រាជធានីភ្នំពេញ, ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦៥ ៖ ឆ្នាំ ២០២០-២០២៤ គឺជាអំឡុងពេលដែលប្រទេសកម្ពុជា បានប្រឈមមុខនិងប្រយុទ្ធប្រឆាំងជាមួយការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានដាក់សម្ពាធ និងបង្កហានិភ័យមកលើសុខភាព អាយុជីវិត និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចាប់យកគំនិតផ្តួចផ្តើមប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាឌីជីថលជាអាទិ៍ប្រព័ន្ធ QR Code “ទប់ស្កាត់កូវីដ Stop Covid” ប្រព័ន្ធចាក់វ៉ាក់សាំងកូវីដ-១៩ និងការនាំចូល និងចែកចាយឧបករណ៍តេស្តរហ័ស និងឱសថព្យាបាលជំងឺកូវីដ-១៩ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏គ្រោះថ្នាក់នោះ ។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល ៥ ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្ត នៅថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ បានមានប្រសាសន៍ថា ៖ ក្រសួងបានសកម្មក្នុងការគិតគូរ និងកែប្រែសភាពការណ៍វិបត្តិឱ្យទៅជាកាលានុវត្តភាពសម្រាប់ការអនុវត្តការងាររបស់ក្រសួងតាមគន្លងប្រក្រតីភាពថ្មី ដោយជំរុញឱ្យកាន់តែខ្លាំងថែមទៀត ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីគាំទ្រកិច្ចការកែទម្រង់របស់ខ្លួន ។
ក្រសួងបានចាត់ទុកថា ការងារកែទម្រង់ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានដើម្បីឈានឆ្ពោះទៅរកការលើកកម្ពស់ ប្រសិទ្ធភាព និងផលិតភាពកាងារ ។ អាស្រ័យហេតុនេះ ក្រសួងពិតជាមានមោទនភាព ដែលក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ជាមួយនឹងការផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្រសួងសម្រេចបានការកែលម្អនិងពង្រឹងគុណភាពនៃការគ្រប់គ្រងកិច្ចការផ្ទៃក្នុងក្រសួង ការគ្រប់គ្រងកិច្ចការហិរញ្ញវត្ថុ និងការគ្រប់គ្រង និងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ដែលបង្កើតបានជាមូលដ្ឋានសម្រាប់គាំទ្រដល់ការអភិវឌ្ឍ និងអភិបាលកិច្ចលើវិស័យក្នុងដែនសមត្ថកិច្ចរបស់ក្រសួង ។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ជាលទ្ធផលក្នុងរយៈពេលពីឆ្នាំ ២០២០-២០២៤ ក្រសួងសម្រេចបានការរៀបចំកិច្ចការរដ្ឋបាលដែលធានាបានរំហូរការងារលឿនរហ័ស និងមានតម្លាភាព តាមរយៈការប្រើប្រាស់ប្រព័ន្ធអនុម័តឯកសារផ្ទៃក្នុង (DWF) និងប្រព័ន្ធគ្រប់គ្រងផ្សេងទៀត ព្រមទាំងសម្រេចបានការពង្រឹងការងារគ្រប់គ្រងហិរញ្ញវត្ថុ ដោយផ្តោតទៅលើការកែសម្រួលយន្តការប្រមូលចំណូល និងការគ្រប់គ្រងចំណាយឱ្យចំគោលដៅ ។ ជាក់ស្តែងពីឆ្នាំ ២០២០-២០២៤ ក្រសួងសម្រេចប្រមូលចំណូលថវិកាជាតិ និងវិភាគទានមូលនិធិសរុបបានប្រមាណ ៨០៤លានដុល្លារអាម៉េរិក បើប្រៀបធៀបទៅនឹងចំណូលថវិកាជាតិ និងវិភាគទានមូលនិធិក្នុងរយៈពេល ២០១៥-២០១៩ ដែលប្រមូលបានចំនួនប្រមាណ ២១៦លានដុល្លារអាម៉េរិក ។
សូមជម្រាបថា លើការកែទម្រង់អង្គភាព ក្រសួងក៏បានពង្រឹងការងារនិយ័តកម្មនៃនិយ័តករទូរគមនាគមន៍កម្ពុជា, ប្រែក្លាយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (NIPTICT) ទៅជាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT), បែងចែកតួនាទីភារកិច្ចការងារច្បាស់លាស់ដោយមិនឱ្យមានការចុះត្រួតពិនិត្យស្ទួនគ្នារវាងអគ្គាធិការដ្ឋាន និងនាយកដ្ឋានសវនកម្មផ្ទៃក្នុង, កែទម្រង់សហគ្រាសទូរគមនាគមន៍កម្ពុជា និងប្រៃសណីយ៍កម្ពុជា ក៏ដូចជាអង្គភាពផ្សេងៗទៀត ក្រោមចំណុះរបស់ក្រសួង ដើម្បីជំរុញ និងធ្វើឱ្យប្រសើរឡើងនូវសមិទ្ធកម្មការងារ ។
ឯកឧត្តម ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ៖ ពីឆ្នាំ ២០២០-២០២៤ ក៏ជាអំឡុងពេលដែលរាជរដ្ឋាភិបាលបានអនុម័តឯកសារសំខាន់ៗចំនួន ៤ គឺ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥”, “គោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា ២០២២-២០៣៥”, “គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០” និង “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា” ដែលឯកសារទាំងអស់នេះ គឺជាប្រទីបនិងជាត្រីវិស័យបំភ្លឺ និងនាំផ្លូវដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការជំរុញការអភិវឌ្ឍ និងការគ្រប់គ្រងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់នូវវិស័យ៣ដែលស្ថិតនៅក្នុងវិសាលភាពនៃការទទួលខុសត្រូវរបស់ក្រសួង រួមមាន វិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ឬហៅថា វិស័យឌីជីថល ដើម្បីរួមចំណែកនៅក្នុងដំណើរការកសាងរដ្ឋាភិបាលឌីជីថល ពលរដ្ឋឌីជីថល និងធុរកិច្ចឌីជីថល សំដៅជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ចនិងសង្គមទាំងមូល ។
ក្នុងការចូលរួមការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះដែរ, ក្រៅពីការជំរុញការលើកកម្ពស់ ការផ្តល់សេវាប្រៃសណីយ៍ដើម្បីគាំទ្រ ជាពិសេសការដឹកជញ្ជូនគោលដៅចុងក្រោយ ក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍មានការទទួលខុសត្រូវក្នុងការកសាងមូលដ្ឋានទ្រទ្រង់ផ្នែកឌីជីថល ដោយផ្តោតទៅលើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ការពង្រឹងអក្ខរកម្មឌីជីថល ការបណ្តុះបណ្តាលជំនាញពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក ការបង្កើនការយល់ដឹងពីប្រព័ន្ធទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ។
សន្តិសុខតាមអនឡាញ ការជួយអភិវឌ្ឍថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការកសាងក្របខណ្ឌបទដ្ឋានគតិយុត្ត ជាពិសេស ច្បាប់ស្តីពីសន្តិសុខសាយបរ និងកិច្ចការពារទិន្នន័យបុគ្គល និងការសហការជាមួយក្រសួងពាណិជ្ជកម្មនិង ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អន្តរការីនិងបុគ្គលផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។
ចាប់តាំងពីឆ្នាំ ២០២០-២០២៤ ការសាងសង់ស្ថានីយអង់តែន និងការបំពាក់គ្រឿងបរិក្ខារថ្មីពីសំណាក់ប្រតិបតិករទូរសព្ទចល័តធំៗបានកើនឡើងជាលំដាប់ ។ ហើយក្រសួងនឹងបន្តពង្រឹង និយ័តកម្មវិស័យទូរគមនាគមន៍ឱ្យកាន់តែប្រសើរឡើង ដោយជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍និងការតភ្ជាប់ ដើម្បីពង្រីកវិសាលភាពគ្របដណ្តប់នៃសេវាទូរគមនាគមន៍ និងគ្រប់គ្រងធនធានកម្រ ក្នុងវិស័យទូរគមនាគមន៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលដឹកនាំសម្របសម្រួល គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអភិវឌ្ឍថ្នាលនិងកម្មវិធីឌីជីថលចំនួន ៥ ដែលត្រូវបានរាជរដ្ឋាភិបាល ទទួលស្គាល់ជាថ្នាលនិងកម្មវិធីរបស់រាជរដ្ឋាភិបាល ក្នុងនោះ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh មិនត្រឹមតែមាន ផលប្រយោជន៍ដ៏ធំធេងសម្រាប់ក្រសួងស្ថាប័ន និងគ្រឹះស្ថានអប់រំប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែក៏នាំមកនូវកិត្តិយស និងកិត្តិនាមជូនក្រសួង រាជរដ្ឋាភិបាល និងប្រទេសជាតិក្នុងឆាកអន្តរជាតិផងដែរ ។
ក្រសួងបាននិងកំពុង អភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថលមួយចំនួនផ្សេងទៀតជាបន្តបន្ទាប់ ជាពិសេសបានគិតគូរដល់ការ អភិវឌ្ឍថ្នាល DG SuperApp ដើម្បីដាក់ឱ្យដំណើរការសាកល្បងនាពេលខាងមុខ ហើយក្រៅពីនេះបានគាំទ្រដល់ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ុនធឺណិត ក៏ដូចជាជួយអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ថ្នាល កម្មវិធី ឬ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលទៅតាមសំណូមពរនិងតម្រូវការរបស់ក្រសួង ស្ថាប័នផងដែរ ។ ទន្ទឹមនឹងនេះ ក្រសួង នឹងបន្តសម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការបញ្ចប់សេចក្តីព្រាងអនុក្រឹត្យស្តីពី គោលការណ៍នៃការរៀបចំបង្កើតអង្គភាពបរិវត្តកម្មឌីជីថលនៅតាមក្រសួង ស្ថាប័ន ព្រមទាំងយកចិត្តទុកដាក់ លើការគ្រប់គ្រងការរក្សាទុក និងរំហូរទិន្នន័យ ដោយខិតខំជំរុញការសាងសង់មជ្ឈមណ្ឌលទិន្នន័យជាតិឱ្យបានឆាប់ ។
គួរបញ្ជាក់ផងដែរថា ដើម្បីពង្រឹងសន្តិសុខឌីជីថល ក្រសួងបានចូលរួមយ៉ាងសកម្មទាំងក្នុងក្របខណ្ឌគណៈកម្មាធិការ សន្តិសុខឌីជីថល និងក្របខណ្ឌក្រសួងផ្ទាល់ ។ ក្រសួងបានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ ក៏ដូចជា ឯកសារចាំបាច់ផ្សេងទៀតដែលបម្រើឱ្យការរួមចំណែកដល់ការពង្រឹងសន្តិសុខឌីជីថល ។ ព្រមជាមួយនឹងការបន្ត អនុវត្តកិច្ចការនេះ ក្រសួងនឹងបន្តប្រមូលផ្តុំធនធានមនុស្ស កសាង និងពង្រឹងសមត្ថភាពជំនាញផ្នែកសន្តិសុខ សាយបរនិងឌីជីថល និងផ្សព្វផ្សាយដល់សាធារណជនឱ្យបានយល់ដឹងនិងទទួលបានចំណេះដឹងអំពីបញ្ហា សន្តិសុខសាយបរនិងឌីជីថល ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ