ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ទូទាំង​ពិភព​លោក​ប្រតិ​កម្ម​ចំ​ពោះ​ការ​ដំ​ឡើង​ពន្ធ​របស់​លោក​ត្រាំ

21 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​សង្គ្រាម​ពាណិជ្ជ​កម្ម​ដែ​ល​លោក​ត្រាំ​ទើប​កំពុង​លេង​នេះ​ធ្វើ​ឱ្យ​​កក្រើក​ពិភព​លោក​ហើយ​។ មិន​ទាន់​បាន​អី​ផង​ គ្រាន់​តែ​អាមេរិក​ដំឡើង​ពន្ធទៅ​លើ​ប្រទេស​បី​គឺ​ម៉ិកស៊ីកូ, កាណាដា និង​ចិន​ ប្រទេស​ដទៃ​ទៀត​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​ជា​បន្ត​បន្ទាប់​។ លោក​ត្រាំ​ដំឡើង​ពន្ធ​២៥​%​ទៅ​លើ​ទំនិញ​របស់​កាណាដា និង​ម៉ិកស៊ីកូ និង​១០%​ទៅ​លើ​ទំនិញ​របស់​ចិន​។​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​សង្គ្រាម​ពាណិជ្ជ​កម្ម​ដែ​ល​លោក​ត្រាំ​ទើប​កំពុង​លេង​នេះ​ធ្វើ​ឱ្យ​​កក្រើក​ពិភព​លោក​ហើយ​។ មិន​ទាន់​បាន​អី​ផង​ គ្រាន់​តែ​អាមេរិក​ដំឡើង​ពន្ធទៅ​លើ​ប្រទេស​បី​គឺ​ម៉ិកស៊ីកូ, កាណាដា និង​ចិន​ ប្រទេស​ដទៃ​ទៀត​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​ជា​បន្ត​បន្ទាប់​។ លោក​ត្រាំ​ដំឡើង​ពន្ធ​២៥​%​ទៅ​លើ​ទំនិញ​របស់​កាណាដា និង​ម៉ិកស៊ីកូ និង​១០%​ទៅ​លើ​ទំនិញ​របស់​ចិន​។​

ថ្នាក់​ដឹក​នាំ​កាណាដា និង​ម៉ិក​ស៊ីកូ​ប្រកាសថា​ខ្លួន​នឹង​ចាត់​វិធាន​ការ​ដំឡើង​ពន្ធ​ទៅ​លើ​ទំនិញ​របស់​អាមេរិក​វិញ​ដើម្បី​ជា​ការ​សង​សឹក​។ ប៉ុន្តែ​ប្រទេស​ទាំង​២​ហាក់​ដូច​ជា​មាន​ចេត​នា​ចង់​ចរ​ចា​គ្នា​ជា​មុន​សិន​ព្រោះ​មើល​ទៅ​​​សង្គ្រាម​​​នេះ​លេង​​មិន​ឈ្នះ​អា​មេ​រិក​ទេ​។ ប៉ុន្តែប្រជា​ជន​ប្រទេស​ទាំង​២​ទាម​ទារ​ឱ្យ​រដ្ឋាភិបា​លប្រកាន់​ជំហរ​រឹង​មាំ​ និ​ងមិន​ត្រូវ​ចុះ​ចាញ់​ការ​សម្លុត​របស់​​អាមេរិក​ទេ​។

ដោយ​ឡែក សហ​ភាព​អឺរ៉ុប​មិន​ទាន់​ដំឡើង​ពន្ធ​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​ថ្នាក់​ដឹក​នាំ​ប្រទេស​​​អឺរ៉ុប​ចាប់​ផ្ដើម​គិត​គូរ​អំពី​រឿង​នេះ​ជា​បណ្ដើរ​ៗ​បន្ទាប់​ពី​លោក​ត្រាំ​ប្រកាស​ថា​អឺរ៉ុប​ក៏​មិន​រួច​ខ្លួន​ដែរ​។ ប្រធានា​ធិបតី​បារាំង​ លោក​ម៉ាក្រុង​ ថ្លែង​ថា​បើ​អឺរ៉ុប​រង​ការ​វាយ​ប្រហារ​ដោយ​សង្គ្រាម​ពាណិជ្ជ​កម្ម លោក​នឹង​ខិត​ខំ​ចាត់​វិធាន​ការ​ដើម្បី​ឱ្យ​ស្ថាប័ន​នេះ​ទទួល​បាន​ការ​គោរព​។ លោក​​ថ្លែង​នៅ​ពេល​​អាមេរិក​ប្រកាស​ដំឡើង​ពន្ធ​ សហ​ភាព​អឺរ៉ុប​​នឹង​​សាម​គ្គី​គ្នា​យ៉ាង​រឹង​មាំ​។

អ្នក​វិភាគ​យល់​ថា​ការ​ដំឡើង​ពន្ធ​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សេដ្ឋ​កិច្ច​អាមេរិក។​​ ជា​ពិសេស អ្នក​មាន​ប្រាក់​ចំណូល​ទាប​នឹង​រង​គ្រោះ​ខ្លាំង​ពី​ទំនិញ​ឡើង​ថ្លៃ​។ ប៉ុន្តែ​លោក​ត្រាំ​អះ​អាង​ថា​បញ្ហា​នេះ​នឹង​កើ​តឡើង​រយៈ​ពេល​ខ្លី​តែ​ប៉ុណ្ណោះ​។ គេ​រំពឹង​ថា​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ ថ្នាក់​ដឹក​នាំ​សហ​ភាព​អឺរ៉ុប​នឹង​ជជែក​គ្នា​អំពី​ការ​ដំឡើង​ពន្ធ​របស់​លោក​ត្រាំ​។ ដោយ​ឡែក នាយក​រដ្ឋ​មន្ត្រី​ប៉ូឡូញ លោក​ដូណាល់​ថាស់ (Donald Tusk) និង​ប្រធានា​ធិបតី​លីទុយ​អានី​បាន​អំពាវ​នាវ​ឱ្យ​សហ​ភាព​អឺរ៉ុប​រួប​រួម​សាម​គ្គី​គ្នា​ដើម្បី​រក​វិធី​ទប់​ទល់​នឹង​ការ​ដំឡើង​ពន្ធ​។

បញ្ហា​មួយ​ទៀត​សម្រាប់​សហ​ភាព​អឺរ៉ុប​គឺ​ការ​បង់​ថ្លៃ​វិភាគ​ទាន​របស់​អង្គ​ការ​ណាតូ​។ នេះ​ជា​អ្វី​ដែល​លោក​ត្រាំ​បាន​ទាម​ទារ​ម្ដង​ទៀត​នៅ​ពេល​លោក​ស្បថ​ចូល​កាន់​តំណែង​។ ប្រតិ​កម្ម​ក៏​មាន​ផង​ដែរ​ពី​អធិការ​បតី​អាល្លឺម៉ង់​​ លោក​សូល​។ លោក​​​យល់​ថា​សហ​ភាព​អឺរ៉ុប​មិន​អន់​ប៉ុន្មាន​ដែរ​។ អឺរ៉ុប​​មាន​កម្លាំង​គ្រប់​គ្រាន់​ដើម្បី​ត​ដៃ​ជា​មួយ​អាមេរិក​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជ​កម្ម​។​ ប៉ុន្តែ​លោក​មិន​គាំទ្រ​ការ​ប្រើ​ប្រាស់​ធម៌​ក្ដៅ​ដាក់​គ្នា​នោះ​ទេ​។ លោក​យល់​ថា​គោល​ដៅ​ធំ​របស់​យើង​គឺ​សហ​ការ​គ្នា​នៅ​ក្នុង​​ចំណោម​ប្រទេស​ជា​ដៃ​គូ​ពាណិជ្ជ​កម្ម​។

ងាក​មក​មើល​ប្រទេស​ចិន​វិញ​ម្ដង​ បន្ទាប់​ពី​ត្រូវ​លោក​ត្រាំ​ដំឡើង​ពន្ធ​១០%​រួច​មក រដ្ឋាភិ​បាល​ទី​ក្រុង​ប៉េកាំង​ប្រកាស​ខ្លួន​នឹង​ចាត់​វិធាន​ការ​វាយ​បក​វិញ​។ ជា​បឋម​ ប្រទេស​ចិន​ចង់​តតាំង​គ្នា​ផ្នែក​ផ្លូវ​ច្បាប់​ជា​មុន​សិន​​។ ចិន​​នឹង​យក​បញ្ហា​នេះ​ប្ដឹង​ទៅ​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភព​លោក​ (WTO)។ ក្រៅ​ពី​នេះ ប្រទេស​ចិន​ក៏​ត្រៀម​ចាត់​វិធាន​ការ​វាយ​បក​​វិញ​តាម​មធ្យោបាយ​ជា​ច្រើន​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ