ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមពាណិជ្ជកម្មថ្មីចាប់ផ្តើម! ក្រោយពន្ធសង​សឹក​របស់ចិនលើអាមេរិកចូលជាធរមាន

23 ម៉ោង មុន

ប្រទេសចិន ៖ ពន្ធសងសឹករបស់ប្រទេសចិនលើការនាំចូលទំនិញសហរដ្ឋអាមេរិកមួយចំនួន ចូលជាធរមាននៅថ្ងៃចន្ទនេះ ខណៈសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសសេដ្ឋកិច្ចធំបំផុតលើពិភពលោកទាំងពីរឡើងកម្តៅកាន់តែខ្លាំង ហើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald…

ប្រទេសចិន ៖ ពន្ធសងសឹករបស់ប្រទេសចិនលើការនាំចូលទំនិញសហរដ្ឋអាមេរិកមួយចំនួន ចូលជាធរមាននៅថ្ងៃចន្ទនេះ ខណៈសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសសេដ្ឋកិច្ចធំបំផុតលើពិភពលោកទាំងពីរឡើងកម្តៅកាន់តែខ្លាំង ហើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានគំរាមចិនជាមួយការដំឡើងពន្ធបន្ថែមទៀត។ នេះបើយោងតាមប្រភពពី BBC ចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។

ទីក្រុងប៉េកាំងបានប្រកាសអពីផែនការពន្ធសងសឹកលើអាមេរិក កាលពីថ្ងៃទី៤ ខែកុម្ភៈ ប៉ុន្មាននាទីបន្ទាប់ពីការយកពន្ធថ្មីរបស់អាមេរិកចំនួន ១០% លើទំនិញនាំចូលពីចិនទាំងអស់ចូលជាធរមាន។

កាលពីថ្ងៃអាទិត្យសប្តាហ៍មុន លោក ត្រាំ បានថ្លែងថា លោកនឹងដំឡើងពន្ធ ២៥% លើការនាំចូលដែក និងអាលុយមីញ៉ូមគ្រប់ប្រទេសចូលមកទឹកដីអាមេរិក ជាមួយការប្រកាសលម្អិតពេញលេញនៅថ្ងៃចន្ទនេះ។ ថ្លែងទៅអ្នកសារព័ត៌មានលើយន្តហោះ Air Force One ដែលកំពុងធ្វើដំណើរទៅកាន់ការប្រកួត Super Bowl កីឡាបាល់ទាត់ជាតិអាមេរិក លោក ត្រាំ បានឱ្យដឹងថា លោកកំពុងរៀបចំផែនការយកពន្ធទៅវិញទៅមកលើប្រទេសផ្សេងទៀត ប៉ុន្តែមិនបានបញ្ជាក់ពីគោលដៅណាមួយឡើយ។

ការដំឡើងពន្ធចុងក្រោយរបស់ប្រទេសចិនលើទំនិញអាមេរិក រួមមាន ពន្ធតាមព្រំដែន ១៥% លើការនាំចូលធ្យូងថ្មអាមេរិក និងផលិតផលឧស្ម័នធម្មជាតិរាវ (LNG) ហើយក៏មានពន្ធ ១០% លើប្រេងឆៅអាមេរិក គ្រឿងចក្រកសិកម្ម និងរថយន្តម៉ាស៊ីនធំផងដែរ។ កាលពីសប្តាហ៍មុន អាជ្ញាធរចិនបានចាប់ផ្តើមការស៊ើបអង្កេតប្រឆាំងការផ្តាច់មុខទៅលើក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google ស្របពេលក្រុមហ៊ុន PVH ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនសំលៀកបំពាក់អាមេរិក Calvin Klein និង Tommy Hilfiger ត្រូវបានបញ្ចូលទៅក្នុងបញ្ជី អង្គភាពមិនគួរឱ្យទុកចិត្តរបស់ទីក្រុងប៉េកាំង។ ចិនក៏បានដាក់ការត្រួតពិនិត្យការនាំចេញលើលោហៈដ៏កម្រចំនួន២៥ប្រភេទ ដែលមួយចំនួនជាសមាសធាតុសំខាន់សម្រាប់ផលិតផលអគ្គិសនី និងឧបករណ៍យោធាជាច្រើនផ្សេងទៀត។

ការប្រកាសរបស់លោក ត្រាំ ជុំវិញផែនការដាក់ពន្ធ ២៥% លើការនាំចូលដែកថែប និងអាលុយមីញ៉ូមកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីលោកបានឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសកាណាដា និងម៉ិកស៊ិក ដើម្បីផ្អាកការដំឡើងពន្ធនាំចូល ២៥% របស់ប្រទេសទាំងពីររយៈពេលមួយខែ។

សូមជម្រាបថា មួយថ្ងៃបន្ទាប់ពីពន្ធចុងក្រោយរបស់អាមេរិកចូលជាធរមាន ទីក្រុងប៉េកាំងបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថាបានធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងមិនពិតពីតួនាទីរបស់ចិនក្នុងពាណិជ្ជកម្មសារធាតុ Fentanyl ប្រើសម្រាប់ផលិតគ្រឿងញៀនចូលទឹកដីអាមេរិក។ នៅក្នុងពាក្យបណ្តឹងដែលដាក់ជូនអង្គការពាណិជ្ជកម្មពិភពលោក (WTO) ប្រទេសចិនបានបញ្ជាក់ថា ពន្ធនាំចូលដាក់ចេញដោយអាមេរិកគឺការរើសអើង និងគាំពារនិយមហួសហេតុបំពានច្បាប់ពាណិជ្ជកម្ម។ ប៉ុន្តែអ្នកជំនាញបានព្រមានថា ប្រទេសចិនទំនងជាមិនទទួលបានសេចក្តីសម្រេចវិជ្ជមានណាមួយក្នុងការប្តឹងផ្តល់របស់ខ្លួននោះ។

លោក ត្រាំ ត្រូវបានរំពឹងថានឹងមានកិច្ចពិភាក្សាជាមួយនឹងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅក្នុងរយៈពេលដ៏ខ្លីខាងមុខ ប៉ុន្តែជាមួយការរំពឹងនេះប្រធានាធិបតីអាមេរិកបានអះអាងថា លោកមិនទាន់ប្រញាប់ប្រញាល់ក្នុងកិច្ចពិភាក្សាជាមួយសមភាគីចិននោះទេ៕ ប្រភព ៖ BBC

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ