ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅ​ប្រទេស​ឡាវ រយៈ​២​ថ្ងៃ

21 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ…

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចាប់ពី​ថ្ងៃ​ទី​០៦ ដល់​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២៥ ។

ការ​ទស្សនកិច្ច​របស់​ប្រមុខ​ដឹកនាំ​ព្រឹទ្ធសភា​កម្ពុជា តប​តាម​ការ​អញ្ជើញ​របស់ លោក​បណ្ឌិត សាយ​សំ​ផ​ន ភុ​ម​វិហា​ន ប្រធានរដ្ឋសភា​ឡាវ ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់ ព្រឹទ្ធសភា បានឱ្យ​ដឹង​ថា សមាសភាព​គណៈប្រតិភូ​អមដំណើរ សម្តេច​តេ​ជោ ក្នុង​ទស្សនកិច្ច រួម​មាន សម្តេច​ក្រឡាហោម ស ខេ​ង ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​ពិជ័យ សេនា ទៀ បាញ់ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច កិត្តិ​សង្គហ​បណ្ឌិត ម៉ែ​ន សំ​អន ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​គណៈ​ទាក់ទង​បរទេស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ព្រមទាំង​សមាជិក​ព្រឹទ្ធសភា​-​រដ្ឋសភា និង​ថ្នាក់ដឹកនាំ​សំខាន់​ៗ​ នៃ​ស្ថាប័ន​នីតិប្បញ្ញត្តិ​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា​ ។

នៅ​ក្នុង​ឱកាស​ទស្សនកិច្ច​នេះ សម្តេច​តេ​ជោ នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ លោក​បណ្ឌិត សាយ​សំ​ផ​ន ភុ​ម​វិហា​ន ប្រធានរដ្ឋសភា​ឡាវ ជួប​ពិភាក្សា​ការងារ​ជាមួយ លោក​បណ្ឌិត សន​សៃ ស៊ី ផា​ន់​ដ​ន នាយក​រដ្ឋមន្ត្រី​ឡាវ និង​ធ្វើ​ជា​សហ​ប្រធាន​ជាមួយ លោក ថង​លូន ស៊ី​ស៊ី​លី​ត ប្រធាន​រដ្ឋ​ឡាវ និង​ជា​អគ្គលេខាធិការ​គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ ដឹកនាំ​កិច្ចប្រជុំ​កំពូល​លើក​ទី​១៥ រវាង​គណបក្ស ប្រជាជន​កម្ពុជា​និង​គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ​ ។

សូម​បញ្ជាក់​ថា ទស្សនកិច្ច​របស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​នាម​ជា​ប្រធាន​ព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ នឹង​ផ្តល់​សន្ទុះ​ថ្មី​ក្នុង​ការ​ពង្រឹង និង​លើកកម្ពស់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ឱ្យ​កាន់តែ រឹង​មាំ​ស៊ីជម្រៅ និង​ប្រកបដោយ​ផ្លែផ្កា​បន្ថែម​ទៀត ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ