អំណោយជូនជនរងគ្រោះ៥នាក់ដោយសារឆេះក្លិបកម្សាន្តពេលរាត្រី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនរងគ្រោះចំនួន៥នាក់ដែលរងរបួសឆេះខ្លួននៅក្នុងហេតុការណ៍ឆេះក្លិបកម្សាន្តមួយឈ្មោះមីតណាយព្រីមៀរក្នុងខណ្ឌដង្កោ បច្ចុប្បន្ន កំពុងត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ។ ដើម្បីជួយដោះស្រាយការលំបាកខ្វះខាត និងជាការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានឧបត្ថម្ភថវិកាដល់អ្នករងរបួសទាំង៥នាក់ស្មើៗគ្នា ។

ថវិកាដែលជាអំណោយរបស់ឯកឧត្តមអភិបាលរាជធានី ត្រូវបានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងអមដំណើរដោយលោក ប៉ិច សុខឃឿន ចៅសង្កាត់ទឹកល្អក់ទី១ នាំយកទៅប្រគល់ជូនដល់ដៃក្រុមគ្រួសាររបស់ជនរងគ្រោះ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ កាលពីល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ។

លោក សុខ ពេញវុធ បានឲ្យដឹងថា ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ជាភរិយា បានចាត់ឱ្យរូបលោកនាំយកអំណោយជាថវិកាមកប្រគល់ជូនជនរងគ្រោះទាំង៥នាក់ ដែលរងរបួសដោយភ្លើងឆេះរាងកាយ ក្នុងហេតុការណ៍ឆេះក្លិបកម្សាន្ដមីតណាយ ព្រីមៀរ ក្នុងខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយម្នាក់ៗទទួលបានចំនួន២លានរៀល ។

ជាមួយនឹងការយកចិត្តទុកដាក់នេះដែរ ឯកឧត្តម ឃួង ស្រេង នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ គឺ
ខណៈភ្លើងកំពុងឆាបឆេះក្លិបយ៉ាងសន្ធោសន្ធៅនោះ ក៏បានចុះដឹកនាំបញ្ជាផ្ទាល់ដល់កន្លែងកើតហេតុផងដែរ ដើម្បីធ្វើយ៉ាងណាសង្គ្រោះជនរងគ្រោះចេញពីភ្លើងឱ្យបានទាន់ពេល និងពន្លត់ភ្លើងឱ្យបានលឿន ។

សូមបញ្ជាក់ថា ករណីភ្លើងឆេះក្លិបកម្សាន្ដ មីតណាយ ព្រីមៀរ នៅខណ្ឌដង្កោ បានបណ្ដាលឱ្យជនរងគ្រោះ២នាក់ស្លាប់ និងរបួសធ្ងន់៥នាក់ដែលកំពុងត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ។ អ្នករងរបួសធ្ងន់ទាំង៥នាក់នេះ មាន ៖១-ឈ្មោះ រី ប៊ុនធីម ភេទប្រុស អាយុ៣០ឆ្នាំ រលាក១០០% ។ ២-ឈ្មោះ សាយ ភារា ភេទប្រុស អាយុ២៦ឆ្នាំ រលាក៦៥% ។ ៣-ឈ្មោះ មួន មករា ភេទប្រុស អាយុ២១ឆ្នាំ រលាក១០០% ។ ៤-ឈ្មោះ មិន រតនៈ ភេទប្រុស អាយុ៣៥ឆ្នាំ រលាក១០០% ។ ៥-ឈ្មោះ ថេង ថៃ ភេទប្រុស អាយុ២០ឆ្នាំ រលាក៣០% ។

សូមរំលឹកថា ករណីភ្លើងឆេះនេះ បានកើតឡើងនាវេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតាមផ្លូវ៥០ម៉ែត្រ ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។ ក្លិបកម្សាន្តនេះ បើកសប្បាយៗតែពេលរាត្រី…ពេលថ្ងៃសម្រាកយ៉ាងត្រជាក់យូរឆ្នាំហើយ… ជារបស់មន្ត្រីធំម្នាក់ខាងកម្ចាត់គ្រឿងញៀន ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ មានជាងផ្សារដែកចូលទៅផ្សារជួសជុលនៅខាងក្នុង លុះមកដល់វេលាម៉ោងជាង១០ព្រឹក ស្រាប់តែមានការឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់អ្នករស់នៅម្ដុំនោះរាយការណ៍ទៅសមត្ថកិច្ចទៅអន្តរាគមន៍ភ្លាមៗ ។ ក្លិបមីតណាយ ព្រីមៀរ មានទំហំ៣៥ម៉ែត្រគុណ៤០ម៉ែត្រ បានឆេះខូចខាតសម្ភារៈក្នុងក្លិបអស់ទាំងស្រុង និងម៉ូតូ៥គ្រឿង ព្រមទាំងឆេះរាលដល់បន្ទប់ផ្ទះសំណាក់ទំហំ៣,៥ម៉ែត្រ គុណ៥ម៉ែត្រចំនួន១បន្ទប់ ។

ក្នុងប្រតិបត្តិការអន្តរាគមន៍សង្គ្រោះ កម្លាំងសមត្ថកិច្ចបានប្រើពេលប្រមាណ៣ម៉ោង និងបានប្រើប្រាស់ទឹកអស់ចំនួន៥០រថយន្ត ស្មើនឹង១៦០ម៉ែត្រគូប ៕










ចែករំលែកព័តមាននេះ