ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទេសាភិបាលធនាគារជាតិ ៖ ស្រ្តីមានសមាមាត្រចូលរួមទទួល និងប្រើប្រាស់សេវាហិរញ្ញវត្ថុ មានចំនួនប្រហាក់ប្រហែលបុរស 

4 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ស្រ្តីមានសមាមាត្រចូលរួមទទួល និងប្រើប្រាស់សេវាហិរញ្ញវត្ថុ គិតត្រឹមខែមករាឆ្នាំ ២០២៥…

រាជធានីភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ស្រ្តីមានសមាមាត្រចូលរួមទទួល និងប្រើប្រាស់សេវាហិរញ្ញវត្ថុ គិតត្រឹមខែមករាឆ្នាំ ២០២៥ បានកម្ចីពីគ្រឹះស្ថានធនាគារ មានចំនួន ៥៤% និងពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមាន ៦៤% ខណៈចំនួនស្រ្តីបានដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានធនាគារមាន ៥២% និងក្នុង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានចំនួន ៦៨% ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ១១៤ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” នៅថ្ងៃទី ៧ ខែមីនាឆ្នាំ ២០២៥ នេះថាចំពោះប្រធានបទទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំនេះ គឺបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការ បង្កើតនូវបរិយាកាសមួយឲ្យស្ត្រី និងក្មេងស្រីគ្រប់រូបទទួលបានសិទ្ធិ និងឱកាសស្មើគ្នាក្នុងសង្គម ។ នេះជាកត្តាសំខាន់សម្រាប់ស្ត្រី និងក្មេងស្រីគ្រប់រូប អាចប្រើប្រាស់សិទ្ធយ៉ាងពេញលេញក្នុងការចូលរួមនិងការសម្រេចចិត្ត ដែលជាការលើកកម្ពស់ទំនាក់ទំនងស្ត្រីនៅក្នុង សង្គម និងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយចីរភាព និងបរិយាបន្ន ។

លោកជំទាវបណ្ឌិត លើកទឹកចិត្តឱ្យស្ត្រី និងបុរសមានសិទ្ធិនិងឱកាសដូចគ្នា ក្នុងការទទួលបាននូវចំណេះដឹង និងជំនាញបច្ចេកទេសគ្រប់ផ្នែក និងចូលរួមគ្រប់វិស័យ ដែលបច្ចុប្បន្នស្ត្រីបានជួយរំលែកបន្ទុកគ្រួសារ សង្គម និងរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិ ជាពិសេសការចូលរួមរបស់ស្ត្រីក្នុងការសម្រេចចិត្តផ្នែកនយោបាយ ការងារសង្គម និងសេដ្ឋកិច្ច ដោយសារស្ត្រីមានប្រាជ្ញាស្មារតីតស៊ូអត់ធ្មត់ ដើម្បីការរក្សាសុខសន្តិភាព និងការអភិវឌ្ឍនៅគ្រប់កាលៈទេសៈទាំងអស់ ។

លោកជំទាវទេសាភិបាល លើកឡើងបន្ថែមថា ចំពោះប្រព័ន្ធធនាគារទាំងមូល ធនាគារជាតិនៃកម្ពុជាក៏មានយុទ្ធសាស្រ្តដើម្បី លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការចូលរួមសកម្មភាពផ្សេងៗ ។ ជាក់ស្តែងធនាគារជាតិនៃកម្ពុជា ជានិច្ចជាកាលតែងតែសហការជាមួយនឹងក្រសួងពាក់ព័ន្ធក្នុងការគាំទ្រ និងបង្កើតកម្មវិធីជាច្រើនសម្រាប់លើកកម្ពស់ស្រ្តី ព្រមទាំងរួមចំណែកជំរុញបរិយាបន្នហិរញ្ញ វត្ថុនៅកម្ពុជា ។ យុទ្ធសាស្រ្តជាតិស្ដីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ ត្រូវបានដាក់ចេញដើម្បីលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ ការបញ្ចូលអក្ខរកម្មហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាទូទៅ និងការលើកទឹកចិត្តឱ្យប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលជាដើម ។

ពាក់ព័ន្ធហិរញ្ញវត្ថុនេះ បើគិតត្រឹមខែមករា ឆ្នាំ ២០២៥ ចំនួនអ្នកខ្ចីពីគ្រឹះស្ថានធនាគារ មានប្រមាណ ៥៤% ជាស្រ្តី និងចំនួនអ្នកខ្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៦៤% ជាស្រ្តី ខណៈចំនួនអ្នកដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានធនាគារ មាន ៥២% ជាស្រ្តី និងចំនួនអ្នក ដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានចំនួន ៦៨% ជាស្រ្តី ។ ទាំងនេះបង្ហាញពីសមាមាត្រដែលស្រ្តីបានចូលរួមទទួល និងប្រើ ប្រាស់សេវាហិរញ្ញវត្ថុប្រហាក់ប្រហែលនិងបុរស ៕ អត្ថបទសហការ

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>