ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុកប្រាសាទបាគងធ្វើពិធីចាប់ត្រីថ្ងៃឡើង​មាឃ

22 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ពិធី​ចាប់​ត្រី​រួម​គ្នា​សម្រាប់​ធ្វើ​ពិធីបុណ្យ​ឡើង​មាឃ​របស់​អ្នកស្រុក​ប្រាសាទបាគង ដែល​ជា​ទំនៀមទម្លាប់​មួយ​តាំងពី​បុរាណ​មក បាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៥ ចាប់ពី​ម៉ោង​៦​កន្លះ​ព្រឹក នៅ​ក្នុង​បឹង​បង្កោង ភូមិ​បង្កោង…

ខេត្តសៀមរាប ៖ ពិធី​ចាប់​ត្រី​រួម​គ្នា​សម្រាប់​ធ្វើ​ពិធីបុណ្យ​ឡើង​មាឃ​របស់​អ្នកស្រុក​ប្រាសាទបាគង ដែល​ជា​ទំនៀមទម្លាប់​មួយ​តាំងពី​បុរាណ​មក បាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៥ ចាប់ពី​ម៉ោង​៦​កន្លះ​ព្រឹក នៅ​ក្នុង​បឹង​បង្កោង ភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​អភិបាលស្រុក​ប្រាសាទបាគង ។ ទោះបីជា​បែប​ណា ការ​ចាប់​ត្រី​នេះ មាន​ទ្រង់ទ្រាយ​មិនធំ​ដូច​ការ​ចាប់​ត្រី​ប៉ុន្មាន​ថ្ងៃមុន នៅ​បឹង​ក្រម​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ប៉ុន្មាន​ថ្ងៃមុន​នោះ​ទេ តែ​ជា​ទំនៀមទម្លាប់​ដ៏​ល្អ​មួយ​សម្រាប់​អ្នកស្រុកត្រូវតែប្រារព្វឡើង ។

លោក សូរ ប្លា​តុង អភិបាលស្រុក​ប្រាសាទ​បាគង ខេត្តសៀមរាប បានឱ្យ​ដឹង​ថា ដូច​សព្វ​រាល់ដង​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​ប្រុស​-​ស្រី ចាស់​-​ក្មេង និង​ភ្ញៀវ​​​​​​ទេសចរ​បរទេស​យ៉ាងច្រើន​កុះករ បានមក​​ប្រ​មូលផ្តុំ​គ្នា​នៅ​បឹង​អភិរក្ស​មួយ ស្ថិត​នៅ​ក្នុងភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប ចាប់​ត្រី​រួម​គ្នា ដើម្បី​យក​មក​ធ្វើ​ជា​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ក្នុង​ថ្ងៃ​ឡើង​មាឃ ឬ​ឡើង​​អ្នកតា និង​ធ្វើ​ម្ហូប​សម្រាប់​គ្រួសារ ព្រមទាំង​ទទួលភ្ញៀវ ដែល​ជា​ទំនៀមទម្លាប់​របស់​ប្រជា​ពល​​រដ្ឋ​រស់នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ។

លោក​អភិបាលស្រុក​បាន​បន្ត​ថា ពិធី​នេះ​មាន​សារៈសំខាន់​ណាស់ ទី​១ រក្សា​បាន​វប្បធម៌ ប្រពៃណី ទំនៀម​ទម្លាប់ របស់​ដូនតា​យើង ។ ទី​២ ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ ឱ្យ​ពួក​គាត់​មក​ឃើញ​អំពី​ទំនៀមទម្លាប់ និង​​អ្វី​ដែល​យើង​បាន​អភិរក្ស​នេះ ព្រោះ​ស្រុក​ប្រា​សាទបាគង ជា​ស្រុក​មរតក​វប្បធម៌ ។ និង​ទី​៣ នៅ​ពេល​គេ​ស្គាល់​កន្លែង​យើង​ច្រើន ប្រជា​សហគមន៍​នឹង​ទទួល​បាន​ចំណូល ហើយ​ក៏​មានការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​យើង​ជា​បន្តបន្ទាប់​ផង​ដែរ ។

លោក​បាន​បន្ថែម​ទៀត​ថា កាលពីមុន​ពិធី​ចាប់​ត្រី​នេះ អ្នក​មក​ចូលរួម គឺ​មាន​អ្នក​ភូមិ​បង្កោង​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​ដោយ​មានការ​ផ្សព្វ​ផ្សាយ​បាន​ទូលំទូលាយ ធ្វើ​ឱ្យ​មានការ​ចូលរួម​ច្រើន​មក​ពី​គ្រប់​ទិស​ទី មាន​ទាំង​ភ្ញៀវ​ទេសចរ​បរទេស​ផង​ដែរ ។ ដូចនេះ អាជ្ញា​ធរមាន​គម្រោង​​​​បន្ត​លែង​កូន​ត្រី​ចូល​នៅ​ក្នុង​បឹង​នេះ​បន្ថែម ហើយ​ដល់​ខែ​ទឹក​ឡើង​ដាក់​ព្រួល​ការពារ​កុំឱ្យ​ត្រី​នៅក្នុង​បឹង​នេះ​ ចេញ​ទៅ​ខាងក្រៅ ។ ជា​ពិសេស​នោះ គឺ​អាជ្ញា​ធរមាន​គម្រោង​រៀបចំ​ធ្វើ​យ៉ាងម៉េច​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ទទួល​បាន​ចំណូល​ដោយ​ផ្ទាល់ ។

ក្នុង​ឱកាស​នោះ​ដែរ លោក ពេជ្រ ឃិន មេ​ភូមិ​បង្កោង​បានឱ្យ​ដឹង​ថា ពិធី​ចាប់​ត្រី​រួម​គ្នា​នេះ បាន​ធ្វើ​ឡើង​នៅ​ម៉ោង​៧​ព្រឹក ដោយ​គណៈ​​កម្មការ​ភូមិ​បាញ់​កាំជ្រួច បន្លឺ​ស្នូរ​ជា​សញ្ញា អនុញ្ញាត​ឱ្យ​ចុះ​ចាប់​ត្រី​បាន ។ ហើយ​អ្នក​ចាប់​ត្រី​ត្រូវ​ប្រើប្រាស់​តែ​ឧបករណ៍​បុរាណ​ទាំង អស់ រួម​មាន​ដូច​ជា ឈ្នាង អង្រុត និង​សំណាញ់​ជាដើម ។ ចំពោះ​ការ​ចាប់​ត្រី​នេះ​ដែរ គណៈកម្មការ​បាន​កំណត់​ជា​ពីរ​ផ្នែក ។

ជាដំបូង​ប្រជាជន​ទាំងអស់​អាច​រក​ត្រី​ទុក​សម្រាប់​ខ្លួនឯង​ផ្ទាល់ រីឯ​មួយ​ផ្នែក​នៃ​បឹង​ដែល​ដាក់​សម្រាស់​ការពារ​មិន​ឱ្យ​ចាប់ពី​ដំបូង​នោះ ត្រូវ​ទុក​ចាប់​រួម​គ្នា សម្រាប់​ធ្វើ​ទឹក​នំ​បញ្ចុក​ប្រគេន​ព្រះសង្ឃ ។ លោក​ថា សម្រាប់​ទិន្នផល​ត្រី​ឆ្នាំ​នេះ មាន​ប្រហាក់ប្រហែល​ឆ្នាំ​មុន ប៉ុន្តែ​ដោយសារ​ឆ្នាំ​នេះ អ្នក​ចុះ​ចាប់​មាន​ចំនួន​ច្រើន ចឹ​ង​ហើយ​អ្នក​ចាប់​បាន​ម្នាក់​បន្តិច​ៗ ប៉ុណ្ណោះ ។

សូម​ជម្រាប​ថា រមណីយដ្ឋាន​អង្គរ ប្រមូលផ្តុំ​ទៅ​ដោយ​បេតិកភណ្ឌ​រស់ ដែល​សម្បូរ​ទាំង​មរ​​​តក​​​អរូបី និង​រូបី​ជា​ច្រើន ហើយ​ត្រូវ​បាន​អ្នក​ស្រុក​​​​​​អង្គរ​បន្ត​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​រហូត​មក​ដល់​​​​បច្ចុប្បន្ន ។

ជាក់ស្តែង​ជា​រៀង​រាល់​ឆ្នាំ ក្រោយ​ពេល​ប្រ​មូល​​ផល​ស្រូវ​រួចរាល់ ឱ្យ​តែ​មក​ដល់​ខែមាឃ ប្រ​​​ជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​បង្កោង ឃុំ​អំពិល ស្រុក​​ប្រាសាទបាគង ខេត្តសៀមរាប តែងតែ​នាំ​គ្នា​ប្រារព្ធ​ពិធី​ចាប់​ត្រី​រួម​មិន​ដែល​ខកខាន ជា​លក្ខណៈ​សហគមន៍ គឺ​សម្រាប់​តែ​សមាជិក​ក្នុង​ភូមិ​បង្កោង​តែ​ប៉ុណ្ណោះ ដើម្បី​ត្រៀម​រៀបចំ​ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា​នៅ​ថ្ងៃ​បន្ទាប់ តាម​ទំ​នៀម​​ទម្លាប់​ពី​បុរាណ​មក ។

ការ​ចាប់​ត្រី​រួម​គ្នា​ធ្វើ​ឡើង​នៅ​ត្រពាំង​ធំ​មួយ ដែល​ជា​ត្រពាំង​បុរាណ​មានទឹក​ខួបប្រាំងខួបវស្សា អ្នក​ភូមិ​បាន​អភិរក្ស​ទុក ការពារ​មិន​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​ចូល​មក​នេសាទ​ផ្តេសផ្តាស់​ខុស​ពី​ខែមាឃ​នេះ​ឡើយ លុះត្រាតែ​មានការ​សម្រេច​គ្នា​ពី​គណៈកម្មការ​រៀបចំ​បុណ្យ​ជា​មុន ហើយ​កំណត់​ថ្ងៃ​នេសាទ​រួម ទើប​អ្នក​ភូមិ​អាច​ទៅ​រក​ចាប់​ត្រី​បាន ។ ប៉ុន្តែ​ត្រូវ​តែ​ប្រើ​ឧបករណ៍​នេសាទ​បុរាណ រួម​មាន​សំណាញ់ អង្រុត ឈ្នាង តែប៉ុណ្ណោះ ។

ត្រី​ដែល​ចាប់​បាន​នោះ មួយ​ផ្នែក​ទុក​សម្រាប់​ធ្វើ​ម្ហូប​ជា​លក្ខណៈ​គ្រួសារ​រៀង​ៗ​ខ្លួន មួយ​​​​​​​​​​​ផ្នែក​ទៀត ទុក​សម្រាប់​ធ្វើ​ទឹក​នំ​បញ្ចុក ម្ហូប​អាហារ និង​ចង្ហាន់​ជាដើម សម្រាប់​ប្រគេន​ព្រះ​សង្ឃនៅ​ថ្ងៃ​ធ្វើ​កិច្ច​ពិធី​ឡើង​មាឃ ឬ​បុណ្យ​ឡើងអ្នកតា​ នៅ​​​សាលាឆាន់ ក្នុងភូមិ​តាម​ទំនៀម​បុរាណ​មិន​ដែល​ខកខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ