ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោកស្រី អ៉ី សោភា ៖ យើងត្រូវតាំងចិត្តថា ការងារបុរសធ្វើបាន ស្ត្រីយើងក៏អាចធ្វើបានដូចគ្នា !

4 ថ្ងៃ មុន

រាជធានីភ្នំពេញ​ ៖ ចាប់អាជីពជាគ្រូបង្រៀនតាំងតែពីឆ្នាំ ១៩៧៩ លោកស្រី អុី សោភា មិនដែលរាថយ ក្នុងតួនាទីជាអ្នកអប់រំនេះម្តងណាឡើយ រហូតអភិវឌ្ឍខ្លួនពីគ្រូបង្រៀនបឋមសិក្សា…

រាជធានីភ្នំពេញ​ ៖ ចាប់អាជីពជាគ្រូបង្រៀនតាំងតែពីឆ្នាំ ១៩៧៩ លោកស្រី អុី សោភា មិនដែលរាថយ ក្នុងតួនាទីជាអ្នកអប់រំនេះម្តងណាឡើយ រហូតអភិវឌ្ឍខ្លួនពីគ្រូបង្រៀនបឋមសិក្សា ក្លាយជានាយិកាវិទ្យាល័យ បើទោះជាលោកស្រីទទួលរងនូវសម្ពាធច្រើនរាប់មិនអស់ ទាំងក្នុងការងារ និងជាស្រ្តីដែលត្រូវគ្រប់គ្រងចិញ្ចឹមកូនក្នុងបន្ទុកចំនួន ៥នាក់ផង ។ ការមិនរាថយ ក៏ព្រោះតែលោកស្រីតែងទន្ទេញពាក្យក្នុងចិត្តថា “ការងារដែលបុរសធ្វើបាន ស្រ្តីក៏អាចធ្វើបានដូចគ្នា” ។

លោកស្រី អុី សោភា បានរៀបរាប់ថា លោកស្រីកើតនៅឆ្នាំ ១៩៥១ នៅឃុំកំពង់ក្តី ខេត្តសៀមរាប, លោកស្រីបានបញ្ចប់ថ្នាក់វិទ្យាល័យនៅក្នុងឆ្នាំ ១៩៧០ តែពេលនោះដោយប្រទេសកំពុងមានសង្រ្គាម លោកស្រីបានប្រឡងចូលជាគ្រូបង្រៀនថ្នាក់បឋមសិក្សា ហើយក៏បានជាប់ និងរៀនច្បាប់គ្រូអស់រយៈពេល ២ឆ្នាំ ។ ក្រោយរៀនចប់ច្បាប់គ្រូនៅឆ្នាំ ១៩៧២ លោកស្រីត្រូវបានគេចាត់តាំងឱ្យទៅបំពេញការងារជាគ្រូបង្រៀននៅសាលាបឋមសិក្សាកុមារី ដែលបច្ចុប្បន្នជាអនុវិទ្យាល័យចតុមុខ ។

ក្នុងពេលបំពេញការងារជាគ្រូបង្រៀននៅសាលាបឋមសិក្សាកុមារី លោកស្រីកត់សម្គាល់ឃើញថា លោកស្រីពេញចិត្តនឹងការបង្រៀននេះជាខ្លាំង ហើយតែងតែរៀនសូត្រពីការបង្រៀន និងការណែនាំពីគ្រូបង្រៀនចាស់ៗ និងនាយិកាសាលានាពេលនោះ ។

បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម ពោលគឺនៅក្នុងឆ្នាំ ១៩៧៩ លោកស្រី អ៊ុី សោភា បានវិលត្រឡប់មកកាន់អាជីពជាគ្រូបង្រៀនសាជាថ្មី ហើយត្រូវបានក្រសួងអប់រំគ្រានោះចាត់តាំងឱ្យលោកស្រីបង្រៀនសិស្សថ្នាក់បឋមសិក្សា នៅសាលាបឋមសិក្សាផ្សារដើមថ្កូវ និងបន្ទាប់មកនៅសាលាបឋមសិក្សា ភូមិ ៧ ។ ដោយមើលឃើញពីទេពកោសល្យក្នុង ការអប់រំ លោកស្រី ត្រូវបានមន្ទីរអប់រំរាជធានីចាត់បញ្ជូនឱ្យទៅរៀនបន្ត ដើម្បីយកកម្រិតសិក្សាទី ៣ នៅក្នុងឆ្នាំ ១៩៨៤ ដល់ឆ្នាំ ១៩៨៦ នៅសាលាគរុវិជ្ជាជីវៈជាន់ខ្ពស់ (ENS) ។

ត្រូវបង្រៀនសិស្សផងទៅបន្តការសិក្សាផង និងថែមទាំងពរពោះកូនក្នុងផ្ទៃ និងសម្រាលកូនក្នុងរយៈពេលសិក្សា ប៉ុន្តែលោកស្រីមិនបោះបង់ក្នុងការរៀនបន្ត ដើម្បីសញ្ញាបត្រគ្រូកម្រិតឧត្តមនោះឡើយ ពោលគឺលោកស្រីបានព្យាយាមតស៊ូ រហូតទទួលបានជោគជ័យ ហើយទីបំផុត លោកស្រីត្រូវបានដំឡើងកម្រិតជាគ្រូវិទ្យាល័យ នៅវិទ្យាល័យគូបា ឬវិទ្យាល័យច្បារអំពៅបច្ចុប្បន្ន នៅ ឆ្នាំ១៩៨៦ ដោយគ្រានោះលោកស្រីក៏មានតួនាទីជាប្រធានបច្ចេកទេសមុខវិជ្ជាជីវៈវិទ្យា ហើយក៏ ត្រូវបានផ្តល់ទំនុកចិត្តឱ្យធ្វើជាប្រធានសហជីព និងជាប្រធានសមាគមនារី ក្នុងវិទ្យាល័យថែមទៀត ។

ទទួលបានតួនាទីច្រើន ការងារក៏ច្រើន ហើយមានបន្ទុកជីវភាពគ្រួសារថែមទៀត ប៉ុន្តែលោកស្រី អុី សោភា នៅតែអាចឈរយ៉ាងរឹងមាំ ដោយបំពេញតួនាទីមិនឱ្យមានការថ្នាំងថ្នាក់ ឬខុសឆ្គងអ្វីឡើយ ។ ការបំពេញតួនាទីការងារដ៏ល្អ និង មានវិធីសាស្រ្តគ្រប់គ្រងដ៏ប៉ិនប្រសព្វថែមទៀត ទីបំផុតលោកស្រី ត្រូវបានថ្នាក់ដឹកនាំសាលាដំឡើងតួនាទីជានាយិការងនៅឆ្នាំ ១៩៩៨ ហើយបន្ទាប់មកនៅឆ្នាំ ២០០៤ លោកស្រី ក៏ត្រូវបានតម្លើងតួនាទីជានាយិកាវិទ្យាល័យច្បារអំពៅ ។

ក្នុងតួនាទីជានាយិកាដែលមានការងារច្រើន តែលោកស្រី អុី សោភា អាចឆ្លៀតពេលថ្ងៃសៅរ៍ អាទិត្យ ដើម្បីរៀនបន្តយកថ្នាក់អនុបណ្ឌិតវិទ្យាសាស្រ្តអប់រំថែមទៀត ។ រយៈពេលជិត ១០ឆ្នាំ ក្រោមការគ្រប់គ្រងរបស់លោកស្រី វិទ្យាល័យច្បារអំពៅបានក្លាយជាវិទ្យាល័យដែលទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមវិទ្យាល័យទាំង ២៥ របស់រាជធានីភ្នំពេញ ។ លោកស្រី អ៊ី សោភា មានប្រសាសន៍ថា ជោគជ័យដែលនាំឱ្យវិទ្យាល័យច្បារអំពៅជាប់លេខ ១ គឺដោយសារការចេះគ្រប់គ្រង ចេះសហការរវាង លោកស្រីជាមួយថ្នាក់ដឹកនាំ ក៏ដូចជាលោកគ្រូអ្នកគ្រូក្នុងសាលា ទំនាក់ទំនងល្អជាមួយរដ្ឋអំណាចមូលដ្ឋាន និងមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សបានល្អ ។ សមទ្ធិផល និងជោគជ័យទាំងនេះ គឺបានបង្ហាញថា អ្វីៗដែលបុរសធ្វើបាន ស្រ្តីក៏អាចធ្វើបានដូចគ្នា ។

ក្រោយចូលនិវត្តឆ្នាំ ២០១១ លោកស្រី អុី សោភា បានចូលបម្រើការងារជានាយិកាសាលា រៀនវ៉េស្ទឡាញន៍ សាខា ច្បារអំពៅ រយៈពេល ១២ឆ្នាំ រហូតមកដល់ពេលបច្ចុប្បន្ននេះ លោកស្រីទទួលតំណែងជាប្រធាននាយិកាទីប្រឹក្សានៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ។ ក្នុងអាជីពជាអ្នកអប់រំអស់រយៈពេល ៤៦ឆ្នាំ លោកស្រីបានចែករំលែកបទពិសោធន៍ និងផ្តល់ដំបូន្មានដល់គ្រូបង្រៀនទាំងអស់ សូមធ្វើការបង្រៀនដោយការតាំងចិត្ត ដោយប្រើបញ្ញា ហើយត្រូវ ប្រកាន់ពាក្យក្នុងចិត្តថា អ្វីដែលគេធ្វើបាន យើងក៏អាចធ្វើបានដែរ នោះទើបធ្វើឱ្យការងារសម្រេចជោគជ័យ និងសម្រេច បំណងប្រាថ្នា ៕ អត្ថបទសហការ

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>