ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេង​អណ្តែត​លើ​ឆ្នេរ​ព្រែក​ត្រែង សម្អាត​ជិត​រួចរាល់ ប៉ុន្តែ​មិន​ទាន់​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ទេសចរ​ចុះ​ងូតទឹក​បាន​ទេ

23 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ឡុ​ង ឌី​ម៉​ង់ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​មាន​ប្រសាសន៍​ថា ប្រេង​ដែល​ហូរ​អណ្តែត​មក​លើ​ឆ្នេរ​ព្រែក​ត្រែង ក្នុង​ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ឡុ​ង ឌី​ម៉​ង់ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​មាន​ប្រសាសន៍​ថា ប្រេង​ដែល​ហូរ​អណ្តែត​មក​លើ​ឆ្នេរ​ព្រែក​ត្រែង ក្នុង​ខេត្ត​ព្រះ​សីហ​នុ បាន​សម្អាត​ប្រមាណ​ជាង ៩៥​ភាគរយ​ហើយ ប៉ុន្តែ​លោក​អះអាង​ថា ទោះបីជា​យ៉ាងណា ក៏​មិន​ទាន់​អាច​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដើរ​លេង​នៅ​មាត់សមុទ្រ​នៅ​ចំណុច​នេះ ចុះ​មុជទឹក​លេង​កម្សាន្ត​បាន​នៅឡើយ​ទេ ដោយ​រង់ចាំ​មួយ​រយៈពេល​ខ្លី​សិន ។

លោក ឡុ​ង ឌី​ម៉​ង់ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​៤ ខែកុម្ភៈ​នេះ​ថា បន្ទាប់​ពី​ប្រេង​ហូរ​អណ្តែត​មក​លើ​ឆ្នេរ​ព្រែក​ត្រែង​កាលពី​ថ្ងៃ​ទី​៣១ ខែមករា រួច​មក ក្រុមការងារ​ជំនាញ​បាន​សម្អាត​ប្រមាណ​ជា ៩៥​ភាគរយ​ហើយ នៅ​សល់​តែ​កំណក​កម្អែល​បន្តិចបន្តួច​ប៉ុណ្ណោះ ខណៈ​ក្រុមការងារ​របស់​ក្រសួង​ពាក់ព័ន្ធ កំពុង​មមាញឹក​សម្រុក​សម្អាត ដើម្បី​ឲ្យ​ពលរដ្ឋ​ចុះ​លេង​ទឹកបាន​ឆាប់​ៗ​នេះ ។

លោក​បញ្ជាក់​ថា “​មក​ដល់​ថ្ងៃ​ទី​៤ ខែកុម្ភៈ​នេះ ស្ថានភាព​មាន​លក្ខណៈ​ល្អ​ប្រសើរ​ច្រើន​ហើយ សឹងតែ​អាច​គ្រប់គ្រង​សភាពការណ៍​បាន​អស់ហើយ​។ ដោយឡែក ការ​សម្អាត​ឆ្នេរ​ព្រែក​ត្រែង យើង​អាច​ថា សម្រេច​បាន ៩៥​ភាគរយ វា​នៅ​សល់​កំណក​តិចតួច ដែល​ត្រូវ​បាន​រលក​បក់​មក​។ ប្រេង​ដែល​យើង​ទប់ស្កាត់​បាន គឺ​យើង​ទប់​រួច​ហើយ ប៉ុន្តែ​មួយ​ចំនួន​ខ្លះ វា​នៅ​អណ្តែត​លើ​ផ្ទៃសមុទ្រ ហើយ​នៅ​ពេល​រលក​បក់​មក វា​នាំ​មក​ជា​ប្រភេទ​កំណក​ស្អិត​ៗ ដូច​កៅស៊ូ​ចឹ​ង តិចតួច​ទេ​” ។

ចំពោះ​ការ​ចុះ​មុជទឹក​វិញ លោក ឡុ​ង ឌី​ម៉​ង់ ក៏​បាន​បញ្ជាក់​ថា បាន​ដាក់​ស្លាក​សញ្ញា​ហាមឃាត់​ចុះ​មុជទឹក​ក្នុង​រយៈពេល​ខ្លី​សិន ដើម្បី​ឲ្យ​អស់​ប្រេង​នៅ​លើ​ផ្ទៃសមុទ្រ ដើម្បី​ធានា​ដល់​សុខភាព​។ ម្យ៉ាងទៀត នៅ​ពេល​អស់​ប្រេង ក៏​នឹង​មានការ​ពិនិត្យ​គុណភាព​ទឹក​ផង​ដែរ ដើម្បី​ធានា​ថា​គុណភាព​ទឹកសមុទ្រ នឹង​វិល​ទៅ​រក​ស្ថានភាព​ដូច​ដើម​វិញ ។

អ្នកនាំពាក្យ​រូប​នេះ ក៏​បាន​បញ្ជាក់​ពី​ប្រភព នៃ​ការ​ហៀរ​កំពប់​ប្រេង​នេះ គឺ​បណ្តាល​មក​ពី​ការ​ធ្លាយ​រ៉​ង​បំពង់​ក្នុង​ឃ្លាំង​ស្តុក​ប្រេង ស្ថិត​នៅ​ស្រុក​ស្ទឹង​ហាវ​នេះ តែ​ម្តង ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៣១ ខែមករា ប្រេង​ប្រមាណ​២,០០០​លី​ត្រ បាន​ហូរ​អណ្តែត​មក​លើ​ឆ្នេរ​ព្រែក​ត្រែង ស្ថិត​នៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ និង​ឃុំ​អូរ​ត្រេះ ស្រុក​ស្ទឹង​ហាវ ក្នុង​ខេត្ត​ព្រះ​សីហ​នុ ប៉ុន្តែ​ភ្លាម​ៗ ក្រសួងបរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ចុះ​សម្អាត ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​នៅ​ជុំវិញ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ