្យ កិច្ច​និមន្ត​ព្រះ​សង្ឃ​ចម្រើន​ព្រះ​បរិត្ត សម្តែង​ព្រះធម៌​ទេសនា វេរភត្ត និង​ទេយ្យវត្ថុ​ប្រគេន​ព្រះសង្ឃ និងអភិ​​​សេក​អដ្ឋិធាតុ​បុព្វការី​ជន​ជាដើម​ផង​ដែរ ។ លុះ​ដល់​វេលា​ថ្ងៃត្រង់​ជា​ថ្ងៃ​ឆ្លង​បញ្ចប់​ពិធីបុណ្យ បង​ប្អូន​សាច់ញាតិ ឬ​ឪពុក​ម្ដាយ ពុទ្ធបរិស័ទ តែង​មាន​ទំនៀម​រាប់បាត្រ វេរចង្ហាន់​ដល់​ព្រះសង្ឃ ដែល​ខ្លួន​បាន​រួបរួម​គ្នា​និមន្ត​ធ្វើបុណ្យ ដើម្បី​សុំ​សេចក្តីសុខ ចម្រើន ។
ក្នុង​ពិធី​នោះ​ដែរ បងប្អូន​ដែល​មាន​ជីដូន​ជីតា ញាតិសណ្តាន ដែល​បាន​ចែក​ឋាន​ទៅ បាន​យក​ទៅ​បញ្ចុះ​នៅ​តាម​វត្ត ឬ​ទីទួល​កប់​សព ពេលនេះ​ក៏​​បាន​ធ្វើ​ពិធី​ជីក​គាស់​យក​ឆ្អឹង ។

នៅ​ថ្ងៃ​ផ្តើមបុណ្យ ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ជួបជុំ​គ្នា​តាម​ភូមិលំនៅ​រៀង​ៗ​ខ្លួន រៀបចំ​តាក់តែងគ្រែ​​​ស្នែង ឬ​សង្ឃឹក​លម្អ​ដោយ​ផ្កា​ភ្ញី រួច​សែងដង្ហែ​​​​មាតាបិតា និង​សាច់ញាតិ​ដែល​ចាស់ជរា ព្រម​ទាំង​អដ្ឋិធាតុ​បុព្វការី​ជន​ ឆ្ពោះទៅ​កាន់​សាលា​ឆទ​ាន ដែល​ត្រៀម​រៀបចំ​ធ្វើ​ពិធីបុណ្យ​រួមគ្នានោះ​ឡើង ។ លុះ​ទៅ​ដល់​ហើយ​ដង្ហែ​ប្រទក្សិណ​សាលាឆទាន​៣​ជុំ​ទៀត ទុកជា​ការ​សម្តែង​សេចក្តី​គោរព​ចំពោះ​ព្រះ​រតនត្រ័យ និង​សាលាឆទាន ឬ​វត្ត​អារាម ទើប​​​​​​​អញ្ជើញ​មាតាបិតា សាច់ញាតិ និង​អដ្ឋិធាតុ​ទៅ​តម្កល់​ក្នុង​រោង​បុណ្យ ដែល​គេ​កសាង​ត្រៀម​បម្រុង​រួច​ជា​ស្រេច​នៅ​ជុំវិញ​ឧបដ្ឋាន​សាលាឆទាន ឬ​សាលា​ធម្មសភា សម្រាប់​ធ្វើបុណ្យ​តទៅទៀត។

ក្នុង​នោះ​ក្រុម​គ្រួសារ​ណា​មាន​ធនធាន គេ​រៀបចំ​បូជា​ដោយ​មេរុ អ្នក​ខ្វះខាត​ធនធាន​បូជា​ទៅ​ធម្មតា ។ លុះ​ថ្ងៃ​ឆ្លងបុណ្យ​ក្នុង​វេលា​ម៉ោង​៤​ទៀប​ភ្លឺ រៀបចំ​ធ្វើ​ពិធី​ពុទ្ធា​ភិ​សេក និង​អភិសេក​អដ្ឋិធាតុ​បុព្វការី​ជន​យ៉ាង​មហោឡារិក រហូតដល់​ចប់​កិច្ច​ពិធីបុណ្យ ។

លោកតា​ព្រឹទ្ធាចារ្យ​បាន​បញ្ជាក់​ទៀត​ថា ពេល​​​បច្ចុប្បន្ន​នេះ នៅ​តាម​បណ្តា​ភូមិ ស្រុកក្នុង​​​ខេត្តសៀមរាប ពុំ​សូវ​ដែល​មាន​ធ្វើ​ពិធីបុណ្យ​បូជា​សព ឬ​បុណ្យ​រំលាយសព​រួម​គ្នា​នេះ​ឡើយ តែ​ចំពោះ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​អង្គរ ស្រុក​អង្គរធំ នៅ​តែ​បន្ត​អភិរក្ស ថែរក្សា​នូវ​ប្រពៃណី ទំនៀមទម្លាប់​ដូនតា ក្នុង​ការ​បណ្តុះបណ្តាល​ក្មេង​ៗ​ជំនាន់​ក្រោយ បន្ត​ថែរក្សា​មរតក​ដូនតា​ខ្មែរ​យើង​​​​ឲ្យ​បាន​គង់វង្សរៀងរហូតទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ