ខេត្តត្បូងឃ្មុំ ៖ គ្រាប់មិនទាន់ផ្ទុះពីសម័យសង្គ្រាមនៅតែបន្តក្លាយជាគ្រោះថ្នាក់សម្រាប់ប្រជាពលរដ្ឋ ជាពិសេស ទៅលើកុមារ ។ ជាក់ស្តែង ករណីថ្មីមួយនេះ បានកើតឡើងនៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលក្មេងប្រុសវ័យ១១ឆ្នាំរូបមួយ បានរងរបួសយ៉ាងធ្ងន់ក្រោយពីរើសគ្រាប់មិនទាន់ផ្ទុះមកគប់លេង ។
បើយោងតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យាត សាលី អាយុ១១ឆ្នាំ រស់នៅក្នុងភូមិ១០.៨ ឃុំវាលម្លូរ ស្រុកពញាក្រែក ។ មុនពេលកើតហេតុ នៅវេលាម៉ោង១៤:៤០នាទី ឪពុករបស់គេបានឲ្យទៅផ្លាស់គោនៅជិតចម្ការកៅស៊ូក្រុមហ៊ុនក្រែក ។ នៅទីនោះ គេបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះប្រភេទ៦០មីលីម៉ែត្រ ដែលប្រជាពលរដ្ឋមួយចំនួនបានរើសទុកនូវកន្លែងនោះ ។
ក្រោយពីផ្លាស់គោរួច យាត សាលី បានជិះម៉ូតូមកកន្លែងគ្រាប់មិនទាន់ផ្ទុះ ហើយបានរើសមួយគ្រាប់មកគប់លេង ។ ទន្ទឹមនឹងនោះ គ្រាប់បានផ្ទុះភ្លាមៗ បណ្ដាលឲ្យជនរងគ្រោះរងរបួសយ៉ាងធ្ងន់ដោយសារអំបែងគ្រាប់បែកចំលើខ្លួនចំនួន១០កន្លែង រួមមាន ដងកាំបិតខាងស្ដាំ ចិញ្ចើម ថ្ពាល់ និងជើងទាំងសងខាង។
បន្ទាប់ពីហេតុការណ៍នេះកើតឡើង ក្រុមគ្រួសារបាននាំជនរងគ្រោះទៅសង្គ្រោះបឋម និងបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក ដើម្បីព្យាបាលបន្ថែម ។ សមត្ថកិច្ចក្រោយពីការពិនិត្យកន្លែងកើតហេតុ សមត្ថកិច្ចបានបញ្ជាក់ថា គ្រាប់មិនទាន់ផ្ទុះនេះជាសំណល់ពីសម័យសង្គ្រាម ។ សមត្ថកិច្ចសុំអំពាវនាវឲ្យប្រជាពលរដ្ឋកុំរើស ឬលេងជាមួយគ្រាប់មិនទាន់ផ្ទុះឡើយ។ ក្នុងករណីប្រទះឃើញ គួររាយការណ៍ជូនអាជ្ញាធរមូលដ្ឋានឲ្យដោះស្រាយឲ្យបានសុវត្ថិភាព។
សមត្ថកិច្ចបានស្នើឲ្យប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ និងតំបន់ជុំវិញមានការប្រុងប្រយ័ត្នជាងមុន ដើម្បីចៀសវាងហេតុការណ៍អាក្រក់កើតឡើងបន្ថែម។ ប្រសិនបើប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ សូមរាយការណ៍ទៅអាជ្ញាធរ ដើម្បីបំបាំងគ្រោះថ្នាក់នាពេលអនាគត ។
ចែករំលែកព័តមាននេះ