រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងថា បាតុភូតចុះអ័ព្ទនៅកម្ពុជា នឹងបន្តកើតមានឡើងរហូតដល់ពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥ ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក នៅថ្ងៃទី៤កុម្ភៈ បានលើកឡើងថា ការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុង តំបន់ និងព្រះរាជាណាចក្រកម្ពុជា និងយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ស្តីពីស្ថានភាពចុះអ័ព្ទ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យ បានជ្រាបថា បាតុភូតចុះអ័ព្ទនេះ នឹងបន្តកើតមានឡើងរហូតដល់ពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៥ ។
ក្រសួងបានបញ្ជាក់ថា ៖ “បាតុភូតចុះអ័ព្ទនេះ នឹងមានការរំខានដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលអាចធ្វើឱ្យអ្នក ដំណើរមានការលំបាកខ្លះៗ ក្នុងពេលធ្វើចរាចរណ៍” ។
ក្រសួងធនធានទឹក បានបន្ថែមថា អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់សាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ អំពីស្ថានភាពធាតុអាកាស ចុះអ័ព្ទនេះ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។
ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល ៕
ចែករំលែកព័តមាននេះ