ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកវិភាគ​នៅ​កម្ពុជា​មើលឃើញ​ថា ការ​នាំ​ចេញសម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​នៅ​តែ​មានកំណើន​ល្អ

5 ម៉ោង មុន

រាជធានីភ្នំពេញ​ ៖ អ្នកវិភាគ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា កម្ពុជា​នៅ​តែ​អាច​រក្សា​បាន​នូវ​កំណើន​ការ​នាំ​ចេញសម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​ទៅ​ទីផ្សារ​អឺរ៉ុប និង​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត បើ​ទោះបី​ការ​អនុគ្រោះ​ពន្ធ​មួយ​ចំនួន​ត្រូវ​បាន​កាត់​ផ្តាច់ និង​មិន​ទាន់​ត្រូវ​បាន​កាត់​ផ្តាច់​ទាំងស្រុង​យ៉ាងណា​ក៏​ដោយ​ ។…

រាជធានីភ្នំពេញ​ ៖ អ្នកវិភាគ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា កម្ពុជា​នៅ​តែ​អាច​រក្សា​បាន​នូវ​កំណើន​ការ​នាំ​ចេញសម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ​ទៅ​ទីផ្សារ​អឺរ៉ុប និង​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត បើ​ទោះបី​ការ​អនុគ្រោះ​ពន្ធ​មួយ​ចំនួន​ត្រូវ​បាន​កាត់​ផ្តាច់ និង​មិន​ទាន់​ត្រូវ​បាន​កាត់​ផ្តាច់​ទាំងស្រុង​យ៉ាងណា​ក៏​ដោយ​ ។ តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ អ្នកជំនាញ​រំពឹង​ថា ​ការ​នាំ​ចេញ​ទៅ​បរទេស​នឹង​បន្ត​កំណើន​ពិសេស​អឺរ៉ុប នា​ឆ្នាំ​បន្ត​ទៀត ​។

លោក​បណ្ឌិត យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើក​ឡើង​ថា កំណើន​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា មិន​ថា សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ ឬ​ផលិតផល​លើ​វិស័យ​ផ្សេង​ៗ​ទៀត​នោះ​ទេ គឺ​សុទ្ធសឹងតែ​កើតឡើង​ពី​គោលនយោបាយ​ច្បាស់លាស់​មួយ​របស់​រាជរដ្ឋាភិបាល ត្បិត​ការ​អនុគ្រោះ​ពន្ធ​របស់​អា​មេ​រិ​កម​កលើ​កម្ពុជា ​ត្រូវ​បាន​កាត់​ផ្តាច់​ជា​យូរ​មក​ហើយ និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប ​ត្រូវ​បាន​កាត់​ផ្តាច់​មួយ​ចំនួន ក៏​ប៉ុន្តែ​តួលេខ​នៃ​ការ​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក និង​អឺរ៉ុប​ នៅ​តែ​មាន​កំណើន​ល្អ​គួរ​ឱ្យ​កត់សម្គាល់ ​។

លោក​បណ្ឌិត​បាន​គូសបញ្ជាក់​បន្ថែម​ទៀត​ថា ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​កំណើនសេដ្ឋកិច្ច​តាម​រយៈ​មិន​ពឹងផ្អែក​លើ​ប្រព័ន្ធ​អនុគ្រោះ​ណាមួយ​របស់​បរទេស គឺជា​រឿង​ចាំបាច់​របស់​ប្រទេស​កម្ពុជា​សម្រាប់​នា​ពេល​ខាង​មុខ​ទៀត ​។ លោក​បណ្ឌិត​ថា ​តាម​រយៈ​សមិទ្ធផល​ទទួល​បាន​កន្លង​មកនេះ​បង្ហាញ​ថា​ កម្ពុជា​អាច​ធ្វើ​បាន កម្ពុជា​អាច​នៅ​រក្សា​កំណើន​ការ​នាំ​ចេញ​របស់​ខ្លួន​បានដោយ​គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ។ ទាំងនេះ​ជា​អ្វី​ដែល​លោក​បាន​វាយតម្លៃ​ខ្ពស់​លើ​គោលនយោបាយ​ការទូត​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​។

បើ​ទោះបី​យ៉ាងណា​ក៏​ដោយ​លោក​បណ្ឌិត​បាន​ផ្តល់​អនុសាសន៍​ថា ការ​ធ្វើ​វិ​ក្រឹ​ត​ការ​ការទូត និង​រក្សា​ឱ្យ​បាន​នូវ​ស្ថិរភាព​នយោបាយ​សង្គម រក្សា​ឱ្យ​បាន​នូវ​បរិយាកាស​វិនិយោគ​ល្អ​នៅ​ក្នុង​ប្រទេស គឺជា​រឿង​ចាំបាច់​សម្រាប់​និរន្តរភាព ស្ថិរភាព​សេដ្ឋកិច្ច និង​ការ​នាំ​ចេញ​របស់​ប្រទេស​កម្ពុជា​ ។ កិច្ចការ​ទាំងនេះ​គឺជា​អ្វី​ដែល​រាជរដ្ឋាភិបាល​កំពុង​ធ្វើ​ស្រាប់ ហើយ​លោក​គាំទ្រ​យ៉ាង​ពេញទំហឹង ពីព្រោះ​វា​ជា​ឫ​ស​គល់​លើ​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ឱ្យមក​រកស៊ី​នៅ​កម្ពុជា និង​បណ្តា​ប្រទេស​បញ្ជា​ទិញ​មាន​ទំនុកចិត្ត​ ។

ចំណែក លោក​បណ្ឌិត ឈ​ត ប៊ុ​ន​ថង អ្នកជំនាញ​ទស្សន​វិទ្យា និង​ជា​អនុប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​គូសបញ្ជាក់​ផង​ដែរ​ថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នានា​របស់​បរទេស​មក​លើ​ប្រទេស​កម្ពុជា​ចង់​មិន​ចង់​គឺ​មាន​សារសំខាន់ ក៏​ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​អាច​ពឹងពាក់​យន្តការ​បែប​នេះ​រហូត​នោះ​ទេ ពោល​រាជរដ្ឋាភិបាល​ត្រូវ​តែ​មាន​គោលនយោបាយ​ផ្សេង​ៗ​ទៀត​ដើម្បី​រក្សា​កំណើន​នៃ​ការ​នាំ​ចេញ ក្នុង​ក្រប​ខណ្ឌ​គ្មាន​ការ​អនុគ្រោះ​ពន្ធ​ ។ ដោយឡែក​រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​មានការ​ខិតខំ​ប្រឹងប្រែង ហើយ​ការ​នាំ​ចេញ​របស់​កម្ពុ​ជាមួយ​រយៈ​ចុង​ក្រោយ​នេះ​មាន​ភាពល្អ​ប្រសើរ​ផង​ដែរ​ ។

លោក​បណ្ឌិត ឈ​ត ប៊ុ​ន​ថង លើក​ឡើង​ថា ការ​រក្សា​អ្នក​វិនិយោគ​ចាស់ និង​ការ​ទាក់ទាញ​វិនិយោគ​ថ្មី គឺជា​រឿង​ចាំបាច់​ណាស់​សម្រាប់​រក្សា​កំណើនសេដ្ឋកិច្ច និង​រក្សា​បាន​នូវ​ឱកាស​ការងារ​នៅ​ក្នុងស្រុក​ដល់​ពលរដ្ឋ​បាន​ ។ លើស​ពី​នេះ​ទៅ​ទៀត ការ​រក្សា​ស្ថិរភាព​នយោបាយ និង​បរិយាកាស​ល្អ​លើ​ការ​វិនិយោគ​បរទេស ក៏​ជា​រឿង​អាទិភាព​សំខាន់​បំផុត​មួយ​ដែរ​ដើម្បី​រក្សា​កំណើន​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​បរទេស ​។

គួរ​បញ្ជាក់​ផង​ដែរ ប្រទេស​កម្ពុជា ​ជាប់​ចំណាត់ថ្នាក់​ទី​ ១៤ លើ​ពិភពលោក​ជា​ប្រទេស​ដែល​នាំ​ចេញ​ផលិតផល​ក្នុង​វិស័យ​កាត់ដេរ សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ (Garments, Footwears and Travel goods ដែល​ហៅ​កាត់​ថា GFT) និង​ជាប់​ចំណាត់ថ្នាក់​ទី ​៣ នៅ​ក្នុង​តំបន់​សហគមន៍​អាស៊ាន បន្ទាប់​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ។ ទំហំ​នៃ​ការ​នាំ​ចេញ​ក្នុង​វិស័យ​នេះ​បាន​កើន​ទ្បើ​ង​ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ១១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ ​២០២៣ និង​ប្រមាណ​ជាង ១៣​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២៤ ដែល​តួលេខ​នេះ​ស្មើនឹង​ប្រមាណ​ជា ៥០% នៃ​ការ​នាំ​ចេញ​សរុប​ពី​ប្រទេស​កម្ពុជា ហើយ​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ជិត ១​លាន​នាក់ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​សមាជិកគ្រួសារ​កម្មករ​ក្នុង​វិស័យ​នេះ រួម​ទាំង​ប្រជាពលរដ្ឋ​ទូទៅ​ជិត ៣​លាន​នាក់​ផង​ដែរ​ ៕ អត្ថបទសហការ