ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយជូនជនរងគ្រោះ៥នាក់ដោយសារឆេះក្លិបកម្សាន្តពេលរាត្រី

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជន​រង​គ្រោះ​ចំនួន​៥​នាក់ដែល​រង​របួស​ឆេះ​ខ្លួន​នៅ​ក្នុង​ហេតុការណ៍​ឆេះក្លិប​កម្សាន្ត​មួយ​ឈ្មោះ​មី​ត​ណាយ​ព្រី​មៀរ​ក្នុង​ខណ្ឌដង្កោ បច្ចុប្បន្ន​ កំពុង​ត្រូវ​បាន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុសុមៈ ។ ដើម្បី​ជួយ​ដោះស្រាយ​ការ​លំបាក​ខ្វះខាត និង​ជា​ការ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ ជន​រង​គ្រោះ​ចំនួន​៥​នាក់ដែល​រង​របួស​ឆេះ​ខ្លួន​នៅ​ក្នុង​ហេតុការណ៍​ឆេះក្លិប​កម្សាន្ត​មួយ​ឈ្មោះ​មី​ត​ណាយ​ព្រី​មៀរ​ក្នុង​ខណ្ឌដង្កោ បច្ចុប្បន្ន​ កំពុង​ត្រូវ​បាន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុសុមៈ ។ ដើម្បី​ជួយ​ដោះស្រាយ​ការ​លំបាក​ខ្វះខាត និង​ជា​ការ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ បាន​ឧបត្ថម្ភ​ថវិកា​ដល់​អ្នក​រង​របួស​ទាំង​៥​នាក់​ស្មើ​ៗ​គ្នា ។

ថវិកា​ដែល​ជា​អំណោយ​របស់​ឯកឧត្តម​អភិបាល​រាជធានី ត្រូវ​បាន​លោក សុខ ពេញ​វុ​ធ អភិបាលរង​រាជធានី​ភ្នំពេញ និង​អមដំណើរ​ដោយលោក ប៉ិច សុខ​ឃឿ​ន ចៅសង្កាត់​ទឹកល្អក់​ទី​១ នាំ​យក​ទៅ​ប្រគល់​ជូន​ដល់​ដៃ​ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិនព្រះ​កុសុមៈ កាលពី​ល្ងាច​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ២០២៥​កន្លង​ទៅ ។

លោក សុខ ពេញ​វុ​ធ បាន​ឲ្យ​ដឹង​ថា ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ជំទាវ ជា ស៊ី​ណា ឃួ​ង ស្រេង ជា​ភរិយា បាន​ចាត់​ឱ្យ​រូប​លោក​នាំ​យក​អំណោយ​ជា​ថវិកា​មក​ប្រគល់​ជូន​ជន​រង​គ្រោះ​ទាំង​៥​នាក់ ដែល​​រង​របួស​ដោយ​ភ្លើង​ឆេះ​រាង​កាយ ក្នុង​ហេតុការណ៍​ឆេះ​ក្លិប​កម្សាន្ដមី​ត​ណាយ ព្រី​មៀរ ក្នុង​ខណ្ឌដង្កោ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៥ ដោយ​ម្នាក់​ៗ​ទទួល​បាន​ចំនួន​២​លាន​រៀល ។

ជាមួយនឹង​ការ​យកចិត្តទុកដាក់​នេះ​ដែរ ឯកឧត្តម ឃួ​ង ស្រេង នា​ព្រឹក​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៥ គឺ​
ខណៈ​ភ្លើង​កំពុង​ឆាបឆេះ​ក្លិប​យ៉ាង​សន្ធោសន្ធៅ​នោះ ក៏​បាន​ចុះ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដល់​កន្លែង​កើតហេតុ​ផង​ដែរ ដើម្បី​ធ្វើ​យ៉ាងណា​សង្គ្រោះ​ជន​រង​គ្រោះ​ចេញពី​ភ្លើង​ឱ្យ​បាន​ទាន់​ពេល និង​ពន្លត់ភ្លើង​ឱ្យ​បាន​លឿន ។

សូម​បញ្ជាក់​ថា ករណី​ភ្លើង​ឆេះ​ក្លិប​កម្សាន្ដ មី​ត​ណាយ ព្រី​មៀរ នៅ​ខណ្ឌដង្កោ បាន​បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​២​នាក់​ស្លាប់ និង​របួសធ្ងន់​៥​នាក់ដែល​កំពុង​ត្រូវ​បាន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះ​កុសុមៈ ។ អ្នក​រង​របួសធ្ងន់​ទាំង​៥​នាក់​នេះ មាន ៖១-​ឈ្មោះ រី ប៊ុ​ន​ធី​ម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រលាក​១០០% ។ ២-​ឈ្មោះ សាយ ភារា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រលាក​៦៥% ។ ៣-​ឈ្មោះ មួន មក​រា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រលាក​១០០% ។ ៤-​ឈ្មោះ មិន រតនៈ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រលាក​១០០% ។ ៥-​ឈ្មោះ ថេ​ង ថៃ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រលាក​៣០% ។

សូម​រំលឹក​​ថា ករណី​ភ្លើង​ឆេះ​នេះ បាន​កើតឡើង​នា​វេលា​ម៉ោង​ប្រមាណ​១០​និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវ​៥០​ម៉ែត្រ ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។ ក្លិប​កម្សាន្ត​នេះ បើក​សប្បាយ​ៗ​តែ​ពេល​រាត្រី​…​ពេល​ថ្ងៃ​សម្រាក​យ៉ាង​ត្រជាក់​​​យូរ​ឆ្នាំ​ហើយ​…​ ជា​របស់​មន្ត្រី​ធំ​ម្នាក់​ខាង​កម្ចាត់​គ្រឿង​ញៀន ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ មាន​ជាង​ផ្សារ​ដែក​ចូល​ទៅ​ផ្សារ​ជួសជុល​នៅ​ខាងក្នុង លុះ​មក​ដល់​វេលា​ម៉ោងជាង១០​ព្រឹក ស្រាប់តែ​មានការ​ឆេះ​យ៉ាង​សន្ធោសន្ធៅ បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​រស់នៅ​ម្ដុំ​នោះ​រាយការណ៍​ទៅ​សមត្ថកិច្ច​ទៅ​អន្តរាគមន៍​ភ្លាម​ៗ ។ ក្លិប​មី​ត​ណាយ ព្រី​មៀរ មាន​ទំហំ​៣៥​ម៉ែត្រ​គុណ​៤០​ម៉ែត្រ បាន​ឆេះ​ខូចខាត​សម្ភារៈ​ក្នុង​ក្លិប​អស់ទាំង​ស្រុង និង​ម៉ូតូ​៥​គ្រឿង ព្រមទាំង​ឆេះ​រាល​ដល់​បន្ទប់​ផ្ទះសំណាក់​ទំហំ​៣,៥​ម៉ែត្រ គុណ​៥​ម៉ែត្រ​ចំនួន​១​បន្ទប់ ។

ក្នុង​ប្រតិបត្តិការ​អន្តរាគមន៍​សង្គ្រោះ កម្លាំង​សមត្ថកិច្ច​បាន​ប្រើ​ពេល​ប្រមាណ​៣​ម៉ោង និង​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​៥០​រថយន្ត ស្មើនឹង​១៦០​ម៉ែត្រគូប ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ