
ក្រសួងការងារ និងក្រសួងសុខាភិបាល បើកយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លង ដល់បងប្អូនកម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន
ខេត្តកណ្តាល ៖ កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា…
ខេត្តកណ្តាល ៖ កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា…
ខេត្តកណ្តាល ៖ កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការផ្សព្វផ្សាយ ដើម្បីទប់ស្កាត់ជំងឺមិនឆ្លង ដល់បងប្អូនកម្មករនិយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន ដែលរៀបចំធ្វើឡើងនៅក្នុងបរិវេណរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធើរី ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ពិធីបើកយុទ្ធនាការនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល, ថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, អាជ្ញាធរមូលដ្ឋានខេត្ត, មន្ទីរជុំវិញខេត្ត, អង្គការដៃគូ, តំណាងសមាគមនិយោជក, តំណាងសហជីព និងបងប្អូនកម្មករនិយោជិតនៃរោងចក្រ បូវឃើរ ហ្វេកធើរី ។ យុទ្ធនាការនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាល ក្នុងគោលបំណងដើម្បីរួមចំណែកក្នុងការទប់ស្កាត់ជំងឺមិនឆ្លង បង្កើនការយល់ដឹង សកម្មភាពអប់រំសុខភាព ធានាឱ្យនូវសុខុមាលភាពរបស់បងប្អូនកម្មករ និយោជិត និងសាធារណជន អំពីកត្តាហានិភ័យនៃជំងឺមិនឆ្លង ដើម្បីជំរុញការផ្លាស់ប្តូរឥរិយាបថរបស់បុគ្គលផ្ទាល់ គ្រួសារ សហគមន៍ ប្រកបដោយសុខភាព និងសុខុមាលភាព ។
ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា យុទ្ធនាការនេះ មានគោលបំណងចូលរួមចំណែកក្នុងបេសកកម្មរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺមិនឆ្លង និងធានាឱ្យបាននូវសុខុមាលភាពរបស់កម្មករនិយោជិត។ ជាមួយគ្នានេះ យុទ្ធនាការនេះក៏នឹងរួមចំណែកក្នុងការអនុវត្តសកម្មភាព ដែលមានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រជាតិសម្រាប់ការពារ និងប្រយុទ្ធនឹងជំងឺមិនឆ្លង ឆ្នាំ២០២២-២០៣០ និងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ ២០២៤-២០២៨ ក្នុងការលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅកន្លែងធ្វើការ ផងដែរ ។
ឯកឧត្តម ហេង សួរ បានថ្លែងបញ្ជាក់ថា សុខភាព សុខទុក្ខ សិទ្ធិសេរីភាព កិត្តិយស សេចក្ដីថ្លៃថ្នូរ ផលប្រយោជន៍ និងការបង្កើនប្រាក់ចំណូលរបស់បងប្អូនកម្មករនិយោជិត គឺជាកិច្ចការអាទិភាព និងជាក្តីបារម្ភរបស់រាជរដ្ឋាភិបាល ក្រោមការយកចិត្តទុកខ្ពស់ និងការចង្អុលបង្ហាញពីសំណាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ ទន្ទឹមនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបន្តកិច្ចសហការជាមួយក្រសួងសុខាភិបាល ក្នុងការចុះផ្សព្វផ្សាយ ណែនាំ និងក្រើនរំលឹកដល់បងប្អូនជានិច្ច ។ ជាក់ស្តែង ក្រសួងបានជំរុញកម្មវិធីអប់រំផ្សព្វផ្សាយ និងបណ្តុះបណ្តាលស្តីពីសុវត្ថិភាព និងសុខភាពការងារដល់កម្មករនិយោជិតនៅតាមសហគ្រាស គ្រឹះស្ថាន រួមទាំងការបង្ការជំងឺឆ្លង និងមិនឆ្លង, ការបោះពុម្ពសារអប់រំរបស់ក្រសួងសុខាភិបាល ដូចជា សារ៖ «តិចខ្លាញ់ តិចអំបិល តិចស្ករ សារគ្រឿងស្រវឹង សារថ្នាំជក់ និងសារសកម្មភាពរាងកាយ», ការចេញសេចក្តីជូនដំណឹង និងសេចក្តីណែនាំនានាពាក់ព័ន្ធនឹងការលើកកម្ពស់សុខុមាលភាពរបស់កម្មករនិយោជិត ជាដើម ។
ឯកឧត្តម ហេង សួរ ក៏បានស្នើដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន និងបងប្អូនកម្មករនិយោជិតទាំងអស់ ៖
(១) បន្តយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយអំពីការបង្ការជំងឺមិនឆ្លងនេះនៅតាមសហគ្រាស គ្រឹះស្ថានឱ្យបានទូលំទូលាយ ។
(២) រៀបចំកម្មវិធីលើកកម្ពស់ការយល់ដឹងដល់កម្មករនិយោជិត តាមរយៈការបណ្តុះបណ្តាល និងការចាក់ផ្សាយសារសំឡេង វីដេអូអប់រំ និងធ្វើការបិតផ្ទាំងផ្សព្វផ្សាយពាក់ព័ន្ធនឹងវិធានការបង្ការជំងឺមិនឆ្លងនៅក្នុងសហគ្រាស គ្រឹះស្ថាន ។
(៣) ចាត់វិធានការឃ្លាំមើលស្ថានភាពសុខភាពរបស់កម្មករនិយោជិត ដោយផ្ដល់ព័ត៌មាន ឬឱ្យដំបូន្មានដល់កម្មករនិយោជិតពាក់ព័ន្ធនឹងសុខុមាលភាព ។
(៤) បងប្អូនកម្មករនិយោជិត ត្រូវចូលរួមផ្លាស់ប្តូរទម្លាប់ និងត្រូវប្រកាន់យកការណែនាំទាំងអស់ឱ្យបានខ្ជាប់ខ្ជួន និងទៀងទាត់ពីព្រោះមានតែបងប្អូនទេ ដែលជាអ្នកអនុវត្តផ្ទាល់ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានរំលេចអំពីជំងឺមិនឆ្លង ១) ជំងឺមិនឆ្លង គឺមិនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទេ ២) ជំងឺនេះនឹងឈឺបន្តិចម្តងៗ នាពេលខាងមុខ ៣) ជំងឺនេះ មានលក្ខណៈរ៉ាំរ៉ៃ និងស្មុគស្មាញ ៤) ជំងឺនេះនឹងប៉ះពាល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សូមអំពាវនាវដល់បងប្អូនកម្មករ និងប្រជាពលរដ្ឋទាំងអស់ ចូលរួមទាំងអស់គ្នា ដូចជា ៖
• ត្រូវកាត់បន្ថយការទទួលផ្អែម ភេសជ្ជៈប៉ូវកម្លាំង កាត់បន្ថយការទទួលទានអំបិល ឱ្យបានពាក់កណ្តាលនៃទម្លាប់ហូបប្រៃកន្លងមក កាត់បន្ថយអាហារចៀន ឬបំពង អាហារដែលមានខ្លាញ់ច្រើន និងជៀងវាងការពិសាគ្រឿងស្រវឹង ការពិសាថ្នាំជក់ (បារី)
• ត្រូវបេ្តជ្ញាចិត្តចៀសវាងការពារខ្លួនអ្នក និងក្រុមគ្រួសារ ពីជំងឺទឹកនោមផ្អែម គាំងបេះដូង ខ្សោយតំរង់នោម ស្ទះសរសៃឈាមបេះដូង និងជំងឺលើសឈាម (ដោយសារពិសាប្រៃ) ៕ អត្ថបទសហការ
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ