ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញ​សេដ្ឋកិច្ច និង​សមាគម TAFTAC ថា កម្ពុជា​មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រន់​ក្នុង​ការ​រក្សាកំណើន​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ

3 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ អ្នកជំនាញ​សេដ្ឋកិច្ច និង​សមាគម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា (TAFTAC) បាន​លើក​ឡើង​ថា កម្ពុជា​នៅ​តែ​អាច​រក្សា​កំណើន​ការ​នាំ​ចេញ​សម្លៀក​បំពាក់…

រាជធានីភ្នំពេញ​ ៖ អ្នកជំនាញ​សេដ្ឋកិច្ច និង​សមាគម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា (TAFTAC) បាន​លើក​ឡើង​ថា កម្ពុជា​នៅ​តែ​អាច​រក្សា​កំណើន​ការ​នាំ​ចេញ​សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​របស់​ខ្លួន​ទៅ​កាន់​សហភាព​អឺរ៉ុប​បាន បើ​ទោះបី​ការ​អនុគ្រោះ​ពន្ធ​មួយ​ចំនួន​ត្រូវ​បាន​កាត់​ផ្តាច់ និង​មិន​ទាន់​ត្រូវ​បាន​កាត់​ផ្តាច់​ទាំងស្រុង​យ៉ាងណា​ក៏​ដោយ ​។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភាកម្ពុជា​មើលឃើញ​ថា ការ​រក្សា​បាន​នូវ​កំណើន​ការ​នាំ​ចេញ​សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ គឺ​មាន​កត្តា​ជា​ច្រើន ក្នុង​នោះ​តំណែង​នៅ​ក្នុង​ការ​ប្រកួតប្រជែង​ទីផ្សារ​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​នៅ​តែ​រក្សា​បាន​, ផលិតភាព​របស់​កម្ពុជា​នៅ​តែ​ខ្ពស់​ដដែល​។ ទន្ទឹម​នឹង​នេះ កម្ពុជា​ក៏​បាន​ក្លាយជា​ប្រទេស​ទទួល​បានការ​បញ្ជា​ទិញ​ខ្ពស់​ដដែល បន្ទាប់​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​មាន​វិបត្តិ​នយោបាយ និង​សេដ្ឋកិច្ច ដោយសារ​ភាព​ចលាចល​ក្នុង​ប្រទេស ​។

អ្នកជំនាញ​សេដ្ឋកិច្ច​រូប​នេះ បាន​គូសបញ្ជាក់​បន្ថែម​ថា កម្ពុជា​នៅ​តែ​អាច​រក្សា​កំណើន​នៃ​ការ​នាំ​ចេញ​របស់​ខ្លួន​បាន​ល្អ បើ​ទោះបី​ការ​កាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​មួយ​ចំនួន (EBA) និង​ទាំងស្រុង​របស់​សហរដ្ឋអាមេរិក (GSP) យ៉ាងណា​ក៏​ដោយ​។ ពិត​ណាស់​វា​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ការ​នាំ​ចេញ​របស់​កម្ពុជា​ទាំងស្រុង​នោះ​ទេ​ ។ លោក​បាន​សង្កត់ធ្ងន់​ថា បើ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ត្រៀមខ្លួន​ដើម្បី​រក្សា​បាន​នូវ​ផលិតភាព និង​កំណើន​នៃ​ការ​នាំ​ចេញ​របស់​ខ្លួន តាម​រយៈ​ការ​បង្កើន​សមត្ថភាព​ជំនាញ​របស់​ពលរដ្ឋ ដើម្បី​ត្រៀម​ទទួលយក​ការ​វិនិយោគ​បែប​ថ្មី និង​មាន​ទ្រង់ទ្រាយ​ធំ​ជា​មុន ​។

ចំណែក អគ្គលេខាធិការ​រង​នៃ​សមាគម​វាយ​ន​ភណ្ឌ សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​នៅ​កម្ពុជា (TAFTAC) លោក កាំ​ង ម៉ូ​នី​កា ក៏​បាន​មើលឃើញ​ដែរ​ថា កម្ពុជា​បាន​ត្រៀមខ្លួន និង​មាន​លក្ខណសម្បត្តិ​គ្រប់​គ្រន់​ក្នុង​ការ​រក្សា​កំណើន​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ ។ ក្នុង​នោះ កម្ពុជា​មាន​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប​នៅ​កម្ពុជា ២០២២-២០២៧, កម្ពុជា​មាន​វិធានការ​ជា​យុទ្ធសាស្ត្រ​ដូច​ជា ​៖ ១. ការ​អភិវឌ្ឍ​ធនធានមនុស្ស​ដើម្បី​បង្កើន​ផលិតភាព​ការងារ ក៏​ដូច​ជា​ការ​បន្ត​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​លក្ខខណ្ឌ​ការងារ​, ២. ការ​អភិវឌ្ឍ​ការ​ផលិត​វត្ថុ​ជា​តុ​ដើម​ក្នុងស្រុក​, ៣. លើកកម្ពស់​ការ​វិនិយោគ​លើ​ឧស្សាហកម្ម​គាំទ្រ​, និង ៤. ការ​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ ។

បន្ថែម​ពី​ចំណុច​ខាងលើ អគ្គលេខាធិការ​រង​នៃ​សមាគម TAFTAC រូប​នេះ​បន្ថែម​ថា កម្ពុជា​ក៏​បាន​ធ្វើការ​យកចិត្តទុកដាក់​ជា​ពិសេស​លើ​អនុលោម​ភាព​ផ្នែក​សង្គម​និង​បរិស្ថាន​ដែល​ជា​ការ​ទាមទារ​របស់​ទីផ្សារ​អន្តរជាតិ​។ រាជរដ្ឋាភិបាល ព្រមទាំង​ភាគី​ពាក់ព័ន្ធ​បាន​និង​កំពុងធ្វើការ​យ៉ាង​សកម្ម​លើ​ការ​ធានា​អោយ​បាន​នូវ​ចីរភាព និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ជា​ពិសេស​រហូត​ដល់​ក្រោយ​ការ​ចាកចេញ​របស់​កម្ពុជា​ពី​ឋានៈ ​ជា​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច​នា​ឆ្នាំ​ ២០២៩​ ។

គួរ​បញ្ជាក់​ថា តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស​បាន​កើនឡើង ២០.៤ ភាគរយ​ដល់ ៤,៤ ពាន់​លាន​ដុល្លារ ពី​ចំនួន ៣,៧ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៣​។ ក្រសួងពាណិជ្ជកម្ម​បាន​បន្ថែម​ថា អេ​ស្ប៉ា​ញ និង​អា​ល្លឺ​ម៉​ង់ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​របស់​កម្ពុជា​នៅ​ក្នុង​សហភាព​អឺរ៉ុប ជាមួយនឹង​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន ១ ពាន់​លាន​ដុល្លារ និង ៩១១ លាន​ដុល្លារ​រៀង​ៗ​ខ្លួន​។ ការ​នាំ​ចេញ​ដ៏​សំខាន់​របស់​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស មាន​ដូច​ជា វាយ​ន​ភណ្ឌ ស្បែកជើង កង់ គ្រឿង​ឧបភោគបរិភោគ អង្ករ និង​ផលិតផល​កសិកម្ម​ផ្សេង​ទៀត ​៕ អត្ថបទសហការ