ប្រទេសរុស្ស៊ី ៖ អតិផរណាខ្ពស់ គឺជាបញ្ហាប្រឈមដ៏ធំសម្រាប់សេដ្ឋកិច្ចប្រទេសរុស្ស៊ី នៅក្នុងឆ្នាំ ២០២៥ ខណៈអត្រាកំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងធ្លាក់ចុះពីអត្រា ៤.១% ដែលត្រូវបានកត់ត្រា កាលពីឆ្នាំមុន។
ប្រភពពីសារព័ត៌មាន Reuters បានរាយការណ៍ថា នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានប្រាប់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃសុក្រថា តម្លៃទំនិញប្រើប្រាស់បានកើនឡើង ៩.៥% កាលពីឆ្នាំមុន ហើយបានបន្តកើនឡើងបន្ថែមទៀត នៅឆ្នាំនេះ ដោយឈានដល់ ៩.៩%។
អតិផរណាត្រូវបានជំរុញចម្បងដោយការចំណាយរបស់រដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ដើម្បីផ្តល់ហិរញ្ញប្បទានដល់សង្រ្គាមជាមួយអ៊ុយក្រែន និងតំបន់ឧស្សាហកម្មយោធា។ នាយករដ្ឋមន្ត្រីរុស្ស៊ីបានប្រាប់លោក ពូទីន ក្នុងកិច្ចប្រជុំមួយនៅវិមានក្រឹមឡាំង ដោយរាយការណ៍អំពីស្ថិតិពេញមួយឆ្នាំ កាលពីឆ្នាំ ២០២៤ ថា បញ្ហាប្រឈមចម្បងគឺអតិផរណា។
អតិផរណាបានក្លាយជាការឈឺក្បាលដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរុស្ស៊ី និងសម្រាប់អ្នកប្រើប្រាស់ ដែលបានឃើញតម្លៃអាហារសំខាន់ៗដូចជា បឺរ ស៊ុត និងដំឡូងនៅក្នុងផ្សារទំនើប កើនឡើង២ខ្ទង់គិតជាភាគរយ។ ងាកទៅធនាគារកណ្តាលរុស្ស៊ីឯណោះវិញ បានដំឡើងអត្រាការប្រាក់គោលរហូតដល់ ២១% កាលពីខែតុលា ឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុត ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ ដើម្បីធ្វើឱ្យអត្រាអតិផរណាធ្លាក់ចុះ ប៉ុន្តែបានផ្អាកទៅវិញក្នុងខែធ្នូ បន្ទាប់ពីមានការត្អូញត្អែរពីអាជីវកម្មអំពីការចំណាយសម្រាប់ប្រាក់កម្ចីខ្ពស់ពេក។
នាយករដ្ឋមន្ត្រីរុស្ស៊ីបានគូសបញ្ជាក់ថា ភារកិច្ចរបស់រដ្ឋាភិបាលជាដំបូង និងសំខាន់បំផុតគឺការផ្លាស់ប្តូរទៅរកគោលនយោបាយសារពើពន្ធ និងម៉ាក្រូសេដ្ឋកិច្ចមានការទទួលខុសត្រូវខ្ពស់ ដោយសហការជាមួយធនាគាររុស្ស៊ី ដើម្បីបញ្ឈប់អតិផរណា និងធ្វើអ្វីៗគ្រប់យ៉ាងចាំបាច់ ដើម្បីធានាបាននូវកំណើនសេដ្ឋកិច្ចរយៈពេលវែងដោយផ្អែកលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព។ លោកបន្ដែមថា សេដ្ឋកិច្ចរុស្ស៊ីសម្រេចបានអត្រា ៤.១% កាលពីឆ្នាំ ២០២៤ ដែលប្រសើរជាងការព្យាករណ៍ផ្លូវការត្រឹម ៣.៩% ជាមួយកំណើនទិន្នផលឧស្សាហកម្មនៅ ៤.៦% ដែលជំរុញដោយវិស័យផលិតកម្ម ដែលកំណើនឈានដល់ ៨.៥%។
អ្នកសេដ្ឋកិច្ចជាច្រើន រួមទាំងអ្នកធ្វើការមួយចំនួនក្នុងជួររដ្ឋាភិបាល បានលើកឡើងថា កំណើនឧស្សាហកម្មត្រូវបានប្រមូលផ្តុំជាចម្បងនៅក្នុងវិស័យទាក់ទងនឹងយោធា ខណៈឧស្សាហកម្មស៊ីវិលជាច្រើនកំពុងតែនៅទ្រឹង។ ធនាគារកណ្តាលរុស្ស៊ីកំពុងព្យាករណ៍ថា អត្រាកំណើននឹងធ្លាក់ចុះ ០.៥% ទៅ ១.៥% នៅឆ្នាំនេះ។ អត្រាការប្រាក់ខ្ពស់ រួមជាមួយកង្វះកម្លាំងពលកម្ម បានធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ីកាន់តែតានតឹងខ្លាំងឡើងៗ នៅក្នុងប៉ុន្មានខែថ្មីៗនេះ។ លោកពូទីនបានអំពាវនាវឱ្យរដ្ឋាភិបាលធានាឱ្យបាននូវកំណើនប្រកបដោយតុល្យភាព និងធ្វើឱ្យអត្រាអតិផរណាធ្លាក់ចុះ។
យ៉ាងនេះក្តី លោកពូទីនបានកត់សម្គាល់ថា កំណើនសេដ្ឋកិច្ចរុស្ស៊ី គឺល្អប្រសើរជាងអ្វីដែលលោកហៅថាជាកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសអភិវឌ្ឍន៍ ដោយលើកឡើងពីតួលេខកំណើនទាបនៃឆ្នាំ ២០២៤ របស់សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងបារាំង។ លោក Mishustin ក៏បានកត់សម្គាល់ដែរថា «សេដ្ឋកិច្ចប្រទេសទាំងនេះ ដោះស្រាយជោគជ័យដោយគ្មានសម្ពាធទណ្ឌកម្ម មិនដូចប្រទេសជាច្រើនដែលបានដាក់ទណ្ឌកម្មប្រឆាំងនឹងយើងនោះទេ»៕
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/7c339fa7dadac6288e7e13806245b0b0-scaled.jpg)
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/7c347a19700019a6b703d14a2306eff8-scaled.jpg)
ចែករំលែកព័តមាននេះ