ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួងការងារ និង KOICA ពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ ២០២៦-២០៣០

1 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)…

រាជធានីភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូរបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដឹកនាំដោយលោកស្រី ឆយ ម៉ូនជុង (Choi Moon Jung) នាយិកាប្រចាំប្រទេសរបស់ KOICA ។

ជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃពុធ ទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ មកនេះ ផ្តោតលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង KOICA ជាពិសេសលើសេចក្តីព្រាងឯកសារនៃគម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ២០២៦-២០៣០ ។ 

ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណចំពោះ KOICA ដែលបានរួមចំណែកក្នុងសកម្មភាពអភិវឌ្ឍន៍ជាច្រើនក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយ KOICA លើគម្រោងលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា ដោយសហការជាមួយវិទ្យាស្ថាន TVET ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា ស្របទៅនឹងតម្រូវការឧស្សាហកម្ម និងការរីកចំរើនផ្នែកបច្ចេកវិទ្យាដែលកំពុងរីកចម្រើន ។

ជាការឆ្លើយតប លោកស្រី ឆយ ម៉ូនជុង បានបង្ហាញនូវការពេញចិត្តចំពោះការបន្តពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាង KOICA និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ លោកស្រី ជឿជាក់ថា តាមរយៈគម្រោងអភិវឌ្ឍន៍វិជ្ជាជីវៈ និងទេពកោសល្យកម្ពុជា ឆ្នាំ ២០២៦-២០៣០ នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងទេពកោសល្យសម្រាប់វិស័យបច្ចេកវិទ្យានៅកម្ពុជា ស្របតាមអាទិភាពរបស់កម្ពុជា ក្នុងការការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ទន្ទឹមនឹងអាទិភាពរបស់ប្រទេសកូរ៉េ ដែលត្រូវការកម្លាំងពលកម្មជំនាញពីបរទេស ៕ អត្ថបទសហការ