ទៅទីណាក៏ឮគេនិយាយដែរ…ជាពិសេសតាមតុកាហ្វេពួកគេនាំគ្នាសរសើរថា…នៅទីក្រុងព្រៃនគរ ហៅទីក្រុងហូជីមិញ នៃប្រទេសវៀតណាម…នៅទីក្រុងបាងកកនៃប្រទេសថៃ…អត់មានសត្វមូសទេ…។ ពេលរាត្រីអង្គុយហូបអាហារតាមចិញ្ចើមផ្លូវដោយសប្បាយរីករាយ…អត់មានរបស់ដែលហៅថា«មូសខាំ» ឬ«អង្គុយវ៉ៃមូស» ឡើយ ។
ចម្លែកអីម្ល៉េះនៅរាជធានីភ្នំពេញយើង…នាំគ្នានិយាយតែពីរឿង «សត្វមូស»…ខ្លះប្រើពាក្យថា «រាជធានីមូស» ដាច់មុខទៅហើយ ។
ពេលរាត្រីធ្លាក់មកដល់…ទីណាក៏ពេញទៅដោយ«មូស»…។ អង្គុយ«ផឹកកាហ្វេ» តាមហាងនានាអត់បានទេ ! មូសរោមឡើងខ្មៅ…លើកលែងតែចូលហាងដែលបិទជិតមានម៉ាស៊ីនត្រជាក់ពង…ទើបមិនក្លាយជាចំណីមូស…បើចូលហាងដែលបើកចំហ…ប្រាកដណាស់«មូសសែង»ហើយ…ទះមូសផ្អើលគេឯង…ទះបែកទាំងកែវកាហ្វេក៏មានដែរ ។
មានអ្នកមាត់ដាចខ្លះដែលកំពុងផឹកក្លែមសាច់អាំងនិយាយខ្លាំងៗថា…គួរតែអញ្ជើញអភិបាលរាជធានី…មកលេងពេលរាត្រីតាមសង្កាត់នានា…សប្បាយជាមួយរាស្ត្រប្រជាមើល…តើរាជធានីភ្នំពេញ «ពេញទៅដោយមូស» មែនឬអត់ ? ពិសេសនៅក្នុងខណ្ឌមានជ័យស្អីគេហ្នឹង…ខណ្ឌបឹងកេងកង…បណ្តាសង្កាត់ទាំងឡាយ…មានសង្កាត់បឹងទំពុនពីរបីហ្នឹងជាដើម…យប់មិនទាន់ទេ…«មូសសែងហើយ !» ។
«កើតមូស» ច្រើនម្លុឹងៗ «កម្ចាត់មិនបាន» តើឱ្យរាស្ត្រប្រជា «សង្ឃឹម» អីទៅហ្ន៎ ?… ហេ ! ហេ !
-ខ្លះសួរចៅសង្កាត់ថា…មាន«ថ្នាក់លើ» មកបាញ់មូសទេ ? ចម្លើយតបវិញគឺ…គ្រវីក្បាល…។
-បានសួរទៀតថា តើពេលណាទើបគេបាញ់ថ្នាំមូស…គ្រវីក្បាលទៀត…។
ឱ ! រាជធានីភ្នំពេញអើយ…ថ្ងៃមុនគេប្រកាសក្តែងៗថា…មានមន្ត្រីជំនាញ…មានកងកម្លាំងចូលរួមជួយច្រើននាក់…បាញ់សម្លាប់មូសទាំងដប់ប៉ុន្មានខណ្ឌអស់ហើយ…។ ប៉ុន្តែជាក់ស្តែង…បាញ់មេឃឯណោះ…ហេ!ហេ!
ចែករំលែកព័តមាននេះ