ទីក្រុងម៉ូស្គូ៖ កូរ៉េខាងជើងចាប់ផ្ដើមដកកងទ័ពចេញពីតំបន់ខឹសវិញហើយព្រោះមើលទៅពិបាកលេងជាមួយពួកអឺរ៉ុបបន្តិច។ គ្រាន់តែច្បាំងគ្នាប៉ុន្មានខែចុងក្រោយនេះ របបក្រុងព្យុងយ៉ាងបាត់បងជីវិតយុទ្ធជនរបស់ខ្លួនជាច្រើន។ ម៉្យាងទៀត ផែនការរបស់លោកពូទីនដែលចង់វាយបណ្ដេញកងទ័ពអ៊ុយក្រែនឱ្យអស់មុនពេលលោកត្រាំស្បថចូលកាន់តំណែងនោះក៏ក្លាយជារឿងអសារឥតការបាត់ទៅហើយ។ ដូច្នេះ ទោះបីរក្សាទុកកងទ័ពកូរ៉េខាងជើងឱ្យជួយច្បាំងក៏លែងសំខាន់តទៅទៀតដែរ។
មេបញ្ជាការកងទ័ពអ៊ុយក្រែន ឧត្ដមសេនីយ៍អូឡិចសាន់ដឺ ឃីនដ្រាថេនកូ (Oleksandr Kindratenko) ថ្លែងប្រាប់ទូរទស្សន៍ស៊ីអឹនអឹន (CNN) ថាលោកខានឃើញវត្តមានរបស់កងទ័ពកូរ៉េខាងជើងរយៈពេលបីអាទិត្យមកហើយ។ លោកយល់ថាពួកគេទំនងជាដកខ្លួនទាំងបង្ខំចិត្តដោយសារបាត់បង់កម្លាំងប្រយុទ្ធច្រើនពេកគួបផ្សំនឹងការប្រឈមនឹងបញ្ហាពិបាកជាច្រើនទៀត។
ការអះអាងនេះស៊ីសង្វាក់គ្នានឹងរបាយការណ៍ដទៃទៀតដែលថាទាហានកូរ៉េខាងជើងជាច្រើនកងឯកភាពបានដកចេញពីសមរភូមិមុខជាច្រើនកន្លែង។ នេះបើយោងតាមទីប្រឹក្សារបស់លោកហ្សេឡិនស្គី។ អ៊ុយក្រែន និងបស្ចិមប្រទេសប៉ាន់ស្មានថាកូរ៉េខាងជើងបញ្ជូនកងទ័ពទៅរុស្ស៊ីប្រហែល១២០០០នាក់។ ក្នុងនោះ យុទ្ធជនប្រហែល៤០០០នាក់បានស្លាប់ និងរបួស។
កងទ័ពទាំងនោះបញ្ជូនទៅតំបន់ខឺសប្រហែលជានៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ដើម្បីជួយវាយបណ្ដេញកងទ័ពអ៊ុយក្រែនចេញពីទីនោះព្រោះរុស្ស៊ីមិនចង់ដកកម្លាំងដែលកំពុងជាប់ដៃនៅអ៊ុយក្រែនដើម្បីយកទៅចាត់ការកងទ័ពនៅខឺសនោះទេ។ អ៊ុយក្រែនវាយឆ្មក់ចូលខឺសកាលពីខែសីហាដើម្បីហែកកម្លាំងរបស់រុស្ស៊ី។ ប៉ុន្តែរុស្ស៊ីដឹងអំពីល្បិចកលនេះមុន។ ដូច្នេះ កម្លាំងវាយលុករបស់រុស្ស៊ីនៅអ៊ុយក្រែននៅរក្សាទុកដដែល ហើយសុខចិត្តខ្ចីកម្លាំងរបស់កូរ៉េខាងជើងសម្រាប់ទប់ទល់នៅខឺស។
ទោះជាយ៉ាងណាក្ដី ដោយសារសមត្ថភាពកងទ័ពកូរ៉េខាងជើងនៅស្ទើរ។ ដូច្នេះ វាយប្រហារប៉ុន្មានខែនេះហាក់ដូចជាធ្វើអ្វីកងទ័ពអ៊ុយក្រែនមិនបែកទេ។ លោកហ្សេឡិនស្គីថ្លែងថារុស្ស៊ីប្រើកម្លាំង៦ម៉ឺននាក់ គួបផ្សំនឹងកងទ័ពកូរ៉េខាងជើង១២០០០នាក់ទៀតនៅតែមិនអាចវាយកងទ័ពរបស់យើងចេញពីតំបន់ខឺសបានឡើយ។ លោកថាទ័ពកូរ៉េខាងជើង១/៣បានស្លាប់។
សារព័ត៌មានធ្លាប់ចុះផ្សាយថាទាហានកូរ៉េខាងជើងដែលបញ្ជូនទៅខឺសប្រៀបដូចបញ្ជូនទៅឋាននរកដូច្នោះដែរ។ នេះជាសង្គ្រាមស៊ីសាច់ហុតឈាម។ ពួកគេទទួលបញ្ជាដាច់ខាតមិនត្រូវឱ្យអ៊ុយក្រែនចាប់បានទាំងរស់ទេ។ បើទាល់ច្រកខ្លាំង ពួកគេត្រូវតែចុចគន្លឹះគ្រាប់បែកសម្លាប់ខ្លួនឯង។ នៅក្នុងន័យនេះ ទាហានកូរ៉េខាងជើងដែលបាក់ទ័ពអាចនឹងសម្លាប់ខ្លួនឯងក៏មិនតិចនាក់ដែរ។ នៅលើសាកសពរបស់ទាហានកូរ៉េខាងជើង គេរកឃើញលិខិតបណ្ដាំ និងការស្បថសច្ចាប្រណិធានថាស៊ូស្លាប់ក៏ត្រូវតែស្មោះស្ម័គ្របម្រើប្រមុខដឹកនាំកូរ៉េខាងជើងដែលពួកគេចាត់ទុកជាអគ្គមគ្គុទ្ទេសក៍ដ៏ឆ្នើមគ្មានពីរ។
មេបញ្ជាការកងវរសេនាធំអ៊ុយក្រែនដែលស្នើសុំមិនបញ្ចេញឈ្មោះប្រាប់ថាតាមពិតទាហានកូរ៉េខាងជើងទាំងនោះមិនអន់ទេ ។ ពួកជាកងកម្លាំងពិសេសដែលឆ្លងកាត់ការហ្វឹកហាត់កម្រិតកំពូល មានកាយសម្បទាមាំមួន និងនៅក្មេងពេញកម្លាំង។ ក៏ប៉ុន្តែលក្ខណៈសម្បត្តិប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ទេ។ ពួកគេមិនអាចរត់ទាន់សង្គ្រាមសម័យទំនើបដែលប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងយន្តហោះដ្រូនបានឡើយ។ ក្បួនសឹកសង្គ្រាមដែលពួកគេហ្វឹកហាត់នោះចាស់ហួសសម័យទៅហើយ។ ប្រើបានសម្រាប់ទសវត្សទី៨០៕
ចែករំលែកព័តមាននេះ