រាជធានីភ្នំពេញ ៖ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ និងសមាគមឧកញ៉ាកម្ពុជា បានចេញលិខិតដាច់ដោយឡែកពីគ្នា កោះហៅ និងអញ្ជើញ ចូលបំភ្លឺនៅម៉ោង០៩ព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្អែកនេះដូចគ្នា។ ហើយការកោះហៅនេះ នៅលើបណ្តាញសង្គមមួយចំនួនបានផ្សព្វផ្សាយថា ឧកញ៉ារូបនេះ បានលួចសមិទ្ធផលអ្នកដទៃ ដើម្បីយកទៅស្នើសុំគោរមងារជា«ឧកញ៉ា» ។
បើតាមលិខិតរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកោះហៅ ឧកញ៉ា ឆេង ស្រីរ័ត្ន ចូលទៅបំភ្លឺ នៅទីស្តីការក្រសួងមហាផ្ទៃ នាវេលាម៉ោង ៩និង០០នាទីព្រឹកស្អែកនេះ ។
ទទឹមនឹងគ្នានោះ សមាគមឧកញ៉ាកម្ពុជា ក៏បានអញ្ជើញឧកញ៉ា ឆេង ស្រីរ័ត្ន ទៅបំភ្លឺនេះ នៅម៉ោង៩និង០០នាទីព្រឹកស្អែកនេះដូចគ្នាផងដែរ នៅការិយាល័យសមាគមឧកញ៉ាកម្ពុជា (សណ្ឋាគារភ្នំពេញ) ដើម្បីពិភាក្សាលើការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមមួយចំនួន នាពេលកន្លងមក និងពេលថ្មីៗនេះ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា ។
សូមជម្រាបថា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្ដល់គោរមងារ លោកស្រី ឆេង ស្រីរ័ត្ន ជា «ឧកញ៉ា» កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។
បន្ទាប់ពីទទួលបានគោរមងារដ៏ឧត្តុងឧត្តមនេះ កាលពីពេលថ្មីៗនេះ លោកស្រី ឆេង ស្រីរ័ត្ន បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា ៖ “ទូលព្រះបង្គំនាងខ្ញុំ ឆេង ស្រីរ័ត្ន សូមក្រាបថ្វាយបង្គំសម្តែង នូវសេចក្តីអំណរអរព្រះគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញព្រះរាជក្រឹត្យត្រាស់ បង្គាប់ផ្តល់គោរមងារដល់ទូលព្រះបង្គំនាងខ្ញុំ ជា «ឧកញ៉ា» ។ នាងខ្ញុំសូមគោរពអរគុណ ដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាសាច់ញាតិបងប្អូន មិត្តភក្តិ ដែលបានផ្ញើសារ ចូលរួមអបអរសាទរនាងខ្ញុំ” ។
សូមបញ្ជាក់ដែរថា លោកស្រី ឆេង ស្រីរ័ត្ន ជាសហគ្រិនស្ត្រីដ៏លេចធ្លោរមួយរូប ក្នុងវិស័យលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញ ៕
ចែករំលែកព័តមាននេះ